សរសើរ! បេន និងគ្រួសារ ប្រើវិធីឆ្លាតវៃ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ
- 2022-02-04 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សរសើរ! បេន និងគ្រួសារ ប្រើវិធីឆ្លាតវៃ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ
ចន្លោះមិនឃើញ
អង្គការអនាគតរបស់យើង (OF) បានចាប់ផ្តើមកម្មវិធីមួយដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តព្រះវិហារនាឯប្រទេសកម្ពុជា តាមរយៈការចែកចាយកូនស្វាយចន្ទីជាង 60,000 ដល់ប្រជាកសិករ។ កម្មវិធីនេះព្យាយាមបង្ហាញដល់កសិករ និងអ្នកភូមិនូវវិធីផ្សេងៗគ្នា និងជួយពួកគេការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទាំងមូល។
លោក បេន ដាវីស ជនជាតិអាមេរិកាំងអ្នកការពារព្រៃឈើកម្ពុជា ដែលទើបត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់ជូនផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារថ្មីៗ ប្រាប់ថា បច្ចុប្បន្នលោក មានកម្មវិធីមួយចំនួនផ្ដល់ជូនប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីឲ្យការងារការពារព្រៃឈើរបស់លោកមានប្រសិទ្ធភាព។
“បច្ចុប្បន្នយើងមានកម្មវិធី៣សម្រាប់ការកាត់បន្ថយការរុករានព្រៃរបស់ប្រជាជនក្នុងតំបន់នេះ។កម្មវិធីទាំងបីនេះសំខាន់ណាស់ ប្រសិនអត់មួយណាក៏មិនអាចទទួលបានប្រសិទ្ធិភាពដែរ។”
កម្មវិធីទាំង៣នោះ មាន៖ ទី១គឺផ្តល់ការអប់រំ ដើម្បីឱ្យពួកគេយល់ដឹងពីសារៈប្រយោជន៍ព្រៃឈើ។ ទី២គឺ កម្មវិធីអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព។ ទី៣ គឺជួយឱ្យប្រជាជនមានចំណូលបន្ថែមតាមរយៈការប្រកបរបរផ្សេងៗ ដោយមិនកាប់បំផ្លាញព្រៃឈើ។
“យើងបានជួយឧបត្ថម្ភ កូនដើមស្វាយចន្ទីដល់ប្រជាជនព្រោះខ្ញុំយល់ថា ប្រសិនជាយើងមានដើមឈើច្រើនអាចនឹងល្អសម្រាប់បរិស្ថាន អាចជួយដល់ការបម្រែបម្រួលអាកាសធាតុ។ ទាំងឆ្នាំមុននិងឆ្នាំនេះយើងបានឧបត្ថម្ភកូនស្វាយចន្ទីចំនួន ៦០ ០០០ដល់ប្រជាជនក្នុងសហគមន៍ ដែលមាន៤ភូមិសម្រាប់ឆ្នាំមុន និង ៧ភូមិសម្រាប់ឆ្នាំនេះ។”
ចន្ទី គឺជាប្រភេទដំណាំតែមួយ ដែលត្រូវបានផ្ដល់ជូនទៅប្រជាកសិករក្នុងតំបន់។ ហេតុផលគឺថា ចន្ទី ជាដំណាំដែលមានដាំច្រើននៅទីនោះស្រាប់។ "ដូច្នេះយើងក៏ឧបត្ថម្ភកូនស្វាយចន្ទីអោយពួកគាត់។ ប្រិសនជាយើងឧបត្ថម្ភអ្វីផ្សេង យើងត្រូវចំណាយពេលច្រើនដើម្បីបង្រៀនពួកគេ ហើយត្រូវរកទីផ្សារអោយពួកគេថែមទៀត។ ស្វាយចន្ទីមានទីផ្សាររួចហើយនៅទីនេះ ចឹងទើបយើងបន្តធ្វើវា។” លោកស្រី Sharyn Davis នាយកអង្គការ OFO។
លោកស្រីបន្តថា៖ “សម្រាប់ប្រជាជនដែលរស់នៅទីនេះ ហើយជិតតំបន់ការពារ នៅពេលដែលពួកគេរវល់ច្រើនទៅលើការមើលថែចម្ការស្វាយចន្ទីរបស់ពួកគេ នោះពួកគេនឹងមិនទៅកាប់បំផ្លាញព្រៃដែលយើងការពារនោះទេ។”។
ដូចនឹងការរំពឹងទុក្ខ តាមរយៈកិច្ចការនេះ បានកែប្រែទម្លាប់កាប់បំផ្លាញព្រៃឈើខ្លះៗរបស់ពលរដ្ឋក្នុងតំបន់។ អ្នកស្រី យ៉ាត វ៉ាន់ ជាកសិករ បានថ្លែងថា៖ “គាត់អោយធ្វើចម្ការចន្ទីតែក្នុងតំបន់ដែលក្រៅពីតំបន់ការពារតែប៉ុណ្ណោះ។ ក្រោយពីទទួលបានកូនស្វាយចន្ទីមក កសិករមានការរវល់ច្រើនក្នុងការដាំដុះ ដូច្នេះការកាប់បំផ្លាញព្រៃឈើក៏មានការថយចុះច្រើន។ ពីមុនមកខ្ញុំក៏ជាអ្នកកាប់បំផ្លាញព្រៃឈើផងដែរ តែបច្ចុប្បន្នគឺខ្ញុំបានឈប់ហើយ ព្រោះខ្ញុំរវល់ច្រើនជាមួយចម្ការរបស់ខ្ញុំ”។
ក្រៅពីបេសកកម្មការពារព្រៃឈើ កម្មវិធីខាងលើ ក៏គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ ព្រោះវានឹងរារាំងការកាប់បំផ្លាញព្រៃឈើ។ ទោះជាយ៉ាងណាក្តីនាយកអង្គការ OFO នៅតែបង្ហាញក្តីបារម្ភថា ទោះបីជាមានការប្រឹងប្រែងដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើក៏ដោយ ក៏នៅមានមនុស្សមួយចំនួននៅតែងាកទៅរកការកាប់ដើមឈើដោយបំពានច្បាប់ដែរ៕
ផ្ដល់សិទ្ធិដោយ៖ A24