ខ្សែ​ប្រយុទ្ធ Ajayi៖ ខ្ញុំ​កំពុង​អន្ទះសារ​ក្នុង​ការ​ចាប់​ផ្ដើម​ជាមួយ​ក្រុម (បឹងកេត)

  • 2022-01-14 04:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លីគ​កំពូល​កម្ពុជា MCL រដូវ​កាល​ឆ្នាំ​២០២២​នេះ ប្អូន​ប្រុស​បង្កើត​របស់ Gbanga គឺ​ខ្សែ​ប្រយុទ្ធ​ដ៏​ល្អ​ Ajayi Opeyemi korede បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប​អ្នក​មាន​វិសាខាទៅ​ចូល​រួម​ជាមួយ​ក្លឹប​​ជើង​ខ្លាំង​បឹង​កេត។ មក​ដល់​ទឹក​ដី​ក្រុម​នាគខៀវ​ Ajayi បាន​បង្ហាញ​អារម្មណ៍រីករាយ និង​​អន្ទះសារ​​ចង់​លេង​ជាមួយ​ក្រុមជា​ខ្លាំង​។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ក្រុម​ការងារ​បឹង​កេត អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប​អាស៊ីអឺរ៉ុប​យូណាធីត បាន​បញ្ជាក់​បែប​នេះ​ថា ៖«ខ្ញុំ​ពិត​ជា​រីករាយ​ណាស់​ដែល​បាន​ចូល​រួម​ជាមួយ​ក្លឹប​បឹង​កេត ហើយ​ខ្ញុំ​កំពុង​អន្ទះសារ​ក្នុង​ការ​ចាប់​ផ្ដើម​ជាមួយ​ក្រុម។ បឹងកេត​ជា​ក្លឹប​ល្អ​មួយ​ហើយ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្លឹប»។

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា ក៏​បាន​ឱ្យ​ដឹង​ពី​​អាជីព​របស់​គេ​នៅ​កម្ពុជា​ដែរ​ថាមាន​ដំណើរ​ការ​ល្អ ហើយ​ការ​សម្រប​ខ្លួន​ទៀត​សោតមិន​មាន​បញ្ហា​អ្វីចោទ​​ឡើយ។ ការ​ណ៍ទៅ​ចូល​រួម​ជាមួយ​ក្លឹប​​មាន​មូល​ដ្ឋាន​នៅ​បឹង​ស្នោរ Ajayi ចង់​ជួយ​ឱ្យ​ក្លឹប​ទទួល​បាន​ជោគជ័យ និង​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ។

មក​ទល់​នឹង​ពេល​នេះ​កីឡាករ​ខាង​លើ​ បាន​​ហ្វឹកហាត់​ជាមួយ​ក្លឹប​​ពីរ​ថ្ងៃ​ហើយ ហើយ​រូប​គេ​ពិត​ជា​សប្បាយ​ចិត្តដែល​ថ្នាក់​ដឹកនាំ ក្រុម​ការងារ​គ្រូបង្វឹក​កីឡាករ​បឹង​កេត​ ស្វាគមន៍​រូប​គេ​យ៉ាង​កក់​ក្ដៅបំផុត​។

គួរ​បញ្ជាក់​ថា​ Ajayi ចូល​លេង​ឱ្យ​ក្លឹប​ AEU នៅ​ឆ្នាំ​២០១៩ រួច​ក៏​ចាកចេញ​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​បាល់​ទាត់​វិសាខា ខណៈ​ឆ្នាំ​នេះ​គេ​​បាន​ផ្លាស់​ទៅ​ទ្រនំ​ថ្មី​បឹង​កេត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម