ស្រាយចម្ងល់ឲ្យអស់ រឿងឡានចេះតែស៊ីសាំង គឺមានមូលហេតុរបស់វា
- 2022-03-14 06:11:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រាយចម្ងល់ឲ្យអស់ រឿងឡានចេះតែស៊ីសាំង គឺមានមូលហេតុរបស់វា
ចន្លោះមិនឃើញ
រថយន្តសឹងតែ ៩០ ភាគរយនៅក្នុងពិភពលោកដែលដើរដោយថាមពលឥន្ធនៈ ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូតជាដើម។ ចំណែកឯកត្តាស៊ីសាំងវិញ វាអាស្រ័យទៅលើទំហំម៉ាស៊ីន ដែលរថយន្តមានម៉ាស៊ីនធំ តែងតែស៊ីសាំងច្រើនជាងរថយន្ត ដែលមានម៉ាស៊ីនទំហំតូច តែវាផ្ដល់ថាមពលខ្លាំងជាង។
យ៉ាងណាមិញ មានកត្តាផ្សេងៗ ដែលនាំឲ្យរថយន្តស៊ីសាំងជាងកម្រិតធម្មតារបស់វាទៅទៀត។ ហេតុផលទាំង ១៣ ដែលនាំឲ្យរថយន្តស៊ីសាំងខ្លាំងជាងធម្មតាទាំងប្រភេទលេខដៃ និងលេខអូតូ៖
១. កំហុសបច្ចេកទេសរបស់ម៉ាស៊ីន
ភាពខូចខាតនៃម៉ាស៊ីន ដូចជា ក្បាលប៊ូស៊ីចាស់ តម្រងខ្យល់កខ្វក់ និងស៊ូប៉ាប់ដែលគាំងខូច សុទ្ធតែជាដើមហេតុធ្វើឲ្យរថយន្តពិបាកបញ្ឆេះ ខ្យល់ក្នុងម៉ាស៊ីនមិនស្អាតល្អ និងរត់មិនស្មើ។ កត្តាទាំងនេះ នាំឲ្យអត្រាស៊ីសាំងកើនឡើងខ្លាំងជាងមុន។
២. ប្រេងម៉ាស៊ីនមានគុណភាពអន់
ការជ្រើសរើសប្រេងម៉ាស៊ីន ដែលមានមានកម្រិតជាតិរំអិលទាប អាចជួយសន្សំសំចៃថវិកាមួយពេល ប៉ុន្តែអ្នកមិនដឹងទេថា វាជាការខាតបង់យូរអង្វែង ព្រោះប្រេងម៉ាស៊ីនដែលមានកម្រិតរំអិលទាប ពេលដែលម៉ាស៊ីនឡើងក្ដៅខ្លាំង វានឹងឡើងស្អិតជាហេតុធ្វើឲ្យពីស្តុងពិបាកដំណើរការជាងមុន ធ្វើឲ្យរថយន្តស៊ីសាំងលើសដើម។
៣. ឥន្ធនៈមានគុណភាពអន់
ការចាក់ប្រេង ដែលមានតម្លៃថោក មានកម្រិតអ៊ុកតានខ្សោយធ្វើឲ្យម៉ាស៊ីនត្រូវការសាំងច្រើនជាងមុន ដើម្បីបង្កើនល្បឿន។ ម៉្យាងទៀត វាក៏មិនអាចជួយលាងសម្អាតម៉ាស៊ីនរថយន្តដូចពួកសាំង ស៊ុបពែរដែរ។
៤. ម៉ាស៊ីនត្រជាក់
វាជារឿងធម្មតាទៅហើយ ដែលការបើកម៉ាស៊ីនត្រជាក់ធ្វើឲ្យរថយន្តស៊ីសាំងជាងមុននោះ។ ប៉ុន្តែ បើមិនចង់ឲ្យការប្រើប្រាស់ម៉ាស៊ីនត្រជាក់ស៊ីសាំងខ្លាំងជាងធម្មតាទេ អ្នកគួរបើកកញ្ចក់ចោល ២ ទៅ ៣ នាទីដើម្បីឲ្យផ្នែកខាងក្នុងត្រជាក់ជាងមុន ងាយស្រួលដល់ម៉ាស៊ីនត្រជាក់ធ្វើការបានឆាប់រហ័ស មិនសូវស៊ីសាំងច្រើន។
៥. សម្បកកង់ចាស់ពេក
បើសិនជាក្រឡាសម្បកកង់សឹកអស់ហើយនោះ កង់របស់អ្នកត្រូវការវិលខ្លាំងជាងមុន ដើម្បីឲ្យរថយន្តអាចបង្កើនល្បឿនបាន។ ដូចនេះ អ្នកគួរប្ដូរសម្បកកង់ដែលចាស់ខ្លាំងចោល ព្រោះមិនត្រឹមតែអាចជួយសន្សំសំចៃសាំងនោះទេ តែវាក៏បន្ថែមសុវត្ថិភាពក្នុងការបើកបរផងដែរ។
៦. ជិះជិតៗពេក
នៅពេលបញ្ឆេះម្ដងៗ ជាពេលដែលរថយន្តស៊ីសាំងជាងគេ។ មួយវិញទៀត ពេលជិះរថយន្តតិចជាង ៥ គ.ម ម៉ាស៊ីនរបស់រថយន្តមិនទាន់ដំណើរការបានក្ដៅគ្រប់គ្រាន់នៅឡើយទេ ហើយវាថែមទាំងបំពុលបរិស្ថានទៀត ព្រោះដុំបម្លែងផ្សែងពុលចេញពីរថយន្ត (Catalytic Converter) មិនទាន់បានធ្វើការពេញលេញ។ ដូច្នេះអ្នកមិនគួរយករថយន្តរបស់អ្នកជិះជិតៗពេកទេ ព្រោះការបញ្ឆេះច្រើនដង អាចនាំឲ្យស៊ីសាំងលើសដើម និងបំពុលបរិស្ថានថែមទៀត។
៧. មិនសូវបានថែទាំ
ការមិនបានថែទាំ រថយន្តតាមកាលកំណត់ ដូចជាការលាងតម្រងខ្យល់ ប្ដូរប្រេងម៉ាស៊ីនតាមចម្ងាយកំណត់នោះ សុទ្ធសឹងតែជាកត្តាដែលធ្វើឲ្យរថយន្តស៊ីសាំងខុសធម្មតា។
៨. ដាក់លេខខុស
ចំពោះរថយន្តលេខដៃ ការសាងលេខ (ដោះលេខថយក្រោយ) ពេលចាប់ផ្ដើមបង្កើនល្បឿនឡើងវិញ ជារឿងចាំបាច់ ព្រោះវាមិនសូវធ្វើឲ្យម៉ាស៊ីនប្រឹងខ្លាំង។ ដោយឡែក បើអ្នកបើកបររថយន្តលេខដៃ មិនសូវសាងលេខ ពេលបង្កើនល្បឿនឡើងវិញទេ វាអាចឲ្យរថយន្តស៊ីសាំងខ្លាំងជាងមុនបាន។
៩. អំប្រ៊ីយ៉ាចាស់
អំប្រ៊ីយ៉ា ដែលចាស់អាចធ្វើឲ្យអ្នកបើកបរពិបាកស្មានក្នុងការបន្ថយវា ដើម្បីឲ្យរថយន្តទៅមុខ ធ្វើឲ្យពេលខ្លះអាចឲ្យរថយន្តរលត់ និងត្រូវបញ្ឆេះឡើងវិញច្រើនសារ ជាហេតុធ្វើឲ្យស៊ីសាំងជាងមុន។
១០. បញ្ឆេះរថយន្តចោល
ការបញ្ឆេះរថយន្តកម្ដៅម៉ាស៊ីន ជារឿងយល់ខុសមួយរបស់អ្នកប្រើប្រាស់ភាគច្រើន ដែលចង់សន្សំសំចៃសាំង។ អ្នកគួរបើកបរភ្លាមៗ នៅពេលដែលបញ្ឆេះម៉ាស៊ីនរួច ហើយគួរពន្លត់ចោល ពេលអ្នកឈប់ ឬចតទុកចោលយូរ។
១១. របៀបបើកបរ
ការបើកបរលឿន ជាន់កន្ត្រាក់ និងមិនសូវសាងលេខ (ចំពោះរថយន្តលេខដៃ) ជាដើម ជាហេតុផល ដែលនាំឲ្យរថយន្តរបស់អ្នកស៊ីសាំងខ្លាំងជាងធម្មតា។
១២. ផ្ទុកលើសចំនួនកំណត់ និងការសណ្តោង
ការដាក់ឥវ៉ាន់ច្រើនលើសកំណត់ ឬក៏សណ្ដោងវត្ថុនានា ក៏ជាដើមចមធ្វើឲ្យរថយន្តស៊ីសាំងខ្លាំងជាងមុនដែរព្រោះ វាត្រូវការកម្លាំងខ្លាំងជាងមុន ដើម្បីអូសរថយន្តទៅមុខ។
១៣. បើកបរលឿនខ្លាំង
អ្នកបើកបរ រថយន្ត ប្រាកដជាដឹងអំពីបញ្ហានេះ ពីព្រោះការជាន់បន្ថែមល្បឿន វានាំឲ្យម៉ាស៊ីនមានថាមពលខ្លាំងក្លា តែវាចាំបាច់ណាស់ត្រូវការឥន្ធនៈច្រើន ដើម្បីបង្កើនអានុភាព និងល្បឿន រថយន្ត៕