​​ដឹង​ទេ​? នៅ​លើ​កោះថ្មី​ដ៏​ស្រស់​ស្អាត​របស់​យើង មាន​គ្រួសារ​ជនជាតិ​អាឡឺម៉ង់​មួយ មករស់នៅ​ជាង ១០ឆ្នាំ​ហើយ

  • 2022-05-26 04:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ពេល​និយាយ​ពី "កោះ​ថ្មី" ប្រិយមិត្ត​អាច​នឹង​ចម្លែក​ត្រចៀក​បន្តិច ត្បិត​ថា​នេះ​ជា​កោះ​មួយ​កម្រ​មាន​ការ​លើក​មក​និយាយ តែ​តាម​ពិត វា​ជា​ទី​កន្លែង​ដ៏​ស្រស់​ស្អាត​មួយ​របស់​កម្ពុជា ហើយ​បច្ចុប្បន្ន​មាន​គ្រួសារ​ជនជាតិ​អាឡឺម៉ង់​មួយ​គ្រួសារ បាន​សុខ​ចិត្ត​ចោល​ជីវិត​ស៊ីវីល័យ​លើ​ដី​អាឡឺម៉ង់​មក​រស់​នៅ​ទី​នោះ​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

ក្រុម​ការងារ "Road Home 4” បាន​ជួប​ពួក​គេ ក្នុង​បេសកកម្ម​ទី​២​របស់​ខ្លួន​នៅ​កោះថ្មី។ គ្រួសារ​ជនជាតិ​អាឡឺម៉ង់​នោះ មាន​សមាជិក តែ​២នាក់​ប៉ុណ្ណោះ គឺ​ស្វាមី​មាន​ឈ្មោះ Michael និង​ភរិយា Kavita។ តាម​ការ​សាក​សួរ​របស់​ បាន​ឲ្យ​ដឹង​ថា ពួក​គេ​ទាំង​ពីរ បាន​ចាក​ចោល​ប្រទេស​កំណើត​អាឡឺម៉ង់​របស់​ពួក​គេ ហើយ​មក​រស់​នៅ​ទី​នោះ អស់​រយៈ​ពេល ១២​ឆ្នាំ​មក​ហើយ។

ចំពោះ​មូលហេតុ​សម្រាប់​ការ​មក​តាំង​ទី​លំនៅ​លើ​កោះ​របស់​កម្ពុជា​នេះ Michael ប្រាប់​ឲ្យ​ដឹង​ថា ទី​មួយ​លោក​ស្រឡាញ់​ទេសភាព​ធម្មជាតិ និង​ដីកោះ​របស់​កម្ពុជា។ ទី​២​ទៀត គឺ​ជា​ហេតុផល​ផ្ទាល់​ខ្លួន ដោយ​លោក​លើក​ឡើង​ថា ភរិយា​របស់​លោក​កើត​ជំងឺ​​ម្យ៉ាង ដែល​ចាញ់​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ខណៈ​នៅ​អាឡឺម៉ង់​មាន​អកាស​ធាតុ​ត្រជាក់ ៦ខែ ជា​ហេតុ​ធ្វើ​ឲ្យ​ភរិយា​ពិបាក​ទ្រាំ។

ដូច្នេះ​ហើយ ពួក​លោក​ក៏​សម្រេច​លក់​ផ្ទះ និង​អ្វី​សព្វ​យ៉ាង​នៅ​អាឡឺម៉ង់ ហើយ​ធ្វើ​ដំណើរ​មក​កម្ពុជា និង​បាន​មក​រស់​នៅ​លើ​កោះថ្មីរបស់​យើង​​រហូត​មក ក្នុង​នោះ​បំណង​១​របស់​លោក គឺ​លោក​ចង់​បើក Resort នៅ​ទី​នេះ​តែ​ម្ដង។ Michael ប្រាប់​ទៀត​ថា លោក​មក​រស់​នៅ​លើ​កោះថ្មី ដោយ​សារ​ទី​នេះ លោក​ទទួល​បាន​កិច្ចសន្យា​ពី​អាជ្ញាធរមូលដ្ឋាន​ត្រឹម​ត្រូវ។

មិន​ខុស​ពី​កោះ​នានា​របស់​កម្ពុជា "កោះ​ថ្មី" គ្រប​ដណ្ដប់​ដោយ​ដើម​ឈរ​តូច​ធំ​រាប់​ពាន់​ដើម បង្កើត​បាន​ជា​ម្លប់ ក៏​ដូច​ជា​ទិដ្ឋភាព សោភណ្ឌភាព​ស្រស់​ស្អាត​ទាក់​ភ្នែក​ទាក់​អារម្មណ៍។ នៅ​លើ​នេះ មាន​ដើម​ឈើ​មួយ​ដើម​ធំ និង​ខ្ពស់​ដាច់​គេ។ Michael ប្រាប់​ថា លោក​ចង់​រក្សា​ដើម​ឈើ​មួយ​ដើម​នេះ ទុក​ជា​និរន្ត៍​ចៀសផុត​ពី​ការ​កាប់​រំលំ​។ ដូច្នេះ​ហើយ​លោក​បាន​ទិញ​ព័ទ្ធ​ហើយ​ធ្វើ​ខ្ទម​អ្នក​តា​មួយ​ដាក់​នៅ​ក្រោម​ដើម។

លោក​ថា ធ្វើ​បែប​នេះ ព្រោះ​លោក​យល់​ថា ប្រសិន​បើ​គេ​ដឹង​ថា ដើម​ឈើ​នេះ​ស្ថិត​ក្នុង​ការ​គ្រប់​គ្រង​របស់​លោក មនុស្ស​ទាំង​ឡាយ នឹង​មិន​កាប់​រំលំ​វា​ឡើយ។

កោះ​ថ្មី មាន​ទីតាំង​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ​រាម មាន​ផ្ទៃ​ដី ៤០គីឡូម៉ែត្រការ៉េ មាន​ឆ្នេរ ២៧គីឡូមែ៉ត្រ។កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ ត្រូវ​បែក​ចែក​ជាមួយ​ដី​គោក​ដោយ​ព្រែក​ទឹកសាប​ធំ​មួយ ឈ្មោះ​ថា ស្ទឹង​"កោះ​ក្របី" ​​ដែល​ជា​ប្រភព​ទឹក​សាប​សម្រាប់​ប្រជាជន​ក្នុង​តំបន់ និង​ភ្ញៀវ​ទេសចរ​ប្រើ​ប្រាស់។

ប្រសិន​បើ​ប្រិយមិត្ត​មាន​បំណង​ចង់​ទៅ​កម្សាន្ត​ទី​នោះ ក្រុម​ការងារ "Road Home 4” សូម​ណែនាំ​ថា ប្រិយមិត្ត​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ ហើយ​បត់តាម​ផ្លូវ​ផ្សារ​អូរ​ចំណារ​ប្រមាណ 15 នាទី នឹង​មកដល់​កំពង់ផែ​កោះខ្យង។ បន្ត​មក​ទៀត ប្រិយមិត្ត​នឹង​ត្រូវ​បន្ត​តាម​ទូក​ប្រមាណ ១​ម៉ោង​ទៀត នឹង​បាន​ទៅ​ដល់ "កោះ​ថ្មី"។

ប្រសិន​បើ​ប្រិយមិត្ត​ជា​អ្នក​ចូលចិត្ត​ទេសភាព​សមុទ្រ ចូល​ចិត្ត​ដីកោះ និង​ចង់​បាន​ភាព​ស្ងប់​សុខ​ក្នុង​ផ្លូវ​អារម្មណ៍​នោះ "កោះ​ថ្មី" ទំនង​ជា​គោលដៅ​លំហែ​ដ៏​សាក​សម​បំផុត​ហើយ៕

ទស្សនា​វីដេអូ បេសកកម្ម​របស់ក្រុម​ការងារ "Road Home 4” នៅ​លើ "កោះ​ថ្មី" ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា