ស្រួលៗ! បើ​អនុវត្ត​បាន ១១ ចំណុច​នេះ ម៉ូតូ​នឹង​អរគុណ​អ្នក​​មិនខាន

  • 2022-03-03 02:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថែទាំ​ម៉ូតូ​មាន​សារៈសំខាន់​សម្រាប់​ម្ចាស់​ម៉ូតូ​គ្រប់​រូប ដើម្បី​ប្រាកដ​ថា​ម៉ូតូ​ដំណើរការ​ស្រួល​លើ​ដង​ផ្លូវ សន្សំ​សំចៃ​ពី​ការ​ជួសជុល និង​អាច​បង្កើន​តម្លៃ​ម៉ូតូ​ពេល​ចង់​លក់​នៅ​ថ្ងៃ​​ក្រោយ​។ ជា​យោបល់ អ្នក​អាច​ពិនិត្យ​មើល និង​អនុវត្ត​តាម ១១ ចំនុច​នេះ​បាន​។ 

១. ប្រើប្រាស់​ម៉ូតូ​ដោយ​មាន​ការ​ឈប់​ខ្លះ ក្រោយ​ពេល​ធ្វើ​ដំណើរ​ច្រើន​គីឡូម៉ែត្រ ដើម្បី​កុំ​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ក្តៅ​ខ្លាំង​ពេក​។

២. អ្នក​គួរ​ដឹង​ពី​ដំណើរការ​មុខងារ​ធាតុ​នីមួយៗ​របស់​ម៉ូតូ ហើយ​ការ​ថែទាំ​ម៉ូតូ​នឹង​កាន់​តែ​ងាយស្រួល​។

៣. គួរ​ត្រួត​ពិនិត្យ​មើល​ប្រេង​ឲ្យ​បាន​ទៀងទាត់​រាល់​ការ​ប្រើ ៥,០០០ ឬ ១,០០០ គីឡូម៉ែត្រ អាស្រ័យ​លើ​ម៉ូដែល​ម៉ូតូ​។ អ្នក​គួរ​ចំណាំ​ ពេល​អាកាសធាតុ​ក្តៅ​ម៉ូតូ​ប្រើ​ប្រេង​ច្រើន​ជាងពេល​អាកាសធាតុ​ត្រជាក់​។

៤. ត្រូវ​ពិនិត្យ និង​ផ្លាស់ប្ដូរ​បន្ទះ​ហ្វ្រាំង​ពេល​មាន​កម្រាស់​ស្តើង​ជាង ២មីលីម៉ែត្រ​ ដែល​អាច​ជួយ​ជីវិត​អ្នក​បាន ពេល​មាន​អាសន្ន​។

៥. ប្រេង​រំអិល​ជា​ធាតុ​សំខាន់​សម្រាប់​ការ​ថែទាំ​ម៉ូតូ ដោយ​ប្រាកដ​ថា​ម៉ាស៊ីន​ម៉ូតូ​អ្នក​ដំណើរការ​បាន​រលូន អ្នក​គួរ​ពិនិត្យ​ និង​ផ្លាស់ប្ដូរ​ប្រេង ដូចជា​ប្រេង​បាត ឬ​ប្រេងហ្វ្រាំង ទៅ​តាម​អ្នក​ជំនាញ​ណែនាំ​ពេល​អ្នក​ទិញ​ម៉ូតូ​ថ្មី ដែល​វា​អាស្រ័យ​លើ​ម៉ូដែល​ម៉ូតូ​អ្នក​ប្រើប្រាស់​។

៦. គួរ​ត្រួតពិនិត្យ​មើល​ខ្យល់ និង​សំបក​កង់ ដោយ​ប្រាកដ​ថា​មាន​ខ្យល់​គ្រប់គ្រាន់​មិន​ធូរ​ពេក មិន​តឹង​ពេក និង​សំបក​កង់​គ្មាន​រន្ធ មិន​សឹក​អស់​ក្រឡា ដើម្បី​សុវត្ថិភាព​ក្នុង​ការ​បើកបរ ជាពិសេស​ពេល​អាកាសធាតុ​ត្រជាក់ និង​ម៉ូតូ​ទុក​យូរ​មិន​ប្រើ​។

៧. គួរ​ប្រាកដ​ថា​ច្រវាក់​ម៉ូតូ រឹត​កុំ​ឲ្យ​តឹង​ពេក ដែល​អាច​បង្ក​បញ្ហា​ច្រើន​ជាមួយ​កង់ និង​ប៉ា​ដាង​។ មួយវិញទៀត អ្នក​អាច​ចាក់​ប្រេង​រំអិល​លើ​ច្រវ៉ាក់​ម៉ូតូ​ពេល​ត្រលប់​ពី​ធ្វើ​ដំណើរ  និង​ពេល​វា​នៅ​ក្តៅ ដូច្នេះ​ច្រវ៉ាក់​អាច​ស្រូប​យក​ប្រេង ដោយ​រក្សា​ភាព​ត្រជាក់​។ អ្នក​ក៏​អាច​សំអាត​ច្រវ៉ាក់​ដោយ​ក្រណាត់ ពេល​អ្នក​ផ្លាស់ប្ដូរ​ប្រេង​បាន​ផង​ដែរ​។

៨. អ្នក​គួរ​ត្រួត​ពិនិត្យ​ប៊ូស៊ី ដោយ​ប្រាកដ​ថា​មិន​កខ្វក់ ដែល​អ្នក​ត្រូវការ​ប្តូរ​ថ្មី ដើម្បី​បង្ការ​រលត់ ឬ​ដេរ​មិន​ដំណើរការ ដោយ​ចៃដន្យ​។  ពេល​ត្រួត​ពិនិត្យ​ប៊ូស៊ី គួរ​ឲ្យ​ម៉ាស៊ីន​ម៉ូតូ​រលត់​យ៉ាង​ហោច​ណាស់ ពីរ​ម៉ោង​។ អ្នក​អាច​ដោះ​ប៊ូស៊ី​ចេញ ជូត​មើល​ប្រសិន​បើ​មាន​ពណ៌​ទឹកក្រូច​មិន​អី​ទេ តែ​ប្រសិនបើ​ពណ៌ស​មានន័យថា​ម៉ាស៊ីន​ឡើង​កម្តៅ​ខ្លាំង​។ ប៊ូស៊ី​មាន​ពណ៌ខ្មៅ មាន​ន័យ​ថា​ខ្យល់ និង​ប្រេង​ស្ថិត​ក្រាស់​ពេក​។ ម្យ៉ាងវិញទៀត ការ​ផ្លាស់ប្ដូរ​ប៊ូស៊ី​ថ្មី​គួរ​ធ្វើ​ដោយ​ដៃ ដើម្បី​ប្រាកដ​ថា​អ្នក​មិន​មួល​វា​ខ្លាំង​ពេក​។

៩. អ្នក​គួរ​សម្អាត ឬ​ប្តូរ​តម្រង​ខ្យល់​ឲ្យ​បាន​ទៀងទាត់ ជាពិសេស​ពេល​ធ្វើ​ដំណើរការ​ទីតាំង​មាន​ដី​ហ៊ុយ​ខ្លាំង ព្រោះ​ភាព​កខ្វក់​លើ​នោះ អាច​ប៉ះពាល់​ដល់​ម៉ាស៊ីន​។

១០. ម៉ូតូ​ភាគច្រើន​ត្រូវការ​ការ​កែសម្រួល Valve ដូច្នេះ​អ្នក​គួរ​ត្រួតពិនិត្យ​មើល​ជាមួយ​អ្នក​ជំនាញ ប្រសិនបើ​ចាំបាច់​សម្រាប់​ម៉ូដែល​ម៉ូតូ​អ្នក​។

១១. អ្នក​គួរ​ត្រួតពិនិត្យ​មើល​អាគុយ​ជា​រៀងរាល់​ខែ​ ដោយ​អាច​សាក ឬ​ប្តូរ​ថ្មី ដើម្បី​ប្រាកដ​ថា​មិន​ខ្វះ​ថាមពល​ក្នុង​ការ​ប្រើប្រាស់ និង​ភាព​ប្រើប្រាស់​យូរ​អង្វែង​៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី