ល្អ​ណាស់! កម្ពុជា​កំពុង​បោះជំហាន​ទៅ​គ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​តាំង​ពី​កសិដ្ឋាន រហូត​ដល់​តុអាហារ

  • 2022-05-20 03:43:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​បាន និង​កំពុង​បោះ​ជំហាន​ទៅ​បង្កើត​ឲ្យ​លេច​ជា​រូបរាង​ឡើង​នូវ​ច្បាប់​គ្រប់គ្រង​សុវត្ថិភាព​ចំណី​អាហារ ក្រោយ​សេចក្ដី​ព្រាង​ពី​ច្បាប់​មួយ​នេះ ទទួល​បាន​ការ​បោះ​ឆ្នោត​គាំទ្រ​ទាំង​ស្រុង​ពី​សមាជិក​ព្រឹទ្ធសភា។

សមាជិក​ព្រឹទ្ធសភា លើក​ដៃគាំទ្រ​សេចក្ដីព្រាប​ច្បាប់​សុវត្ថិភាព​ម្ហូបអាហារ(រូបភាព៖ក្រសួង​ពាណិជ្ជកម្ម)

សេចក្ដី​ព្រាង​ច្បាប់សុវត្ថិភាពម្ហូបអាហារ រៀប​ចំ​ដោយ​ក្រសួង​ពាណិជ្ជកម្ម ត្រូវ​បាន​យក​ទៅ​ពិភាក្សា​នៅ​ក្នុង​អង្គប្រជុំ​របស់​ព្រឹទ្ធសភា​កាល​ពី​ថ្មី​ៗ​នេះ។ តាម​ឯកឧត្ដម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ដែល​បាន​ដឹកនាំគណៈប្រតិភូ​តំណាង​រាជរដ្ឋាភិបាល​ចូលរួម​កិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់នេះ បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់នេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការទទួលទានអាហារប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យល្អ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងជៀសវាងការកើតជំងឺផ្សេងៗរាប់រយប្រភេទ។

ឯកឧត្ដម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស(រូបថត៖ក្រសួងពាណិជ្ជកម្ម)

លើសពីនេះ សេចក្ដីព្រាងច្បាប់នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតដល់កម្ពុជា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះចូលជាធរមាន។ តាម​ឯកឧត្តម​ទេសរដ្ឋមន្រ្តី សេចក្ដី​ព្រាងច្បាប់នេះ មានចំណុចសំខាន់ៗចំនួន៤ រួម​មាន៖

១.ការបង្កើតឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

២.ការកំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដានិងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាពសំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

៣.សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឱ្យមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង សម្របសម្រួល និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម។

៤.សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជា រៀបចំបាននូវប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ ដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់ជាមុន និងការត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម ប្រសើរជាងការត្រួតពិនិត្យ និងវិភាគលើផលិតផលសម្រេច ដែលជាគោលការណ៍មួយយ៉ាងសំខាន់ ក្នុងការជំរុញផលិតផលកម្ពុជា ឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក។

ជាលទ្ធផល អង្គប្រជុំវិសាមញ្ញ នីតិកាលទី៤ នៃព្រឹទ្ធសភា បានពិភាក្សា និងអនុម័តគាំទ្រលើសេចក្ដីព្រាងច្បាប់នេះតាមជំពូក និងមាត្រានីមួយៗ ដោយរក្សាខ្លឹមសារដើមទាំងស្រុង ដោយ​មិន​មាន​ចំណុច​ស្នើ​ឲ្យ​កែ​ប្រែ​ឡើយ។ ជាមួយគ្នា អង្គប្រជុំ ក៏បាន​កោតសរសើរដល់គណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះឡើង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងគិតគូពីសុខភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ទារិកា