បង្ហាញវត្តមានជាថ្មីលើទឹកដីកំណើត ម្ចាស់ស្នាដៃរឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់​ខ្ញុំ» បានពោលពាក្យមួយឃ្លានេះ

  • 2022-02-23 03:32:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងដំណើរបេសកកម្មរបស់អ្នកស្រី Angelila Jolie គេក៏បានចាប់អារម្មណ៍នូវវត្តមានរបស់ស្ត្រីម្នាក់ ដែលប្រជាជនខ្មែរចាំយ៉ាងច្បាស់ថា ជាអ្នកនិពន្ធរឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់​ខ្ញុំ» ដ៏ល្បីកក្រើកកាលពីឆ្នាំ ២០១៧។

អ្នកស្រី អ៊ឹង លឿ​ង បានបង្ហាញវត្តមានជាថ្មី ក្រោយចាកចេញពីកម្ពុជាចុងក្រោយបំផុតក្នុងឆ្នាំ ២០១៧ ហើយ ៥ឆ្នាំក្រោយកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ អ្នកស្រីបានអញ្ជើញមកប្រទេសកម្ពុជាម្ដងទៀតជាមួយកំពូលតារាសម្ដែងហូលីវូត Angelila Jolie ។ នៅលើគណនីហ្វេសបុករបស់អ្នកស្រី អ៊ឹង លឿ​ង បានសរសេរសារខ្លីមួយកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ ថា៖ «Chump reap sur from Cambodia! After five years of missing Srok Khmer I am finally back» ដែលមានន័យថា «ជំរាបសួរពីប្រទេសកម្ពុជា! បន្ទាប់ពី ៥ឆ្នាំក្រោយនៃការនឹករឮកស្រុកខ្មែរ ទីបំផុតខ្ញុំក៏បានត្រឡប់មកសារជាថ្មី» ។

រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ារបស់​ខ្ញុំ» គឺជាសាច់​រឿង​ដែល​សម្រួល​ចេញ​ពី​ចងចាំ​ដ៏​ឈឺ​ចាប់​របស់​អ្នកស្រី លឿ​ង អ៊ឹង អ្នក​និពន្ធ​សៀវភៅ និង​សកម្មជនការពារ​សិទ្ធិ​មនុស្ស ដែល​បាន​រួច​ផុត​ជីវិត​ពី​របប​ខ្មែរ​ក្រហមនេះបាន​ចាក់​បញ្ចាំង​នៅ​ខេត្ត​សៀមរាប​​ បាត់ដំបង និងរាជធានីភ្នំពេញ កាលពីខែ កុម្ភៈ ឆ្នាំ២០១៧ ។

គួរបញ្ជាក់ថា អ្នកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី ២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។

ក្នុងបេសកកម្មនេះ លោកស្រី Angelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។ ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕