ឃើញរាងច្បាស់ចែស ឡាន SUV ដំបូងរបស់ Ferrari
- 2022-02-22 07:40:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញរាងច្បាស់ចែស ឡាន SUV ដំបូងរបស់ Ferrari
ចន្លោះមិនឃើញ
បន្ទាប់ពីលេចឮដំណឹងជាច្រើនអំពីរថយន្ត SUV ដំបូងរបស់ក្រុមហ៊ុនអ៊ីតាលី Ferrari ស្រាប់តែពេលនេះគឺមានការលេចធ្លាយនូវរូបភាពពិតប្រាកដរបស់រថយន្តនេះ មុនបង្ហាញជាផ្លូវការ ដោយរូបភាពនេះ ត្រូវគេថតបាននៅរោងចក្រផលិតរបស់ Ferrari។
រថយន្ត SUV នេះ ត្រូវបានគេដឹងថាគឺជាម៉ូដែល Purosangue ដែល Ferrari បានប្រកាសកាលពីពេលថ្មីៗនេះ ដោយបញ្ជាក់ថា វានឹងផលិតក្នុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចេញលក់នៅឆ្នាំ២០២៣។
គួរដឹងថា Ferrari បានប្រកាសចូលរួមប្រជែងក្នុងសមរភូមិរថយន្ត SUV តាំងពីឆ្នាំ២០១៨មកម្ល៉េះ ហើយក៏មានរូបភាពលេចធ្លាយជាបន្តបន្ទាប់ផងដែរ។ ទើបតែពេលនេះ គេបានឃើញយ៉ាងច្បាស់នូវរូបរាងខាងមុខ និងខាងក្រោយនៃរថយន្ត SUV នេះ ពោលគឺមានរូបភាពតែ២នេះគត់។
បើតាមរូបភាពឃើញថា ទោះវាជា SUV តែនៅរក្សាទ្រង់ទ្រាយបែបស្ព័រដដែល ដោយចង្កៀងមុខបែកជាពីរ ហើយប៉ាណាស្ថិតផ្នែកខាងក្រោមជាប់កាង ពោលគឺការឌីហ្សាញផ្នែកខាងមុខនេះ ផ្អែកលើរថយន្ត SF90 Stradale។ ឯផ្នែកខាងក្រោយ វាមានចង្កៀង២ ហើយកាង និងបំពង់ស៊ឺមាំង គឺស្រដៀងនឹងរថយន្ត GT Roma។
គេជឿជាក់ថា រថយន្តនេះ នឹងប្រើម៉ាស៊ីន Twin Turbo V8 Plug-in Hybrid ដូចនឹងរថយន្តស្ព័រ SF90 Stradale។ វាក៏នឹងមានជម្រើសម៉ាស៊ីន V12 ឬ V6 Hybrid ដូចរថយន្តស្ព័រ 296 GTB ផងដែរ។
ការចាប់ផ្តើមផ្តោតទៅលើការផលិតរថយន្ត SUV របស់ Ferrari បន្ទាប់ពីបានសង្កេតឃើញថា រថយន្តប្រភេទនេះ កំពុងទទួលបានការពេញនិយមខ្លាំង។ មិនតែប៉ុណ្ណោះ គូប្រជែងរបស់ Ferrari ដូចជា Lamborghini និង Aston Martin សុទ្ធតែមានចំនួនលក់ SUV កើនឡើង៕