ឡូយ​ណាស់ កម្ពុជា ផលិត​បាន​បំពង់បឺតប្រភេទ​ថ្មី ដែល​អាច​ញុំាបាន ក្រោយ​ប្រើ​ប្រាស់រួច

  • 2022-03-09 03:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ដោះស្រាយ​ការ​បំពុល​ដោយ​ប្លាស្ទិក ក្រុមហ៊ុន TK&D Manufacturing ដែល​មាន​មូលដ្ឋាន​ក្នុងខេត្តពោធិ៍សាត់ បានដាក់ចេញនូវដំណោះស្រាយដ៏ប៉ិនប្រសប់ គឺ​បំពង់បឺតផលិតពីអង្ករ ដែល​ផលិតផល​ថ្មី​នេះ គឺ​អាច​ទទួល​ទាន​បាន​តែ​ម្ដង ក្រោយ​ពេល​ប្រើ​ប្រាស់​រួច។

នេះ គឺ​ជា​ផលិតផល​ដែល​ផលិតចេញពីអង្ករធម្មជាតិ និងម្សៅផ្លែឈើទាំងស្រុង ហើយវា​ត្រៀម​ចូល​ខ្លួន​មក​ជំនួសបំពង់បឺតប្លាស្ទិកដែលមានជាតិពុល និងផ្ដល់​ផល​ប៉ះពាល់​ដល់​បរិស្ថាន។

លោក ហួរ រិទ្ធី សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបាននិយាយថា ការសិក្សាដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសន្និដ្ឋានថា មានតែបំពង់បឺតដែលផលិតពីអង្ករប៉ុណ្ណោះដែលអាចជំនួសបំពង់បឺតប្លាស្ទិកធម្មតាបាន ព្រោះវាជួយដល់បរិស្ថាន និងលើកកម្ពស់សុខភាព។

“ថ្មីៗនេះខាង UNDP បានធ្វើការសិក្សាស្រាវជ្រាវមួយអំពីការស្វែងរកផលិតផលមកជំនួសផលិតផលប្លាស្ទិច។ ចឹងយោងទៅតាមការស្រាវជ្រាវរបស់ខាង UNDP និងតាមការពិនិត្យជាក់ស្តែងគឺមានតែបំពង់បឺតផលិតពីអង្គរនេះទេ ដែលអាចមកជំនួយផលិតផលប្លាស្ទិកបាន ដែលផលិតផលមួយនេះមិនប៉ះពាល់ដល់សុខភាព និង បរិស្ថាន"។ លោក ហួរ រិទ្ធី ថ្លែង។

ដើម្បី​ផលិតបាន​បំពង់បឺតសរីរាង្គនេះ គេ​ត្រូវការវត្ថុធាតុដើម២ប្រភេទដែលមានដូចជា ម្ស៉ៅអង្ករ និង សារធាតុបង្កើតពណ៌ ដែលក្នុងនោះយើងយកផ្លែឈើមួយចំនួនមកផលិតទៅជាម្ស៉ៅ ដែលមានដូចជា ផ្លែចេក ដំឡូង ផ្លែស្វាយ ត្រាវ និងគ្រាប់កាហ្វេ។ គម្រោង​នេះ បាន​ទទួល​ការ​សាទរ​ខ្លាំង​ពី​គណៈ​ដឹកនាំ​រដ្ឋបាលខេត្ត​ពោធិសាត់។

លោក ចេង ឡៃ អភិបាលរងខេត្ត បាន​លើក​ឡើង​ថា “ខ្ញំុចាប់អារម្មណ៍ខ្លាំង ព្រោះថាយើងអាចញុំាបានបន្ទាប់ពីប្រើប្រាស់រួច ហើយកន្លងមកការប្រើប្រាស់បំពង់បឺតជ័រនៅពេលប្រើរួច អ្នកប្រើបោះចោល ចឹងវាបណ្តាលឱ្យប៉ះពាលដល់បរិស្ថាន ប៉ុន្តែសម្រាប់បំពង់បឺតនេះវាមិនប៉ះពាល់ដល់បរិស្ថាននោះទេ ប្រសិនជាយើងបោះចោល វាអាចក្លាយទៅជាជីធម្មជាតិថែមទៀត។”

តាម​លោក ហួរ រិទ្ធី សព្វថ្ងៃនេះការប្រើប្រាស់បំពង់បឺតជ័រគឺរាប់លានក្នុងមួយថ្ងៃចឹងវាប៉ះពាល់ខ្លាំងដល់បរិស្ថាន។ ដូច្នេះប្រសិនអ្នកប្រើប្រាស់ផ្លាស់ប្តូរទម្លាប់មកប្រើបំពង់បឺតផលិតពីអង្ករវិញ នោះយើងអាចចូលរួមជួយដល់បរិស្ថានយើងពិតប្រាកដណាស់។ យ៉ាងណា លោក​ថា ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន បាន​ងាក​មក​គិត​ពី​បរិស្ថាន និង​សុខភាព ដូច្នេះ​ហើយ បំពង់បឺត​ផលិត​ពី​អង្ករ​នេះ បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​ពេញ​និយម​បណ្ដើរ​ៗ​ហើយ។

“សព្វថ្ងៃទីផ្សាររបស់ផលិតផលយើងគឺមានការពេញនិយមណាស់ យើងបានចែកចាយស្ទើរតែគ្រប់តំបន់ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តយើងកំពុងធ្វើការផ្សព្វផ្សាយជាបណ្តើរៗ។ មិនត្រឹមតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ សូម្បីបរទេស ដូចជាប្រទេស អូស្រ្តាលី អាមេរិច និងប្រទេសមួយចំនួននៅអឺរ៉ុប ក៏គាំទ្រផលិតផលរបស់យើងផងដែរ។”

ទោះ​យ៉ាង​ណា សមាជិក​ក្រុម​ប្រឹក្សាភិបាលដដែល បញ្ជាក់​ថា បច្ចុប្បន្ន​គម្រោង​មួយ​នេះ ក៏​មាន​ឧបសគ្គ​ខ្លះ​ដែរ នោះ​គឺ​ពាក់ព័ន្ធ​នឹង​តម្លៃ​អគ្គីសនី។ ដូច្នេះ​ហើយ TK&D ស្នើរសុំដល់រាជរដ្ឋាភិបាលមេត្តាជួយសម្រួលតម្លៃអគ្គីសនីឱ្យមានតម្លៃទាបជាងពេលបច្ចុប្បន្នដើម្បី ផលិតបាននូវផលិតផលមួយដែលមានថ្លៃដើមទាប អំណោយផល​សម្រាប់​ការ​ប្រកួតប្រជែងជាមួយផលិតផលប្លាស្ទិច។

ក្រៅ​ពី​នេះ សង្វាក់​ផលិតកម្ម ក៏​នឹងប្រឈម​បញ្ហាមួយផ្សេងទៀតគឺការនាំចូលវត្ថុធាតុដើមពីបរទេស ដែល​ធ្វើ​ឲ្យ​តម្លៃ​ដើម​ផលិតផល​នៅ​ខ្ពស់។ ប៉ុន្តែ​លោក រិទ្ធី ថា​បញ្ហា​នេះ ខាងសហគ្រាសកំពុងរៀបចំគម្រោងក្នុងការតម្លើងម៉ាស៊ីនផលិតវត្ថុធាតុដើម​ហើយ ដែលគម្រោងនេះអាចនឹងជួយដល់ប្រជាកសិករក្នុងតំបន់ឱ្យមានជីវភាពមួយល្អប្រសើរ តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមមកកាន់សហគ្រាសរបស់​លោក៕

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម