ស្រាំង ទិត្យ​ឈី មិន​​យល់​ព្រម​រឿង​ក្លឹប​ផ្ដាច់​កុង​ត្រា​តែ​បង់​សំណង​មិន​ដូច​​ FFC ​បាន​ប្រាប់

  • 2022-04-19 01:33:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្លឹប​ Angkor Tiger និង​​កីឡាករ​ ស្រាំង​ ទិត្យ​ឈី កំពុង​​ចរចា​គ្នា​ រឿង​ក្លឹប​​បាន​កោះ​ហៅ​ខ្លួន​​ទៅ​ជួប​ដើម្បី​ផ្ដាច់​កុង​ត្រា​មុន​កំណត់ ហើយ​ត្រូវ​សង​​សំណង​​តែ​​​ខ្សែ​ការពារ​​កម្ពុជា​មិន​យល់​ព្រម​សម្រាប់​សំណង ៥% ព្រោះ​សហព័ន្ធ​​​បាល់ទាត់​កម្ពុជា ( FFC) បានប្រាប់​ផ្សេង​។

ទិត្យ​ឈី (រូប៖ ទិត្យ​ឈី)

​កាល​ពី​ពេល​ថ្មី​ៗ​ខ្សែ​ការពារ​កណ្ដាល​ ស្រាំង ទិត្យ​ឈី ​ត្រូវ​បាន​ក្លឹប​កោះហៅ​ទៅ​ជួប​ ដើម្បី​សុំ​ផ្ដាច់​កុង​ត្រា ខណៈ​ដែល​កុង​ត្រា​របស់​គេ​​ ​ត្រូវ​បន្ត​ដល់​ចប់​រដូវ​កាល២០២២​​។ ​​យ៉ាង​ណា​ក្នុង​ការ​ផ្ដាច់​កុង​ត្រា​នេះ​ ទិត្យ​ឈី បាន​ប្រាប់​មក​កាន់ Sabay ថា «​បង​បាទ!​ប៉ុន្មាន​ថ្ងៃ​មុន​ខាង​ក្លឹប​បាន​ប្រាប់​ខាង​សហព័ន្ធ បង់​សំណង​ឲ្យ​ខ្ញុំ​៣​ខែ...ខ្ញុំ​ក៏​យល់​ព្រម ហើយ​ខាង​សហព័ន្ធ​ឲ្យ​ខ្ញុំ​ទាក់​ទង​ទៅ​ខាង​ក្លឹប​ដើម្បី​និយាយ​រឿង​សំណង៣​ខែ ដល់​តែ​ខ្ញុំ​ទាក់​ទង​ទៅ​គេ​ប្រាប់​ថា​​ឲ្យ​ខ្ញុំ​តែ៥​% ​នៃ​កិច្ច​សន្យា២​ឆ្នាំ ​ដល់​ហើយ​ខ្ញុំ​អត់​ព្រម ព្រោះ​សហព័ន្ធ​និយាយ​ប្រាប់​ផ្សេង​ដល់​តែ​ខ្ញុំ​ទាក់ទង​ខាង​ក្លឹប​ផ្សេង»។

​កីឡាករ​ដដែល​បាន​​បន្ថែម​ថា ​«​កុង​ត្រា​យើង​​២​ឆ្នាំ​ ដល់​គេ​បញ្ចប់​មុន​ចឹង​គេ​ត្រូវ​សង​យើង​៣​ខែ​​ចឹង​ណា​បង​»។ Sabay ក៏​បាន​សួរ​បន្ថែម​ថា តើ​ ទិត្យ​ឈី បាន​ពិនិត្យ​ទេ​ ពេល​ចុះ​កុង​ត្រា​ដំបូង​​ក្លឹប​មាន​សិទ្ធ​ធ្វើ​បែប​ណា​ខ្លះ​ទើប​គេ​សង​​តែ​៥​%​ដូច្នេះ​​? «​បាទ​បង​ក្នុង​កុង​ត្រា​​លក្ខណ​​បញ្ចប់​​​​ហ្នឹ​ង ​​បើ​សិន​ជា​ខ្ញុំ​ធ្វើ​អ្វី​ឲ្យ​ប៉ះ​ពាល់​​បទល្មើស​​អី​ ឬ​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កិត្តិយស​​ក្លឹប​​ធ្ងន់ធ្ងរ​​​​តែ​នេះ​ខ្ញុំ​អត់​មាន​​បាន​ធ្វើ​អី​ធ្ងន់ធ្ងរ​ទេ​ ​​»។ ​នេះ​ជា​ចម្លើយ​របស់ ទិត្យ​ឈី។

​​អតីត​កីឡាករ Tiger ដដែល​បាន​​បញ្ជាក់​បន្ថែម​ថា ​«​កំហុស​​មាន​បង​!​ កំហុស​ក្នុង​រយៈ​ពេល​២​ខែ​​ដែល​ខ្ញុំ​បាន​ប្រព្រឹត្តិ​ហ្នឹង​គឺ​ខ្ញុំ​មក​យឺត​ម្ដង និង​អវត្តមាន​​ពេល​ហ្វឹកហាត់​២​ដង​។ ដល់​ចឹង​ទៅ​ក្លឹប​គេ​យក​ហេតុផល​ពីរ​ហ្នឹង​មក​ផ្ដាច់​កុង​ត្រា​យើង​បង​។ តែ​ក្នុង​កិច្ចសន្យា​គេ​ថា គ្រាន់​តែ​កាត់​លុយ ហើយ​ក្លឹប​ក៏​បាន​កាត់​លុយ​ខ្ញុំ​ហើយ​ដែរ​ពេល​ដែល​ខ្ញុំ​សាង​កំហុស​នោះ​ឡើង​»។

​​ដោយ​ឡែក​លោក Taka អ្នក​ចាត់​ការ​របស់​ក្លឹប​ Angkor Tiger បាន​បំភ្លឺ​បន្ថែម​ថា «​យើង​សម្រេច​បញ្ចប់​កុង​ត្រា​គាត់​ (ទិត្យ​ឈី) ដោយ​សារ​តែ​​​​​អាកប្បកិរិយា​គាត់​មិន​អាច​​ធ្វើ​តាម​ច្បាប់​​ក្លឹប​បាន​។ បើ​ទោះ​បី​ក្លឹប​បាន​​ប្រាប់​ច្រើន​ដង​ក៏​ដោយ​។ ពិត​ប្រាកដ​ណាស់ យើង​ពិភាក្សា​ជាមួយ​គាត់​​ដោយ​ឆ្លង​កាត់​ FFC ហើយ​យើង​មិន​យល់​ស្រប​ ​តាម​ការ​ចង់​បាន​របស់​គាត់ ពី​ព្រោះ​យើង​បាន​ព្រមាន​ជា​ច្រើន​ដង ប៉ុន្តែ​គាត់​មិន​បាន​ផ្លាស់​ប្តូរ​​អាកប្បកិរិយា​របស់​គាត់​ទេ»។

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី