បែកគ្នា ២៥ឆ្នាំ ទើប​ជួប​ក្នុង​វ័យជ្រេរៀងៗខ្លួន ក្នុងឆ្នាំ​២០២៤ ប៉ុន្ដែម៉ាក់ថឺង និងមើយចឺយ នៅ​តែផ្អែមល្ហែម

  • 2024-04-26 04:15:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​ជើង​ចាស់ បេ វណ្ណារ៉ា និង​អ្នកនាង ព្រំ រដ្ឋា ទើប​បាន​ជួបគ្នា​ជា​លើក​ដំបូង បន្ទាប់​ពី​អាក់ខាន​ជួប​មុខ​គ្នា និង​បាន​ប៉ះដៃគ្នា​ក្នុង​នាម​ជា​ដៃគូសម្ដែង​យ៉ាង​សក្ដិសម​ក្នុង​ខ្សែភាពយន្ដ​ចម្រៀង "ម៉ាក់ថឺង" ដែល​ល្បី​ខ្លាំង​កាល​ពី​អំឡុង​ឆ្នាំ​២០០១។

តាម​រយៈ​ជំនួប​ពិសា​អាហារ​សាមគ្គី​ជាមួយ​សិល្បករ-សិល្បការិនី និង​សម្ដេច​នាយក​រដ្ឋមន្ដ្រី កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ឆ្នាំ​២០២៤ បាន​បើក​ឱកាស​ឲ្យ​អតីត​តារាសម្ដែង​ទាំង​ពីរដួង​នេះជួប​គ្នា។ ក្នុងឱកាស​នោះ​អ្នក​ទាំង​ពីរ​​ បាន​ជួប​ជជែក​គ្នាលេង ពិសាអាហារ​ជាមួយ​គ្នា ព្រមទាំងបាន​ថត​រូប​ទុកជា​អនុស្សាវរីយ៍​ជាមួយ​គ្នា​ទៀត​ផង។

សម្រាប់​ម្ចាស់​ផលិតកម្ម PR អ្នកនាង ព្រំ រដ្ឋា ដែល​បានដើរ​តួ​មើយចឺយ បាន​បង្ហោះ​សារ​ដោយ​មាន​ភ្ជាប់​រូប​ថត​ពីរ​សន្លឹក​បង្ហាញ​ពី​ការ​រាក់ទាក់​របស់ខ្លួនជាមួយ​អតី​ត​ដៃគូសម្ដែង គឺ​លោក បេ វណ្ណារ៉ា ថា៖ "គិតថា ១៥ឆ្នាំ តាមពិត ២៥ឆ្នាំ​បែកបងម៉ាក់ថឺង"។ ឆ្លើយតប​នឹង​សារ​នេះ លោក បេ វណ្ណារ៉ា ក៏​បាន​ចូល​ឆ្លើយតប​យ៉ាង​ខ្លី​វិញ​ថា៖ "អរគុណ អូន មឺយ ជឺយ ជូនពរមានសុខភាព ល្អ​អាយុវែង"។

បើ​ទោះ​បី​ជា​តារា​សម្ដែង​ទាំង​ពីរ​ដួង​មាន​វ័យជ្រេ ប៉ុន្ដែ​ពួកគាត់​នៅ​តែ​មាន​សម្រស់​ស្រស់ស្អាត ហើយ​នៅ​មាន​លទ្ធភាព​បាន​ច្រើន។ ប៉ុន្ដែ​បច្ចុប្បន្ន​អ្នកនាង ព្រំ រដ្ឋា រវល់​នឹង​ការងារ​រកស៊ី និង​គ្រប់គ្រង​ផលិតកម្ម​ផ្ទាល់​ខ្លួន ហើយ​លោក បេ វណ្ណារ៉ា វិញ ក៏​រវល់​នឹង​ការងារ​ផ្ទាល់​ខ្លួន ហើយ​ឆ្លៀត​ទទួល​បាន​ការងារ​សិល្បៈ​ខ្លះៗ​ផង​ដែរ៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី