លោក លី ឡាយ លើក​ទឹក​ចិត្ត ១គ្រាប់ ១ពាន់ដុល្លារ បើវិសាខាស៊ុតចូលភ្នំពេញក្រោន​ស្អែក​នេះ

  • 2021-11-12 02:20:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានគ្រប់គ្រងអ្នកគាំទ្រក្រុមបាល់ទាត់វិសាខាលោក លី ឡាយ បានប្រកាសផ្ដល់ប្រាក់រង្វាន់ ១គ្រាប់ ១ពាន់ដុល្លារ បើសិនកីឡាករវិសាខាស៊ុតចូលភ្នំពេញក្រោនទុកជាការលើកទឹកចិត្ត។

លោក លី ឡាយ បានបង្ហោះសារលើហ្វេសប៊ុករបស់​ខ្លួនថា ៖«ក្នុងនាមខ្ញុំបាទជាប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់Visakha FC - Pride of Cambodia ខ្ញុំសូមចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាក្លិបបាល់ទាត់ វិសាខា ក្នុងការប្រកួតនៅថ្ងៃទី១៣ ខែវិច្ឆិកា វេលាម៉ោង៣:៣០នាទីរសៀលខាងមុខ ដែលក្លិប វិសាខា យើងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ភ្ញៀវក្លិប ភ្នំពេញក្រោន ខ្ញុំសូមលើកទឹកចិត្តដល់កីឡាករក្លិប វិសាខា យើងស៊ុតបញ្ចូលទីគូប្រកួត( ភ្នំពេញក្រោន) ១គ្រាប់ខ្ញុំជូនចំនួន1000$ ដល់ក្រុមកីឡាករយើង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា:ក្លិបយើងធ្វើបានល្អក្នុងការប្រកួតមួយនេះ»។

ប្រធានគ្រប់គ្រង់ដដែលនេះ បានបង្ហាញភាពជឿជាក់យ៉ាងខ្លាំងថាក្រុមចម្បាំងខៀវ នឹងធ្វើបានល្អក្នុងការប្រកួតដែលនឹងកើតឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ នៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង ៣ និង៣០នាទីរសៀល។

គួរបញ្ជាក់ថា ក្រុមមានឱកាសប្រជែងដណ្ដើមជើងឯកលីគកំពូលកម្ពុជា​រដូវ​កាល​ឆ្នាំ​២០២១​ មានភ្នំពេញក្រោនមាន ៤០ពិន្ទុនៅសល់២ប្រកួត វិសាខាមាន ៣៨ពិន្ទុនៅសល់២ប្រកួត និងព្រះខ័នរាជស្វាយរៀងមាន ៣៦ពិន្ទុនៅសល់២ប្រកួតដូចគ្នា។

នៅ២ប្រកួតចុងក្រោយ ភ្នំពេញក្រោននិងវិសាខា ត្រូវការឈ្នះដាច់ខាតដូចគ្នា ដើម្បីរក្សានិងឡើងកំពូលតារាងលីគកំពូលកម្ពុជា។ បើក្រុមទាំងពីរភ្លាត់​ស្មើ​ឬ​ចាញ់ម្នាក់មួយប្រកួត នោះពួកគេ​នឹងផ្ដល់ក្ដីសង្ឃឹមដល់ព្រះខ័នរាជស្វាយរៀង ព្រោះពីរប្រកួតទៀតរបស់ស្វាយរៀងជួបក្រុមល្មមៗគិរីវង្សសុខសែនជ័យ និងអង្គរថាយហ្គឺរ ខណៈភ្នំពេញក្រោនត្រូវជួបក្រុមម្ចាស់ការពារតំណែងជើងឯក​បឹងកេត។ ចំណែកវិសាខាបន្ទាប់ពីជួបក្រោនស្អែកនេះ ពួកគេនឹងត្រូវប្រកួតជាមួយ TIFFY ARMY។ ដូច្នេះចាំមើលថាតើក្រុមទាំងបី ក្រុមណានឹង​ធ្វើបានល្អជាង?

អត្ថបទ៖ អ៊ុំ សុភក្តិ