ម៉ុន វ៉ាន់ដា៖ ១គ្រាប់ហ្នឹងផ្ញើជូន Fan ស្វាយរៀងទាំងអស់

  • 2021-11-23 07:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ ម៉ុន វ៉ាន់ដា ដែលត្រូវបានប្ដូរចូលនៅនាទី៧០ជំនួសកីឡាករ ជូ ស៊ិនទិ បានស៊ុតចូលសំណាញ់​ទីភ្នំពេញក្រោនជួយឱ្យ​ព្រះខ័នរាជស្វាយរៀង ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្ររងចាំ​បឹង​កេតឬ​វិសាខា (ប្រកួត​ម៉ោង​៣​រសៀល​នេះ​) ក្នុង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់សម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៥ ឆ្នាំ២០២១។

គ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀងធ្វើបានដោយអតីតកីឡាករបឹងកេតនៅនាទី៨៥។ ជុំវិញគ្រាប់បាល់នេះដែរ វ៉ានដាបានបង្ហាញអារម្មណ៍រីករាយជាខ្លាំង ហើយ​​ផ្ញើគ្រាប់បាល់នេះជូនអ្នកគាំទ្រស្វាយរៀងទាំងអស់។

អតីតខ្សែប្រយុទ្ធក្រុម TIFFY ARMY បានពន្យល់ថា ៖«សប្បាយចិត្តខ្លាំងមែនទែន ដោយសារថាក្រុមរបស់យើងកំពុងតែចាញ់គេ តែដល់ពេលដែលដូរចូលទៅ យើងអាចមានឱកាសស៊ុតចូលគ្រាប់ជ័យជម្នះឱ្យ​ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយមួយគ្រាប់ហ្នឹង ផ្ញើជូនហ្វេនស្វាយរៀងទាំងអស់ ហើយសង្ឃឹមថាឡើងវគ្គផ្ដាច់ព្រ័ត្រ (យើង) ធ្វើបានល្អ»។

ចាំបានថាកាលពីឆ្នាំ២០១៩ កីឡាករវ័យក្មេងរូបនេះបានស៊ុតចូលក្រុមជើង​ខ្លាំង​វិសាខា នាំបឹងកេតទៅកាន់​វគ្គផ្ដាច់ព្រ័ត្រ និងឈ្នះពានសម្ដេច​ ខណៈឆ្នាំ២០២១នេះ គេបានស៊ុតចូលភ្នំពេញក្រោន នាំស្វាយរៀងទៅវគ្គផ្ដាច់ព្រ័ត្រដូចគ្នា​។ ចាំមើលថាតើ ម៉ុន វ៉ាន់ដា អាចជាតារាងនាំសំណាងអាចជួយស្វារៀង​​ឈ្នះពានរង្វាន់សម្ដេចរដូវកាលនេះ បានដូចកាលគេនៅបឹងកេតឬយ៉ាងណា។

គួរបញ្ជាក់ថា រដូវកាលនេះគេបានបង្ហាញខ្លួនបាន៣លើកក្នុងពានរង្វាន់សម្ដេច និង​ស៊ុតចូលបាន៣គ្រាប់ ពោលស៊ុត​កោះកុង២គ្រាប់ និងភ្នំពេញក្រោន១គ្រាប់។ ចំណែកការប្រកួតប្រជែងក្នុងលីគ គេមិនទាន់បានបង្ហាញខ្លួននៅឡើយទេ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី