កាំភ្លើង​ធំ​ឈរ​លេខ ១ ប៉ុណ្ណោះ​អាសន្ន ហើយ​តាម​ប្រកិត​ពី​ក្រោយ​ដោយ​ Man City

  • 2024-04-26 13:14:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​លីគ​ធំៗ​ដូច​ជា​អាល្លឺម៉ង់ និង​អ៊ីតាលី​រក​ឃើញ​ម្ចាស់​ពាន​ទៅ​ហើយ​នោះ លីគ​កំពូល​អង់គ្លេស​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ក្ដៅ​គគុក ដោយ​បណ្ដា​ក្លឹប​កំពូល​តារាង​កំពុង​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង។

ក្នុង​លីគ​កំពូល​អង់គ្លេស មាន ២០ ក្រុម ហើយ​មួយ​រដូវ​កាល​មាន​ប្រកួត​សរុប ៣៨ ប្រកួត។

បច្ចុប្បន្ន ក្លឹប​កាំភ្លើង​ធំ​ Arsenal កំពុង​ឈរ​លេខ ១ ជា​ប៉ុណ្ដោះអាសន្ន​ដោយ​មាន ៧៧ ពិន្ទុ ក្រោយ​លេង​ប្រកួត​លីគ​កំពូល​ចំនួន ៣៤ ប្រកួត ក្នុង​រដូវ​កាល​ ២០២៣/២០២៤ នេះ។ ក្នុង​នោះ​ក្លឹប​ឈ្នះ ២៤ ប្រកួត ស្មើ ៥ ដង និង​ចាញ់ ៥ លើក។ ៤ ប្រកួត​ចុង​ក្រោយ​ដែល កាំ​ភ្លើង​ធំ​ត្រូវ​ប៉ះ​គឺ Tottenham Hotspur ក្លឹប Bournmouth ក្លឹប Manchester United និង​ក្លឹប Everton។

តាម​យ៉ាង​ប្រកិត​ពី​ក្រោយ Arsenal គឺ​ក្លឹប​ជើង​ឯក​ Manchester City ដែល​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ដោយ​មាន​ពិន្ទុ​សរុប ៧៦ ពិន្ទុ បន្ទាប់​ពី​លេង​ ៣៣ ប្រកួត។ នេះ​មាន​ន័យ​ថា Man City កំពុង​មាន​ប្រៀប​លើ Arsenal ដោយ​ក្លឹប​កំពុង​មាន ១ ប្រកួត​ក្នុង​ដៃ។ ប្រសិន​បើ​យក្ស​មេឃ​ខៀវ​យក​ឈ្នះ​ប្រកួត​នោះ ក្លឹប​នឹង​ឡើង​ទៅ​ឈរ​កំពូល​តារាង ដោយ​លើស​ Arsenal ចំនួន ២ ពិន្ទុ។ ប្រកួត​ចុង​ក្រោយ​ទាំង ៥ របស់ Manchester City គឺ ក្លឹប Nottingham Forest ក្លឹប Wolves ក្លឹប Fulham ក្លឹប Spurs និង​ក្លឹប West Ham។

ដោយ​ឡែក ក្លឹប​ហង្ស​ក្រហម​ Liverpool ក៏​មិន​នៅ​ដាច់​ឆ្ងាយ​ដែរ​ពី​កំពូល​តារាង ទោះ​ជា​មាន​ការ​ធ្លាក់​ទម្រង់​លេង​បន្តិច​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ បច្ចុប្បន្ន​ក្លឹប​បាន​លេង​សរុប ៣៤ ប្រកួត ហើយ​មាន ៧៤ ពិន្ទុ​ក្នុង​ដៃ។ ចំពោះ​ប្រកួត​ចុង​ក្រោយ​ចំនួន ៤ របស់​ហង្ស​ក្រហម​គឺ ក្លឹប West Ham ក្លឹប Spurs ក្លឹប Aston Villa និង​ក្លឹប Wolves។

ចំណែក​ឯ Aston Villa កំពុង​គ្រង​តំណែង​លេង ៤ មាន​សរុប ៦៦​ពិន្ទុ​ក្រោយ​លេង​បាន ៣៤ ប្រកួត។ ទោះ​ជា​ឱកាស​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​គឺ​មាន​តិច​សម្រាប់​ក្លឹប​មួយ​នេះ Aston Villa បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ ហើយ​កំពុង​មាន​ឱកាស​ខ្ពស់​ក្នុង​ការ​កក់​កៅអី​ទៅ​លេង​កម្មវិធី UEFA Champions League នា​រដូវ​កាល​ក្រោយ។

Tottenham Hotspur កំពុង​ឈរ​លេខ ៥។ ក្រោយ​លេង ៣២ ប្រកួត ក្លឹប​មាន​ពិន្ទុ​សរុប ៦០ ហើយ​កំពុង​ប្រជែង​យក​តំណែង​ Top 4 ដើម្បី​បាន​កៅអី Champions League។ ក្លឹប​បិសាច​ក្រហម Manchester United ឈរ​លេង ៦ មាន​ត្រឹម ៥៣ ពិន្ទុ ក្រោយ​លេង​ ៣៣ លើក​ក្នុង​រដូវ​កាល​នេះ។ ពិន្ទុ​នេះ ធ្វើ​ឲ្យ​ឱកាស​ដែល​ក្លឹប​អាច​កក់​កៅអី Champions League កាន់​តែ​តិច ទោះ​ជា​យ៉ាង​អ្នក​ចាត់​ការ​របស់​ក្លឹប​ថា នឹង​ខំ​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ប្រជែង​យក​កៅអី Top 4។

តើ​ក្លឹប​ណា​នឹង​ឈ្នះ​ពាន​ Premier League រដូវ​កាល​នេះ? ហើយ​ក្លឹប​ណា​ខ្លះ​នឹង​បាន Top 4?៕

អត្ថបទ៖ សេរី មង្គល