ផ្លូវជាតិលេខ៧ ពី រង្វង់មូលស្គន់ ដល់ស្ពានគីហ្ស៊ូណា ដែលសាងសង់ពង្រីកដល់៤គន្លង សម្រេចបានប៉ុនណាហើយ?
- 2024-04-26 03:48:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវជាតិលេខ៧ ពី រង្វង់មូលស្គន់ ដល់ស្ពានគីហ្ស៊ូណា ដែលសាងសង់ពង្រីកដល់៤គន្លង សម្រេចបានប៉ុនណាហើយ?
ចន្លោះមិនឃើញ
លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម បានថ្លែងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ថា ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្ស៊ូណា ដែលបានបើកការដ្ឋានស្ថាបនា កាលពីខែមករា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ននេះ សម្រេចការងារសាងសង់បានប្រមាណ ៨% ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិខេត្តកំពង់ចាម កាលពីថ្ងៃទី២៤ ខែមេសា។
លោកបន្តថា ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្តកំពង់ចាម រួមជាមួយនឹងមន្ទីរសាធារណការខេត្ត និងស្ថាប័នពាក់ព័ន្ធ បានធ្វើការសម្របសម្រួលផលប៉ះពាល់ ក្នុងការស្ថាបនាផ្លូវនេះ ជាមួយនឹងប្រជាជនដែលរស់នៅអមសងខាងផ្លូវ ដោយពួកគាត់ទទួលយកតម្លៃមួយសមស្របសប្បាយចិត្ត។
សូមជម្រាបថា ការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ផ្តើមពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលផ្លូវនេះនឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ ហើយការដ្ឋាននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៦។
គម្រោងនេះដែរ នឹងរួមបញ្ចូលនូវការសាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់៕