មក​ស្គាល់​ពី​ក្លឹប​បាល់ទាត់​មួយ​ចំនួន​ដែល​លេង​នៅ​លីគ​បរទេស

  • 2022-01-24 13:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសព្វថ្ងៃនេះ ជាក់ស្ដែងមាន​ក្លឹប​ច្រើន​ណាស់​ជុំ​វិញ​ពិភពលោក​ដែល​មិនលេងនៅលីគរបស់ខ្លួន បែរទៅ​ជា​លេងនៅលីគបរទេស​ទៅ​វិញ ដោយសារ​តែ​លីគ​របស់​ខ្លួន​នៅ​ខ្សោយ ឬ មិន​មាន​ភាព​ប្រកួត​ប្រជែង​គ្រប់គ្រាន់។ ប៉ុន្តែ​ថ្ងៃ​នេះ​ដែរ Sabay ចង់​បង្វែរ​ចំណាប់​អារម្មណ៍​ប្រិយមិត្ត​មក​ស្គាល់​ពី​ក្លឹប​ល្បី​ឈ្មោះ​នៅ​ទ្វីប​អឺរ៉ុប​មួយ​ចំនួន ដែល​លេង​នៅ​លីគ​បរទេស៖

ក្លឹប Cardiff City និង​ក្លឹប Swansea (វេល លេង​នៅ អង់គ្លេស)៖ ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ឮ​ឈ្មោះ​ក្លឹប​ទាំង​ពីរ​នេះ​ហើយ ប្រសិន​បើ​តាម​ដាន​លីគ​កំពូល​អង់គ្លេស Premier League។ តាម​ពិត​ទៅ​ក្លឹប​ទាំង​ពីរ​នេះ មាន​មូលដ្ឋាន​នៅ​ដែនដី​វេល​ទេ។ វេល​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចក្រភព​អង់គ្លេស ដោយ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ដាច់​ដោយ​ឡែក​ជា​ច្រើន ដោយ​ក្នុង​ប្រព័ន្ធ​បាល់ទាត់​ក៏​ខុស​គ្នា​ដែរ។ យ៉ាងណាមិញ ក្លឹប​ទាំង​ពីរ​ជ្រើសរើស​លេង​នៅ​ក្នុង​​ប្រព័ន្ធ​អង់គ្លេស (England) អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។

ក្លឹប AS Monaco (ម៉ូណាកូ លេង​នៅ បារាំង)៖ ក្លឹប​ Monaco ជា​ក្លឹប​ដ៏​ល្បី​មួយ​ប្រចាំ​ Ligue 1 របស់​បារាំង ដោយ​ក្លឹប​នេះ​ធ្លាប់​ឈ្នះ​ពាន​លីគ​កំពូល​បារាំង ៨ដង ហើយ​ក៏​ធ្លាប់​ឈ្នះ​ពាន​ក្នុង​ស្រុក​ផ្សេងៗ​ទៀត​របស់​បារាំង​ផង​ដែរ ហើយ​ថែម​ទាំង​ធ្លាប់​ឡើង​លេង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League កាល​ពី​ឆ្នាំ២០០៤ ទៀត​ផង​។ បុរី​ក្សត្រ​ម៉ូណាកូ ជា​ប្រទេស​ឯករាជ្យ​មួយ​ដាច់​ដោយ​ឡែក​ពី​ប្រទេស​បារាំង ដោយ​ប្រទេស​នេះ​ជា​សមាជិក​អង្គការ​សហប្រជាជាតិ និង​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​ច្រើន​រាប់​ទាំង​កម្ពុជា​ទៀត​ផង​។

ក្លឹប Andorra (អង់ដូរ៉ា លេង​នៅ បារាំង)៖ ក្លឹប​បាល់ទាត់​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​អង់ដូរ៉ា តែ​លេង​នៅ​ប្រព័ន្ធ​លីគ​អេស្ប៉ាញ។ ក្លឹប​នេះ​ដែរ​ជា​ក្លឹប​របស់​ខ្សែ​ការពារ​ Barcelona កីឡាករ Gerard Piqué។ អង់ដូរ៉ា​ជា​ប្រទេស​មាន​ទំហំ​តូច​ជាង​រាជធានី​ភ្នំពេញ ស្ថិត​នៅ​ចន្លោះ​អេស្ប៉ាញ និង​បារាំង៕

អត្ថបទ៖ សេរី មង្គល