រថយន្តត្រូវគេកែគីឡូឬមិនកែ មើលតែ ៣ ចំណុចនេះឆែកដឹងភ្លាម!
- 2022-05-10 04:24:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តត្រូវគេកែគីឡូឬមិនកែ មើលតែ ៣ ចំណុចនេះឆែកដឹងភ្លាម!
ចន្លោះមិនឃើញ
ទីផ្សាររថយន្តមួយទឹកភាគច្រើននាំចូលមកពីសហរដ្ឋអាមេរិក ឬប្រទេសកាណាដា។ សឹងគ្រប់ចំណុចត្រូវពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ព្រោះរថយន្តមួយទឹក មិនមែនជារថយន្តថ្មីបកពីកេះ ដែលទទួលបានការធានាពីក្រុមហ៊ុននោះឡើយ។ ការដឹងពីលក្ខណៈសម្បត្តិគ្រឿងក្រៅក្នុងបានច្បាស់លាស់ ធ្វើឲ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវមិនចាញ់បោកឈ្មួញ និងទទួលបានរថយន្តសមស្របតាមតម្លៃទីផ្សារ ។
ក្នុងនោះ ចម្ងាយបើកបរនៃរថយន្តគឺជារឿងមួយសំខាន់ ដែលត្រូវដឹងនៅពេលអ្នកចង់ទិញរថយន្តមួយទឹកព្រោះវាបង្ហាញពីបម្រើបម្រាស់នៃម៉ាស៊ីន ថាតើវាត្រូវបានប្រើប្រាស់ដល់កម្រិតណាហើយ ហើយវាក៏ជាអ្នកកំណត់តម្លៃរថយន្តនោះផងដែរ ព្រោះថារថយន្តម៉ូដែលដូចគ្នាទាំងអស់ តែមួយទើបជិះបាន ១០ ០០០ គ.ម ហើយមួយទៀត ជិះបាន ៩០ ០០០ គ.ម ទៅហើយនោះ មានតម្លៃខុសគ្នាច្រើនគួរសម។
អ្នកអាច មើលចម្ងាយចរនៃរថយន្តនោះ នៅលើកុងទ័ររបស់រថយន្ត ដែលរថយន្តប្រើកុងទ័រប្រភេទ Analog ស៊េរីចាស់មានលេខចម្ងាយចរនោះស្ថិតនៅកណ្ដាលនៃកុងទ័រល្បឿន ហើយរថយន្តដែលប្រើកុងទ័រប្រភេទ Digital ស៊េរីថ្មីមានបង្ហាញចម្ងាយចរនៃរថយន្ដក្នុងអេក្រង់ព័ត៌មានដោយប្រើពាក្យ ODO។ ប៉ុន្តែ មានរថយន្តខ្លះត្រូវបានគេកែប្រព័ន្ធ ឬកុងទ័រដើម្បីទម្លាក់ចម្ងាយចរចុះ ធ្វើឲ្យរថយន្តខ្លួនលក់បានថ្លៃជាងមុន។ ថ្ងៃនេះ Sabay សូមបង្ហាញនូវវិធី ៣ ចំណុចសម្រាប់ឆែកមើលឲ្យដឹងពីចម្ងាយចរនៃរថយន្តមួយទឹក ថាតើវាពិតជាចម្ងាយចររបស់រថយន្តពិតប្រាដកដែរឬក៏យ៉ាងណា។
១. ការឆែក VIN
VIN ផ្ដល់ព័ត៌មានលម្អិតពីរថយន្តរួមមានម៉ាស៊ីន ប្រវត្តិគ្រោះថ្នាក់នានា។ រថយន្តភាគច្រើនបំផុត មានការតេស្តឆែកមើល មុនត្រូវបានលក់ចេញ ហើយវានឹងកត់ត្រាទុករាល់ព័ត៌មានសំខាន់ៗរបស់រថយន្ត។ បន្ទាប់ពីបានដឹងពីចម្ងាយចរ អ្នកអាចយកវាមកប្រៀបធៀបជាមួយនឹងចម្ងាយចរ ដែលមានលើកុងទ័ររថយន្តខុសគ្នាឬមួយក៏យ៉ាងណា។
២. ធ្វើការប្រៀបធៀបតាមស្ថានភាពជាក់ស្ដែង
បើសិនជារថយន្ត ដែលអ្នករកទិញគ្មានកំណត់ត្រាលើ VIN អ្នកអាចប្រើវិធីដោយឆែកតេស្តលើប្រព័ន្ធរបស់រថយន្តផ្ទាល់។ ការឆែកមើលនេះ ពឹងផ្អែកទៅលើការរកមធ្យម នៃរថយន្តមួយទឹកនោះ ដោយមើលលើល្បឿនបើកបរជាមធ្យម និងរយៈកាលប្រើប្រាស់។ ឧទាហរណ៍ថា បើរថយន្តមួួយទឹកដែលអ្នកចង់ទិញនោះមកពីសហរដ្ឋអាមេរិក ស៊េរីឆ្នាំ ២០១៥ ហើយលេខកុងទ័រចម្ងាយចរត្រឹម ១០ ០០០គ.ម អ្នកប្រាកដជាសង្ស័យ នៅសហរដ្ឋអាមេរិក មានផ្លូវល្អស្អាតអាចបើកបរបានល្បឿនលឿន។ បើសិនជារថយន្តអ្នកត្រូវបានប្រើប្រាស់ជាប់រយៈពេល ១០ ០០០ ម៉ោង ហើយប្រើបានចម្ងាយត្រឹម ១០ ០០០ គ.ម នោះ អុីចឹងបើគិតជាមធ្យមទៅ រថយន្តមួយទឹកនោះបើកបានត្រឹមជាង ១ គ.ម/ម៉ ប៉ុណ្ណោះគឺមិនសមហេតុផលឡើយ។
៣. ឆែកមើលសំបកកង់ ប្រេងម៉ាស៊ីន និងផ្នែកខាងក្នុង
រថយន្តប្រើក្រោម ២០ ០០០គ.ម ភាគច្រើនបំផុតគឺនៅមានសំបកកង់ដើមជាមួយ ព្រោះវាមិនទាន់ដល់ពេលត្រូវផ្លាស់ប្ដូរឡើយ។ បើសិនជាវាមានការផ្លាស់ប្ដូរ វាអាចជាសញ្ញាណថា រថយន្តនេះត្រូវបានប្រើនៅស្ថានភាពផ្លូវលំបាកខ្លាំង ឬក៏ត្រូវបានគេបន្ថយចម្ងាយចររបស់វា។ មួយវិញទៀត អ្នកអាចឆែកមើលកាលបរិច្ឆេទដូរប្រេងម៉ាស៊ីន និងចម្ងាយចរនៅពេលនោះ នៅជាប់ស្ទីកឃ័រ ដែលភាគច្រើនគេបិទនៅកៀនចង្កូត ហើយត្រូវពិចារណាថា វាសមហេតុផលឬក៏អត់។ ចំណុចសំខាន់ចុងក្រោយ គឺការត្រួតពិនិត្យ មើលផ្នែកខាងក្នុងដូចជា ហ្គែរ និងហ្រ្វាំងជាន់ជាដើម ព្រោះបើរថយន្តមួយទឹក ដែលអ្នកចង់ទិញនោះ បើកបានត្រឹម ២០ ០០០ គ.ម តែគ្រឿងក្នុងឡើងចាស់ ចង់ហើរពណ៌ទៅហើយនោះ វាក៏អាចជាការបន្លំផងដែរ។