តាម​ដាន​ឲ្យដឹង! ពេល​នេះ​អ្នកវិទ្យាសាស្ត្រចេញ​មក ប្រៀបធៀប​ហានិភ័យ​ពី​កូវីដ១៩ និងអុតស្វា ហើយ!

  • 2022-05-26 04:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចប្បន្ននេះ ជំងឺអុតស្វា (Monkeypox) បានក្លាយទៅជាក្តីកង្វល់សម្រាប់ប្រជាជននៅទូទាំងសាកលោកយោងទៅតាមរបាយការណ៍របស់WHOពេលនេះអុតស្វាបានឆ្លងរីករាលដាលប្រមាណជា ១៩ប្រទេសហើយ មានចំនួនសរុប ១៥៨នាក់ មានអ្នកសង្ស័យសរុបចំនួន ១១៧នាក់ ដែលកំពុងតែ ធ្វើការអង្កេតបញ្ជាក់ និងកំពុងមានវិធានទប់ស្កាត់កុំឲ្យមានការបន្តឆ្លងកាន់តែច្រើន។

យោងទៅតាមប្រសាសន៍របស់លោក លោកវេជ្ជបណ្ឌិត Viktor Maleyev ទីប្រឹក្សានាយកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវជំងឺរាតត្បាតបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Russia-24 កាលពីថ្ងៃពុធថា «តាមពិតទៅ លទ្ធភាពនៃការឆ្លងមេរោគអុតស្វាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺមានកម្រិតទាបជាងការឆ្លងមេរោគកូវីដ១៩។»

លោកបានបញ្ជាក់យ៉ាងដូច្នេះ «ជាការពិតណាស់ កម្រិតនៃការឆ្លងមេរោគគឺទាបជាងមួយ ដោយវាមានកម្រិតត្រឹមតែ ០,៥ ឬប្រហែលជាតិចជាងនេះផង ប្រសិនបើយើងប្រៀបធៀបការចម្លងមេរោគអុតស្វា (Monkeypox) ជាមួយនឹងមេរោគកូវីដ១៩ ដែលអ្នកជំងឺម្នាក់អាចមានលទ្ធភាពចម្លងមេរោគជាមធ្យមទៅកាន់មនុស្សបួននាក់ផ្សេងទៀត។»

លើសពីនេះលោកបានបន្ថែមទៀតតថាជំងឺអុតស្វា (Monkeypox) ជាធម្មតាត្រូវបានចម្លងតាមរយៈការទំនាក់ទំនងប៉ះពាល់ផ្ទាល់ ដោយឡែកកូវីដ១៩វិញឆ្លងលឿនខ្លាំងយ៉ាងសកម្មពីមួយទៅមួយតាមខ្យល់ ដែលធ្វើឱ្យវាមានការលទ្ធភាពឆ្លងកាន់តែច្រើនឡើងៗ។

សូមជម្រាបថាកាលពីពេលកន្លងទៅWHOក៏បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃមេរោគនេះ ក្រោយកិច្ចប្រជុំនេះរួចរាល់ហើយដែរ អ្នកផ្តល់ប្រឹក្សាអំពីហានិភ័យនៃការឆ្លងជំងឺបានលើកឡើងថាវាហាក់ដូចជាមានហានិភ័យទាបសម្រាប់សាធារណជនទូទៅនាពេលនេះ ហើយអ្នកវិទ្យាសាស្ត្រក៏មិនបានរំពឹងថាការផ្ទុះឡើងនៃជំងឺនេះ នឹងវិវត្តទៅជាជំងឺរាតត្បាត ដូចជំងឺកូវីដ-១៩ទេ ព្រោះវីរុសនេះ មិនឆ្លងងាយៗដូចវីរុសកូដវីដ-១៩និងចាត់ទុកការចម្លងវីរុសនេះ ជាការចម្លងដែលមានហានិភ័យទាប។

ប៉ុន្តែទោះបីជាយ៉ាងណាក៏សូមឲ្យមានការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ពីព្រោះថា ជំងឺអុតស្វាគឺជាវីរុសមួយប្រភេទដែល អាចធ្វើការចែកចាយឆ្លងមេរោគ ពីសត្វទៅកាន់មនុស្ស និងមនុស្សទៅកាន់មនុស្ស ទោះមិនឆ្លងលឿនដូចកូដវីដ-១៩ ក៏មិនមែនមានន័យថា វាមិនឆ្លងដែរ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់៕

ប្រភព៖ TASS   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ