អីយ៉ាស់! ជិតបានឃើញឡាន SUV ទីមួយរបស់ Ferrari ហើយ ពិសេសប្រើម៉ាស៊ីនដូចឡានស្ព័រទៀត
- 2022-02-07 07:48:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ាស់! ជិតបានឃើញឡាន SUV ទីមួយរបស់ Ferrari ហើយ ពិសេសប្រើម៉ាស៊ីនដូចឡានស្ព័រទៀត
ចន្លោះមិនឃើញ
យើងធ្លាប់តែបានឃើញរថយន្តរបស់ក្រុមហ៊ុនលំដាប់ពិភពលោក Ferrari ជាប្រភេទរថយន្តស្ព័រ supercar តែប៉ុណ្ណោះ ប៉ុន្តែប្រហែលជាមិនយូរទៀតទេ យើងនឹងបានឃើញរថយន្តប្រភេទ SUV របស់ក្រុមហ៊ុនអ៊ីតាលីមួយនេះជាមិនខាន។
Ferrari បានប្រកាសថា នឹងចាប់ផ្តើមរថយន្ត SUV ដំបូងរបស់ខ្លួនគឺម៉ូដែល Purosangue នៅឆ្នាំ២០២២នេះហើយ បន្ទាប់ពីដំណឹងនេះត្រូវបានគេដឹងឮតាំងពីឆ្នាំ២០១៨មកម្លេះ ហើយក៏មានរូបភាពបែកធ្លាយជាបន្តបន្ទាប់ដែរ។ ជាមួយគ្នានោះ ក្រុមហ៊ុនក៏គ្រោងចេញលក់វានៅឆ្នាំក្រោយ។
គេជឿជាក់ថា រថយន្តនេះ នឹងប្រើម៉ាស៊ីន Twin Turbo V8 Plug-in Hybrid ដូចនឹងរថយន្តស្ព័រ SF90 Stradale ដែរ។ វាក៏នឹងមានជម្រើសម៉ាស៊ីន V12 ឬ V6 Hybrid ដូចរថយន្តស្ព័រ 296 GTB ផងដែរ។
ការចាប់ផ្តើមផ្តោតទៅលើការផលិតរថយន្ត SUV របស់ Ferrari បន្ទាប់ពីបានសង្កេតឃើញថា រថយន្តប្រភេទនេះ កំពុងទទួលបានការពេញនិយមខ្លាំង។ មិនតែប៉ុណ្ណោះ គូប្រជែងរបស់ Ferrari ដូចជា Lamborghini និង Aston Martin សុទ្ធតែមានចំនួនលក់ SUV កើនឡើង។
ក្នុងឆ្នាំ២០២១កន្លងទៅ ការលក់រថយន្តរបស់ Lamborghini ជិត៦០% នៅទូទាំងពិភពលោក គឺជាម៉ូដែល Urus ដែលជាប្រភេទ SUV ប្រមាណជាង ៥ពាន់គ្រឿង។ ចំណែក Aston Martin វិញក៏ទទួលបានចំនួននៃការលក់កើនឡើង ៨២%ផងដែរ ដែលជាការរួមចំណែកដ៏ធំពីម៉ូដែល DBX៕