យុវជនកំពុងផ្ទុះការចាប់អារម្មណ៍នៅ AFF U19 សុវណ្ណ ដូណា មានប្រវត្តិលេងបាល់បែបណា?
- 2022-07-04 05:04:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនកំពុងផ្ទុះការចាប់អារម្មណ៍នៅ AFF U19 សុវណ្ណ ដូណា មានប្រវត្តិលេងបាល់បែបណា?
ចន្លោះមិនឃើញ
សុវណ្ណ ដូណា ជាខ្សែប្រយុទ្ធដែលបានជួយក្រុម U19 កម្ពុជាយកបាន៣ពិន្ទុកាលពីយប់មិញនេះក្នុងពានរង្វាន់ AFF U19 Championship ដែលកំពុងធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីឈ្នះយុវជនសិង្ហបុរី ១-០ ។ ដើម្បីឲ្យប្រិយមិត្តស្គាល់ខ្សែប្រយុទ្ធមកពីខេត្តសៀមរាបឲ្យកាន់តែច្បាស់ Sabay សូមធ្វើការបង្ហាញប្រវត្តិខ្លះៗរបស់កីឡាកររូបនេះជូន៖
ត្បិតតែត្រូវបានគេស្គាល់ថា ដូណា ជាអ្នករស់នៅសៀមរាប ប៉ុន្តែតាមពិតទៅកីឡាកររូបនេះកើតនៅភ្នំពេញទេ ហើយគេបានផ្លាស់ប្ដូរទីលំនៅទៅរស់នៅសៀមរាបតាំងពីតូចៗ មកម្ល៉េះ។ យុវជនកើតថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០០៤ រូបនេះមានបងប្អូនបង្កើតចំនួន ៤ នាក់ដោយក្នុងនោះស្រី៣នាក់ទៅហើយ ពោលគឺប្រុសតែ ដូណា ម្នាក់ប៉ុណ្ណោះ។ ចំណែកឪពុករបស់គេវិញមានឈ្មោះថា អោម សុវណ្ណាវុធ ដែលមានមុខរបរជាមន្រ្តីរាជការ ស្របពេលម្ដាយវិញមានឈ្មោះថា ង៉ូវ សំណាង លោកមានមុខរបរជាស្រ្តីមេផ្ទះ។
រឿងលេងបាល់វិញអតីតយុវជនដែលធ្លាប់លេងនៅក្រុម Next Step រូបនេះបានស្រលាញ់ និងចូលចិត្តតាំងពីតូចៗមកម្ល៉េះ បន្ទាប់ពីគេលេងនៅក្រុមនេះឈានដល់វ័យ១៤ ឆ្នាំក្លឹប Angkor Tiger ក៏បានចាប់អារម្មណ៍គេ ហើយក៏បានចុះកុងត្រាយកមកចូលរួមជាមួយក្រុមនេះនៅឆ្នាំ២០១៨។ តាំងពីចូលលេងនៅ Tiger មកដល់បច្ចុប្បន្ន សុវណ្ណ ដូណា បានបង្ហាញខ្លួនផ្លូវការចន្លោះពី ១៥ ទៅ១៨ប្រកួត (ចាំមិនច្បាស់) រហូតដល់រដូវកាលថ្មីនេះគេអាចលេងបាន៥ប្រកួត និងរកបាន២គ្រាប់ព្រមទាំងបង្កើតឱកាសជូនមិត្តរួមក្រុមដើម្បីរកគ្រាប់បានជាច្រើនលើកផងដែរ។
សម្រាប់ក្រុមជម្រើសជាតិវិញយុវជនវ័យ១៨ឆ្នាំទើបតែទទួលបានឱកាសជាប់ U19 នេះជាលើកទី១នេះប៉ុណ្ណោះ ហើយថែមទាំងចូលលេងប្រកួតដំបូងភ្លាមរកបាន១គ្រាប់ឲ្យក្រុមរបស់ខ្លួនភ្លាម៕