មានដឹងអត់!ត្មាតភ្លើងឆ្លាតវៃនិងខ្លាំងប៉ុណ្ណា ទើបដូនតាខ្មែរយើងហ៊ានហៅថាស្តេចត្មាត

  • 2022-06-15 03:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្មាតភ្លើង គឺជាឈ្មោះបក្សីមួយប្រភេទ មានដងខ្លួនពណ៌ខ្មៅ ក្បាល និងជើងក្រហម ភ្លៅមានរោមពណ៌ស និងមានឆ្នូតស តាមបណ្ដោយកណ្ដាលស្លាប ហើយត្រូវបានប្រជាជពលរដ្ឋចាត់ទុកជាមេត្មាត ឬហៅថាស្តេចត្មាត ក្នុងចំណោមប្រភេទត្មាតទាំងអស់នៅកម្ពុជា។

ត្មាតភ្លើងជាបក្សីដែលមានភាពឆ្លាតវៃ ធម្មជាតិរបស់វា ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើមស្លាប ដើរពើងទ្រូង ជានិច្ច ដែល ឥរិយាបទរបស់វាបង្ហាញពីភាពមិនខ្លាចគេ ឬក៏ជាមេគេ ។

ត្មាតប្រភេទផ្សេងៗទៀតរួមមានដូចជាត្មាតត្នោត និងត្មាតប្រផេះ ពុំសូវហ៊ានប្រឈមតទល់នឹងវាដែរ រីឯពេលវាស៊ីចំណីអាហារទៀតសោត ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រាដំបូងដែរ វាច្រើនតែទុកពេលអោយត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះសិន ទើបវាចុះមកស៊ីតាមក្រោយ នេះទំនងជាវាគិតពីសុវត្តិភាពនៅទីនោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ ភាគច្រើនត្មាត ឯទៀតក៏តែងទុកចន្លោះកន្លែងអោយវាចូលស៊ីជានិច្ច ។

ដូចគ្នាននេះដែរត្មាតភ្លើងមានទម្ងន់ចន្លោះពី៣,៥០ គ.ក្រដល់៦,៣០គ.ក្រ វាមានបណ្តោយដងខ្លួន ប្រមាណ០,៧៦ម ដល់ ០,៨៦ម និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ ចុងស្លាបម្ខាងទៀត២ម.ដល់២,៦០ម នៅពេលវាលាតសន្ធឹងស្លាបហើរ។ វាជាបក្សីមានមាឌទាបកន្តាញ ដោយមានកម្ពស់របស់វាប្រមាណជា០,៦០ម ទៅ០,៧០ម ប៉ុណ្ណោះ។

បើយោងតាមការចេញផ្សាយ របស់ Wonders of the Mekong បានបង្ហាញថា ត្មាតភ្លើង ជាប្រភេទមួយក្នុងចំណោមប្រភេទសត្វត្មាតដែលជិតផុតពូជទាំងកម្ពុជារួមទាំងសាកលលោក ។

សូមជម្រាបថា ចំនួនសត្វត្មាតនៅលើសកលលោក បច្ចុប្បន្នមានការធ្លាក់ចុះខ្លាំងគួរឲ្យព្រួយបារម្ភ។ នៅកម្ពុជា មានសត្វត្មាតមានចំនួន ៣ប្រភេទ គឺត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ។សត្វត្មាតទាំង៣ប្រភេទនេះ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាប្រភេទរងគ្រោះជិតផុតពូជបំផុត ។ សត្វត្មាតទាំង៣ប្រភេទនៅកម្ពុជានេះ មានចំនួនពី២០០ ទៅ ៣០០ក្បាលប៉ុណ្ណោះ ដែលជាចំនួនច្រើនគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ប្រភព៖ក្រសូងបរិស្ថាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ