ញ៉ាក់សាច់! ម៉ាស៊ីនកំពូលល្បឿន Ferrari Enzo មានដាក់លក់អនឡាញ

  • 2021-12-23 01:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ferrari Enzo ជាកំពូលរថយន្ត Hypercar របស់ក្រុមហ៊ុនយក្សរបស់ប្រទេសអ៊ីតាលី ដែលមានប្រហែលតែជាង ៤០០ គ្រឿងប៉ុណ្ណោះនៅក្នុងពិភពលោក ដែលរថយន្តនេះត្រូវបានផលិតក្នុងកំឡុងឆ្នាំ ២០០២ ដល់ ២០០៤។

បើនិយាយពីតម្លៃវិញ កំពូលរថយន្តល្បឿនលឿនមួយនេះ អាចរកទិញបានដោយមានតម្លៃចាប់ពី ២ លានដុល្លារអាមេរិក ឡើងទៅ។ បើគិតតាមតម្លៃនេះ អ្នកអាចទិញបាន Ferrari LaFerrari ស៊េរីថ្មី របស់ក្រុមហ៊ុនរូបសេះនេះបាន។

ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ គេឃើញមានគណនីមួយនៅក្នុងគេហទំព័រ eBay បានដាក់លក់ ម៉ាស៊ីនរថយន្ត Ferrari Enzo ក្នុងតម្លៃ យ៉ាងខ្ពស់មួយ ៣៧៥ ០០០ ដុល្លារអាមេរិក។

នេះជាតម្លៃមួយដ៏ខ្ពស់បើគិតសម្រាប់ម៉ាស៊ីនរថយន្ត ព្រោះត្រឹមតម្លៃប៉ុននេះ អ្នកអាចទិញបាន Rolls Royce Cullinan ប្រភេទ Half-Full Option បាត់ទៅហើយ ហើយអាចទិញបាន Ferrari 812 Superfast និង Porsche 911 GT2 RS ថ្មីបានទៀតផង (តម្លៃលើទីផ្សារបរទេស)។

និយាយពីលក្ខណៈបច្ចេកទេសរបស់ម៉ាស៊ីនរថយន្ត Ferrari Enzo នេះវិញ គឺវាជាម៉ាស៊ីនប្រភេទ V មាន ១២ ស៊ីឡាំង (V12) ទំហំ ៦ លីត្រ ដែលមានកម្លាំងដល់ទៅ ៦៥១ សេះ និងអាចបង្កើនកម្លាំងរមួលបានដល់ ៤៨៥ ផោន/ហ្វីត។

ការបង្កើនល្បឿនពី ០-១០០ គ.ម/ម៉ ប្រើពេល ៣,៦៥ វិនាទី ហើយវាមានល្បឿនអតិបរមាដល់ទៅ ៣៥០ គ.ម/ម៉។

ក្នុងពេលបច្ចុប្បន្ននេះ មិនទាន់មាននរណាបង្ហាញចំណាប់អារម្មណ៍ទៅលើម៉ាស៊ីនរបស់ Ferrari Enzo Hypercar ដែលជិះបានត្រឹមខ្ទង់ ១ ៥០០ គ.ម មុនពេលដែលគេកាត់ចេញយកមកលក់ដាច់តែឯងនេះទេ។

ដូចេ្នះ បើប្រិយមិត្តមានចំណាប់អារម្មណ៍ អ្នកអាចឆែករកមើលទិញក្នុងគេហទំព័រ eBay បាន។

ប្រភព៖ carscoops   ប្រែសម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី