លេងបាន៤ដង វ៉ាំង ដាវីន ពេញចិត្តការប្រកួតទល់នឹងណាហ្គាជាងគេ

  • 2021-11-22 04:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយក្លឹបបឹងកេតដំឡើងចូលឈុតធំកាលពីខែមការា ឆ្នាំ២០២១ កីឡាករវ័យក្មេង វ៉ាំង ដាវិន បង្ហាញខ្លួនបានបួនប្រកួតក្នុងពានរង្វាន់សម្ដេចហ៊ុនសែននិងលីគកំពូលកម្ពុជា​។

វ៉ាំង ដាវីដ (ស) និង សំអឿន ពិដោ

បួនប្រកួតនេះខ្សែបម្រើពាក់លេខ២០ បានប្រាប់មកកាន់ Sabay ថា ការប្រកួតរវាងបឹងកេត និងណហ្គាវើលដ៍នៅពានសម្ដេច ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ធ្វើឱ្យ​រូបគេចាប់អារម្មណ៍ និងពេញចិត្តខ្លាំង​បំផុត។ ពេញចិត្តដ្បិតថាក្រុមនាគខៀវជិតអស់ឱកាសឡើងទៅវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ ក្រោយណាហ្គានាំមុខ ២-០ ខណៈការប្រកួតជិតដល់នាទីចុងក្រោយទៅហើយ។

កីឡាករមកពីខេត្តកំពង់ឆ្នាំង បានបង្ហើបថា ៖«ប្រកួតដែលចាប់អារម្មណ៍ជាងគេ ប្រកួតលេងជាមួយណាហ្គា ព្រោះពេលហ្នឹងក្រុមកំពុងត្រូវ​គេនាំមុខ ហើយយើងត្រូវការគ្រាប់មែនទែន ហើយពេលចូល(ដូរ)ទៅ មានអារម្មណ៍ថាភ័យដែរ ព្រោះពេលហ្នឹងពេលលំបាក ហើយប៉ះចូលទៅគេទាត់ចូល១គ្រាប់ទៀត ចឹងអារម្មណ៍យើងកាន់តែអត់សូវនឹងនរ ហើយដល់ពេលយើងអាចរកបានមួយគ្រាប់វិញ យើងមានទំនុកចិត្តកម្លាំងចិត្តឡើងវិញ ហើយខ្ញុំបាន Assist ឱ្យ​បងកា​ទាត់ចូលទៀត យើងអាចតាមស្មើ យើងក៏ឈ្នះបាល់ប៉េណាល់ទី យើងបានឡើងមកវគ្គ Simi-final»។

វឌ្ឍនាកា​អបអរគ្រាប់បាល់​ស៊ុតចូល​ ក្រោយ​ដាវីន​ប​ញ្ជូន​បាល់​ឱ្យ

ក្រុមណាហ្គាវើលដ៍បានស៊ុតចូលបឹងកេតនៅនាទីទី៤ ដោយខ្សែ​បម្រើ​ គួច សុគម្ភៈ និង​ខ្សែ​ប្រយុទ្ធ​ ណុប តុលា នៅនាទីទី៨៥ មុនពេលបឹងកេតរកបាននៅនាទី ៨៩ និង ៩០+៣ ដោយកីឡាករ ចាន់ វឌ្ឍនាកា។

ដាវីនពិតជាសប្បាយរីករាយជាខ្លាំង នៅពេលបាន​លេង​នៅ​ឈុតធំ​ និង​បានបញ្ជូនបាល់ឱ្យ​វឌ្ឍនាកាស៊ុតចូលមួយគ្រាប់នៅនាទី ៩០+៣ ព្រម​ទាំង​ទាត់បាល់ប៉េណាល់ទីចូល១គ្រាប់ទៀត ជួយឱ្យ​បឹងកេតឈ្នះណាហ្គា​ ៨គ្រាប់ ទល់នឹង ៧គ្រាប់ ឡើងវគ្គ៤ក្រុមចុងក្រោយ។

នៅថ្ងៃនេះវេលាម៉ោង៣កន្លះរសៀល ក្រុមនាគខៀវនឹង​បើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ក្រុមវិសាខាក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៥ ថ្នាក់ជាតិឆ្នាំ២០២១។ ក្នុង​ជំនួប​នេះ​​ ដាវីនមានក្ដីសង្ឃឹមបង្ហាញខ្លួនខ្លះៗដែរ ក្រោមការដឹកនាំរបស់លោកគ្រូបង្គោល​ គឹម ភក្ដី។

គួរបញ្ជាក់ថា ក្នុងពានសម្ដេច ហ៊ុន សែន ដាវីនបានលេងទល់នឹងក្រុមសូលទីឡូអង្គរ (ប្ដូរចូល) ក្រុមណាហ្គាវើលដ៍ (ប្ដូរចូល) ចំណែកលីគកំពូលវិញគេជាប់ជម្រើស១១នាក់ទាំងពីលើកគឺលេងទល់អង្គរថាយហ្គឺរ និងភ្នំពេញក្រោនដែល​ជាការប្រកួតបិទរដូវកាលឆ្នាំ២០២១។

ភ្នំពេញក្រោនគ្រងជើងឯកលីគកំពូលកម្ពុជា លេខ២បានលើព្រះខ័នរាជស្វាយរៀង លេខ៣បានលើវិសាខា លេខ៤បានលើណាហ្គាវើលដ៍ ខណៈបឹងកេតជាប់ជាក្រុមលេងគោរពវិន័យល្អ៕

តារាងប្រកួត​ពាន​សម្ដេច ហ៊ុន សែន
តារាង​លេខ​១​ដល់​លេខ​៤ នៃ​ការ​បញ្ចប់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា

អត្ថបទ៖ អ៊ុំ សុភក្តិ