ធ្លាប់ដឹងឬអត់? វត្តមានសត្វក្រៀលឬកុកទេព មាននៅកម្ពុជាតាំងពីមុនប្រាសាទអង្គររាប់ពាន់ឆ្នាំមកហើយ

  • 2021-10-26 10:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បូរសត្វក្រៀល ឬកុកក្រៀល ឬកុកទេព មានជីវិតនៅលើភពផែនដី ជាពិសេសមានប្រវត្តិរស់នៅប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ដោយមានចម្លាក់លើផ្ទាំងប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងនៅតាមប្រសាទបុរាណនានាផ្សេងទៀត។ នេះបើតាមប្រភពឯកសារចងក្រងដោយក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពក្រសួងបរិស្ថាន បានឲ្យដឹងទៀតថានៅប្រទេសកម្ពុជាប្រវត្តិ សត្វក្រៀល មានទំនាក់ទំនងនឹងក្នុងសាសនាព្រាហ្មផង ព្រះពុទ្ធសាសនាផង និងជាមួយជំនឿលើវិញ្ញាណផង។ គេសង្កេតឃើញមានវត្តមានសត្វក្រៀល នៅតាមប្រទេសអាស៊ី ដូចជានៅប្រទេសឥណ្ឌា និងនេប៉ាល់ផងដែរ។ ប្រជាជនទូទៅនៅអាស៊ីនេះ មានជំនឿថាសត្វក្រៀល ឬកុកទេព ឬកុកក្រៀល ជាបក្សីនិមិត្តរូបនាមមកនូវសិរីមង្គល សេចក្តីសុខដុមរមនា ត្រជាក់ត្រជុំ អាយុយឺនយូរសម្រាប់មនុស្សទាំងពួង។ នៅក្នុងគម្ពីរព្រះពុទ្ធសាសនា គឺគម្ពីជាតក(ព្រះវេស្សន្តរ) ក៏មានគាថាខ្លះបានរៀបរាប់រឿងរ៉ាវទាក់ទងនឹង សត្វក្រៀល ឬកុកទេព ។ ព្រះឥន្ទ្រាធិរាជ បានជ្រាបថា សត្វក្រៀលឬកុកទេពនេះ មានរូបឆោម និងសំលេងយ៉ាងពិរោះដូចតន្ត្រីសួគ៌ ក្នុងចំណោមបក្សីទាំងបួន រួមមានៈ ក្រៀល ក្ងោក ហង្ស និងក្ងាន។ ព្រះឥន្ទបានប្រទានពរទី១០ ទៅអតីតព្រះមហេសីរបស់ទ្រង់ថាមានបក្សីសួគ៌ទាំង៣ មាន ក្រៀល ក្ងោក និងក្ងាន សម្រាប់បំពេរសំលេងដំណរអារម្មណ៍ព្រះអង្គនៅពេលព្រះអង្គនឹងអស់និស្ស័យពីឋានទេវលោក ទៅចាប់កំណើតជាមនុស្សលោក។

បច្ចុប្បន្ន សត្វក្រៀលឬកុកទេព មានប្រមាណជិត ២០០ក្បាលនៅកម្ពុជា សត្វក្រៀល ដែលមានឈ្មោះវិទ្យាសាស្ត្ររបស់វាគឺ Antigone antigone sharpii គឺជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបងាយរងគ្រោះ ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។ សត្វកករៀលត្រូវបានដូនតាខ្មែរបានធ្វើរូបចម្លាក់ឆ្លាក់ជាប់នឹងជញ្ជាំងប្រាសាទបាយ័នដែលបង្ហាញថាសត្វក្រៀលនេះមាន វត្តមានជាយូរលង់មកហើយក្នុងប្រទេសកម្ពុជា។ នេះបើតាមការផ្សាយរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជអ្នកនាំពាក្រក្រសួងបរិស្ថាន នៅថ្ងៃទី២៥ តុលា ២០២១នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានឲ្យដឹងទៀតថា យោងតាមការធ្វើជំរឿនសត្វក្រៀលនៅក្នុងឆ្នាំ២០២០ វត្តមានសត្វក្រៀលមានប្រមាណ ១៩៤ក្បាលប៉ុណ្ណោះ។ ចំនួនសត្វក្រៀលមានការធ្លាក់ចុះក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ដោយ សារអត្រាស្លាប់កម្រិតខ្ពស់ និងអត្រាពងកូននៅមានកម្រិតទាប។ លើសពីនេះមានកត្តាគំរាមកំហែងផ្សេងៗដូចជាការបាត់បង់ទីជម្រក ការរំខាននៅទីតាំងពងកូន ការបំពុលដោយថ្នាំពុលកសិកម្ម ការថយចុះនូវប្រភពចំណីអាហារ ការកែប្រែប្រព័ន្ធជលសាស្ត្រ ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម៕

ប្រភព៖ ក្រសួងបរិស្ថាន និង ឯកឧត្តមនេត្រ ភក្ត្រា

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន