ជីវិតពិតតួ «រាជបុត្រកង្កែប» ហ៊ានទាំងចាប់ពស់វែក ឡើងភ្នំភ្លើង ជួយម្ដាយលក់ត្រី ដើម្បីយកលុយដោះបំណុលឪពុក

  • 2021-10-21 04:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាតៃវ៉ាន់ Ming Dao ត្រូវ​បាន​គេ​ស្គាល់ច្បាស់ថា​ជា​ តារា​ប្រុស​ដែល​មាន​ទឹក​មុខពេញ​ដោយ​មន្តស្នេហ៍ ហើយកេរ្តិ៍ឈ្មោះរបស់លោក​ហក់ឡើង​ខ្លាំង​ពេលសម្ដែង​រឿង «The Prince Who Turns into a Frog»។ ត្បិតជា​តារា​ជោគជ័យខ្លាំង​ក្នុងអាជីពសិល្បៈ ប៉ុន្តែ​លោក​ក៏មាន​រឿងច្រើនក្នុងជីវិត ហើយ​មិនសប្បាយដូចគ្រប់គ្នា​គិត​ទុក​ទេ។

តាម​ព័ត៌មានចេញ​ផ្សាយ​ Ming Dao កើតមក​ក្នុងគ្រួសារ​អ្នក​ក្រីក្រ ហើយក្នុង​ផ្ទះ​មាន​សមាជិក ៤នាក់ រស់នៅជុំគ្នា​ក្នុង​ផ្ទះ​តូច​មួយ។ ជីវភាព​កាន់តែ​ពិបាក​ខ្លាំង​ឡើង នៅពេល​ដែល​ឪពូក​របស់​លោក​ចាប់ផ្ដើម​ជំពាក់លុយគេច្រើន។

ដោយសារសភាព​គ្រួសារ​តោកយ៉ាក​ពេក ទើប Ming Dao ដែល​ជា​កូន​តូចត្រូវ​ទៅជួយលក់ត្រី​ម្ដាយ​នៅក្នុង​ផ្សារ។ ជីវិត​សិក្សានៅ​វិទ្យាល័យវិញ ស្របពេលមិត្តភ័ក្តិ​គេ​មានស្នេហា សប្បាយ​នឹង​ជីវិតយុវភាព​ ប៉ុន្តែ​ងាក​មក Ming Dao ត្រូវប្រឹង​ប្រែង​រកលុយ ដោយអង្គុយលក់ត្រី​យ៉ាង​ពេញ​ទំហឹង ដើម្បីជួយគ្រួសារ។​

រហូត​ដល់ធំ​ដឹង​ក្ដី​បាន​ចូល​រៀន​សាកលវិទ្យាល័យ លោក​ក៏​ត្រូវ​បាន​គេ​ប្រទះ​ឃើញ ហើយក៏ចាប់ងារម្មណ៍ទាក់ទង​ឲ្យ​មកធ្វើជាពិធីករក្នុង​កម្មវិធី "King of Adventures”។ ធ្វើ​ការ​នេះ​បាន​ ២​ឆ្នាំ តារាប្រុស​កើតឆ្នាំ ១៩៨០ រូបនេះ​ក៏​មានឱកាស​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​ចំនួន ៣០​ ឯណោះ ប៉ុន្តែមិនមែន​ទៅលេងទេ គឺទៅធ្វើការ។

ការងារ​ដែល​លោក​ត្រូវ​ធ្វើ​ គឺ​ប្រថុយ​ខ្លាំង​បំផុត តាំង​ពី​ ចាប់ពស់វែក ឡើង​ភ្នំ​ភ្លើង ហក់ពីទីខ្ពស់ (Bungee Jump) និងការងារ​លក់ជីវិត​ផ្សេង​ទៀត។ គ្រប់យ៉ាង​ដែល​ធ្វើ​ គឺ​ដើម្បី​អាច​បាន​លុយ​មក​ដោះ​បំណុល​របស់​ឪពុក។

ដោយសារ​ការខិតខំ​ប្រឹង​ប្រែងធ្វើការមិនប្រកាន់ខ្លួន ផ្សំនឹង​រូបរាង​ស្អាតបាត និង ទេពកោសល្យ​សម្ដែង​ លោក​ក៏ត្រូវ​​បាន​គេ​ជ្រើស​ឲ្យគេ​សម្ដែង​ក្នុងរឿងជា​បន្តបន្ទាប់។

រូបក្នុងរឿង
រូបក្នុងរឿង

តាំង​ពី​នោះ​មក លោក​ក៏ទទួល​បាន​ការ​គាំទ្រច្រើនឡើងៗ ឯចំណូល​ដែល​រកបាន​ក៏កើនតាមនោះ រហូតអាចមាន​លទ្ធភាពទិញផ្ទះធំឲ្យឪពុកម្ដាយរស់នៅយ៉ាងសមរម្យ។

ប៉ុន្តែ​ជីវិត​នៅផ្សារមិន​ចប់ត្រឹម​នេះ​ទេ ព្រោះយ៉ាង​ណា​ម្ដាយលោកក៏នៅតែទៅលក់ដំឡូងបារាំង រៀងរាល់ថ្ងៃ ព្រោះអ្នកស្រី នឹក​កន្លែង​រកចំណូល នឹក​ការងារមួយនេះ ជាពិសេស​ចង់​ជួបមុខជជែក​លេងជាមួយនឹង​មនុស្សឲ្យបាន​ច្រើន។ ដោយសារឧស្សាហ៍ទៅផ្សារពេល​ទំនេរ ថ្ងៃមួយស្រាប់តែ​មាន​អ្នក​ថត​បាន​ពីសកម្មភាព​ Ming Dao ឈរ​បាំងឆ័ត្រឲ្យម្ដាយ ដែលអង្គុយលក់នៅ​ក្រោម​មេឃភ្លៀង៕​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី