AFC សុំទោសហើយ ក្រោយ ឯ.ឧ សៅ សុខា ព្រមាន រឿងមិនយកចិត្តទុកដាក់ ក្រុមជម្រើសជាតិកម្ពុជា
- 2022-06-08 11:15:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AFC សុំទោសហើយ ក្រោយ ឯ.ឧ សៅ សុខា ព្រមាន រឿងមិនយកចិត្តទុកដាក់ ក្រុមជម្រើសជាតិកម្ពុជា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានចេញលិខិតសុំទោសកម្ពុជាហើយ ក្រោយ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចេញសេចក្ដីព្រមានកាលពីរសៀលថ្ងៃមិមិញ ដោយទុកពេល ៣ម៉ោងឲ្យចេញលិខិតសុំទោស រឿងមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរបស់ Fresh News ល្ងាចនេះ។
នៅក្នុងលិខិតរបស់ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលបានផ្ញើជូនមកសហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ជាក់ថា «ជាការឆ្លើយតបទៅនឹងបញ្ហាខាងលើ, វាជារឿងគួរឱ្យសោកស្ដាយដែលទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានផលិតឡើង សម្រាប់ការប្រកួត មិនត្រូវតាមលក្ខខណ្ឌបច្ចេកទេសដែលបានកំណត់នៅត្រង់ ផ្នែករចនា និងពណ៌។ ដូច្នេះ យើងសូមជូនដំណឹងថា AFC នឹងប្រើប្រាស់ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ជារូបភាពក្រាហ្វិកវិញ នៅលើស្រ្គីនធំមួយសម្រាប់ការប្រកួត ដែលនឹងចាប់ផ្ដើមនៅប៉ុន្មានម៉ោងខាងមុខ ហើយនេះគឺជាការអនុវត្តជាទម្លាប់ធម្មតា នៅក្នុងករណីមានបញ្ហាបែបនេះកើតឡើង សម្រាប់រយៈពេល ២ឆ្នាំចុងក្រោយនេះ នៅក្នុងការប្រកួតរបស់ AFC»។
សូមរំលឹកផងដែរកាលពីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជាព្រមានតាម Fresh News ដោយបានប្រកាសទុករយៈពេល៣ម៉ោងឲ្យ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ពាក់ព័ន្ធនឹងរឿងមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជាផងដែរ។
នាយឧត្តមសេនីយ៍ សៅ សុខា ព្រមានថា «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។
គួរបញ្ជាក់ផងដែរថា បើតាមអ្វីដែលបានគ្រោងទុក ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតនឹង ក្រុមជម្រើសជាតិឥណ្ឌា ក្របខ័ណ្ឌ AFC Asian Cup វគ្គជម្រុះ នៅម៉ោង១០ យប់នេះ(ម៉ោងកម្ពុជា) នៅទីលាន Salt Lake ប្រទេសឥណ្ឌា៕