ចំណេះដឹង​ហិរញ្ញវត្ថុ​សំខាន់​ណាស់! ប៉ុន្តែ​វិស័យ​នេះ​ប្រឹង​ងើប​ឡើង​ជាមួយ​នឹង​កត្តា​ប្រឈម​មួយ​ចំនួន!

  • 2022-08-11 02:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​ក្នុង​ទ្រទ្រង់​កម្លាំង​សេដ្ឋកិច្ច​ជាតិ និង​សូម្បី​សេដ្ឋកិច្ច​គ្រួសារ ដែល​គ្រប់​គ្នា គួរ​មាន​ចំណេះដឹង​ហោច​ណាស់​ជា​មូលដ្ឋាន​ពីវា ប៉ុន្តែ​ជាមួយ​គ្នា គេ​បែរ​ជា​មើល​ឃើញ​ថា វិស័យ​នេះ នៅ​តែ​ប្រឈម​ជាមួយ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន។

វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា បាន​ឆ្លង​កាត់​ដំណើរ​វែង​ឆ្ងាយ និង​យ៉ាង​ច្រើន​តំណាក់​កាល ដោយ​រាប់​ចាប់​តាំង​ពី ក្រោយ​បញ្ចប់​អាណានិគម​បារាំង ការ​ឆ្លង​កាត់​របប​ក្រហម និង​ការ​កសាង​ប្រទេស​ឡើង​វិញ មក​ដល់​បច្ចុប្បន្ន វិស័យ​ដែល​ជា​ឆ្អឹងកង​សំខាន់​នេះ បាន និង​កំពុង​ស្ថិត​នៅ​លើផ្លូវ​ត្រូវ និង​រក្សា​បាន​ភាពធន់។ នេះ​បើ​តាម​អ្នក​ជំនាញ។

របាយការណ៍ប្រចាំឆមាស​ឆ្នាំ​ទី១ ២០២២ និង​ទិសដៅឆមាទី២ បញ្ចេញ​ដោយ​លោក រ័ត្ន សោភ័ណ បាន​បង្ហាញ​ថា វិស័យ​ធនាគារ​ជាតិ​កម្ពុជា​នៅ​រក្សា​ភាព​ធន ហើយ​បាន​រួម​ចំណែក​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ជាតិ​ក្រោយ​កូវីដ១៩។ ការ​ងើប​ឡើង​នេះ ស្ដែង​ចេញ​តាម​រយៈ​កំណើនប្រាក់បញ្ញើ ៤០ ពាន់លានដុល្លារ កើន ១៦% ឆមាស​ទី១គណនី​ប្រាក់​បញ្ញើ​គណនី ជាង​១៣លាន។

ឥណទាន​អតិថិជន​បាន​កើត​ឡើង ជាង ២៣% ដល់​ជាង ៥១ ពាន់លាន​ដុល្លារ មាន​គណនី​អតិថិជន ដល់ ៣.៥លានគណនី។ យោង​តាម​យទ្ធសាស្ត្រ​បរិយាបន្នហិរញ្ញវត្ថុ ២០១៩ ២០២៥ ប្រជាជន​ពេញ​វ័យ​ជាង ៥៩% ទទួលសេវាហិរញ្ញវត្ថុ​ផ្លូវ​ការ ក្នុង​នោះ ១៧% ពី​ស្ថាប័នធនាគារ និង ៤២% ពី​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេង​ទៀត ១២% ទទួល​សេវាហិរញ្ញវត្ថុ​ក្រៅ​ផ្លូវ​ការ ២៩% មិនទាន់ទទួល​បាន​សេវាហិរញ្ញវត្ថុផ្លូវការ និង​មិន​ផ្លូវការ។

ធៀប​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការ មាន​ការ​រីកចម្រើន​ច្រើន ពោល​គឺ​ស្ថិត​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ និង​សម្រេច​បាន​តាម​ផែន​ការ​ដែល​មាន​ចែង​ក្នុងយុទ្ធសាស្ត្រជាតិស្ដី​ពីបរិយាបន្នហិរញ្ញវត្ថុផ្លូវការយុទ្ធសាស្ត្រជាតិ​ស្ដី​ពី​ហិរញ្ញវត្ថុ ២០១៩-២០២៥។ គិត​ត្រឹម​ឆ្នាំ ២ចុង២០២១ បរិយាបន្នហិរញ្ញវត្ថុផ្លូវ​ការ​កើន ៦៧% ធៀប​នឹង ៧០% នៃ​ផែនការ​ឆ្នាំ ២០២៥។

ទោះ​បែប​នេះ​ក្ដី វិស័យ​មួយ​នេះ នៅ​តែ​ត្រូវ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ថែម​ទៀត​ ដើម្បី​ជម្នះ​នូវ​ចំណុច​ប្រឈម​មួយ​ចំនួន។ តាម​លោក រ័ត្ន សោភ័ណ អនុប្រធាន សមាគមធនាគារនៅកម្ពុជា បាន​ឲ្យ​ដឹង​ថា បរិយាបន្នហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​បញ្ហា​មួយ​ចំនួន ដែល​រាំង​ស្ទះ​ដល់​ការ​រួម​ចំណែក​ពេញ​ទំហឹង​របស់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ការ​ទ្រទ្រង់​កម្លាំង​សេដ្ឋកិច្ច​មានជា​អាទិ៍ ទី១ ចំណេះ​ដឹង​ជា​មូលដ្ឋាន​អំពី​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ។ ទី២ កង្វះ​ការ​រាយការណ៍​ព័ត៌មាន ពី​វិស័យ​ធនាគារ និង​ហរិញ្ញវត្ថុ ទៅ​កាន់​ប្រជាពលរដ្ឋ។

លោក សោភ័ណ្ឌ បាន​លើក​ឡើង​ទៀត​ថា លទ្ធភាព​ក្នុង​ការ​ស្វែង​យល់​ពី​​ចំណេះដឹង​ហិរញ្ញវត្ថុ គឺ​ជា​កត្តា​សំខាន់​ណាស់។ ដូច្នេះ​ហើយ ទាមទារ​នូវ​ការ​ចូល​រួម​របស់​ភាគី​ពាក់ព័ន្ធ ដើម្បី​បញ្ជ្រាប​ការ​យល់​ដឹង​របស់ប្រជាពលរដ្ឋ​អំពី​តួនាទី ក៏​ដូច​ជា​អត្ថប្រយោជន៍​នៃ​រួម​ចំណែក​របស់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ ក៏​ដូច​ជា​សេដ្ឋកិច្ច​គ្រួសារ។

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការី ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួត​ពិនិត្យ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​ បាន​ទទួល​ស្គាល់​ចំពោះ​តួនាទី​របស់​ប្រព័ន្ធ​ធនាគារ ក្នុង​ការ​ចូល​រួម​លើក​កម្ពស់​កម្លាំង​សេដ្ឋកិច្ច សិ្ថរភាព​ចំណូល និង​ការ​កាត់​បន្ថយភាព​ក្រីក្រ តាម​រយៈ​ការ​បង្កើន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុងាយស្រួល និង​មាន​តម្លៃ​សមរម្យ។

ក្នុង​ន័យ​នេះ យុទ្ធសាស្ត្រជាតិ​ស្ដី​ពី​បរិយាបន្ន​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជា​ឧបករណ៍​ទ្រទ្រង់ ដល់​ការ​អនុវត្តន៍​យុទ្ធសាស្ត្រ ប្រកប​ដោយ​ប្រិសទ្ធភាព និង​យុទ្ធសាស្ត្រ ​អភិវឌ្ឍវិស័យហិរញ្ញវត្ថុ​២០១៦ ២០២៥។ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ស្រប​តាម​យុទ្ធសាស្ត្រ​នេះ ធនាគារ​ជាតិ​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​លើ​វិស័យ​ធនាគារ និង​ហរិញ្ញវត្ថុ ក៏​បាន និង​កំពុង​ធ្វើ សកម្មភាពមួយ​​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​បរិយាបន្ន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា មាន​ជា​អាទិ៍ កាត់​បន្ថយ​ស្ត្រី​ដែល​មិន​ទាន់​ទទួលបាន​ប្រើ​ប្រាស់​សេវាហិរញ្ញវត្ថុឲ្យបាន​ពាក់​កណ្ដាល​ពី ២៧% មក ១៣% និង​ពង្រីក​ការ​ប្រើ​ប្រាស់​សេវាហិរញ្ញវត្ថុ​ផ្លូវ​ការ ពី ៥៩% ទៅ ៧០% ត្រឹម ២០២៥។

ព្រម​ទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុខមាលភាព​គ្រួសារ និង​គាំទ្រ​កំណើន​សេដ្ឋកិច្ច។ ក្រៅ​ពី​នេះ មាន​ការ​លើក​ទឹកចិត្តឲ្យ​មាន​ការ​សន្សំ នៅ​តាម​គ្រឹះស្ថាន​ផ្លូវ​ការ កំណើន​សហគ្រាសធុនតូច និង​មធ្យម និង​ការ​ពង្រីក​សមត្ថភាព​ប្រព័ន្ធ​ទូទាត់ ការ​ពង្រីក​ការ​ផ្ដល់​សេវា​ធានារ៉ាប់រងឲ្យបាន​ទូលំទូលាយ និង​ការ​លើក​កម្ពស់​កិច្ចការពារ​អតិថិជន ព្រម​ទាំង​បង្កើន​តម្លាភាព​ក្នុង​ប្រព័ន្ធវិស័យ​ហិរញ្ញវត្ថុ។

ធនាគារជាតិ​កម្ពុជា ក៏​បាន និង​កំពុង​ធ្វើ​ផង​ដែរ នូវការ​បញ្ជ្រាប​ចំណេះដឹង​ហិរញ្ញវត្ថុទៅ​ក្នុង​កម្មវីធី​សិក្សា​ចំណេះដឹង​ទូទៅ ដោយ​សហការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ យូហ្វា។ ការ​ងារ​លើក​កម្ពស់​ចំណេះដឹង​ការងារ​ហិរញ្ញវត្ថុ​ចំពោះ​ស្ត្រី និង​សហគ្រិន​ស្ត្រី ក្រោម​កិច្ច​សហការ​ជាមួយ​នឹង​ក្រសួង​កិច្ចការ​នារី ជាដើម។

ទាំង​នេះ ជា​សកម្មភាព​ដើម្បី​ពង្រីក​ចំណេះដឹង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ចង្កោម​ប្រជាពលរដ្ឋ។ ដូច្នេះ​ឯកឧត្តម គាំទ្រ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​មូលដ្ឋាន​ចំណេះដឹង និង​សេវា​ហិរញ្ញវត្ថុ​ផ្លូវ​ការ​កាន់​តែ​ច្រើន​ពី​គ្រឹស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ។

ការ​ទទួល​បាន​ចំណេះដឹង​ហិរញ្ញវត្ថុ​របស់​ប្រជាពលរដ្ឋ តាម​លោក រ័ត្ន សោភ័ណ អនុប្រធាន សមាគមធនាគារនៅកម្ពុជា មាន​ការ​ជាប់​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ចំពោះ​អ្នក​សារព័ត៌មាន ដែលជា​អ្នក​ពាំនាំ​ព័ត៌មាន​ហិរញ្ញវត្ថុ​ទៅ​កាន់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ជាក់​ស្ដែង ការរាយការណ៍​ព័ត៌មាន​ពី​វិស័យ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ឬសគល់​ពី​ក្រោយ​នេះ គឺ​អ្នក​សារព័ត៌មាន​ខ្លួន​ឯង​នៅ​មាន​ចំណេះ​ដឹង​តិច​តួច​ពី​វិស័យ​ហិរញ្ញវត្ថុ​ដូច​គ្នា។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​អនុប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា បាន​ទទួល​ស្គាល់​លើ​បញ្ហា​នេះ។ លោក​ថា មាន​សភាព​ខុស​គ្នា​ខ្លះ​ចំពោះ​អ្នក​សារព័ត៌មាន​កម្ពុជា និង​អ្នក​សារព័ត៌មាន​ប្រទេស​ដទៃ ដែល​ស្រុក​គេ​មាន​ អ្នក​សារព័ត៌មាន​ជំនាញ​ទៅ​តាម​ផ្នែក ដូច​ជាផ្នែក នយោបាយ សេដ្ឋកិច្ច កីឡា និង​សុខភាព​ជា​ដើម។

ដោយ​ឡែក​នៅ​កម្ពុជា នៅ​ខ្វះ​អ្នក​សារព័ត៌មាន​ជំនាញ​ៗដូច​នោះ។ ដូច្នេះ​លោក ស្នើ​ស្ថាប័ន​សារព័ត៌មាន​នានា គប្បី​បែង​ចែក ​អ្នក​សារព័ត៌មាន​ទៅ​តាម​ផ្នែក​ច្បាស់​ៗ​ដូច​ខាង​លើ ដើម្បី​ផ្ដល់​លទ្ធភាព​ឲ្យ​ពួក​គេ បាន​តាម​ជាប់​នឹង​ស្ថានការណ៍​នៃ​វិស័យ​មួយ​ៗ។ ធ្វើ​បែប​នេះ អ្នក​សារព័ត៌មាន​កម្ពុជា បន្តិច​ម្ដង​ៗ នឹង​ផ្ដើម​មាន​ជំនាញ។

ក្រៅ​តែ​ពី​កង្វះខាត​ពី​ខាង​អ្នក​សារព័ត៌មាន លោក ប៉ែន បូណា ក៏​បាន​លើក​ឡើង​ដែរ​ថា ខាង​ផ្នែក​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក៏​មាន​ចន្លោះ​ប្រហោង​ដូច​គ្នា​នា​កាល​កន្លង​មក នោះ​គឺ​ការ​មើល​រំលងតួនាទី​របស់​អ្នក​សារព័ត៌មាន។ ដូច្នេះ​លោក ស្នើគ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ តោង​ព្យាយាម​បង្កើត​មធ្យោបាយ​ទំនាក់ទំនង ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន ហើយ​បង្កើត​ការ​បណ្ដុះ​បណ្ដាល​របស់​ពួក​គេ ឲ្យ​មាន​ចំណេះដឹង​ច្បាស់​លាស់​​លើ​វិស័យ​នេះ មុន​ពេល​ពួក​គេ​អាច​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ពីវិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ទៅ​កាន់​ប្រជាពលរដ្ឋ​បាន​ច្បាស់​លាស់ និង​ស៊ី​ជម្រៅ។

ក្លឹប​អ្នក​កាសែត និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ទើប​បាន​សហការ​គ្នា​លើក​ដំបូង បើក​វគ្គ​បណ្ដុះ​បណ្ដាល​អ្នក​សារព័ត៌មាន​លើ​វិស័យ​នេះ​កាល​ខែ​មករា ២០២២ ដោយ​មាន​អ្នក​សារ​ព័ត៌មាន​ចំនួន ២៨នាក់ មក​ពី​ស្ថាប័ន​ចំនួន ២៦ បាន​ចូលរួម។ កិច្ចសហការ ​ក៏​បង្កើត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​អត្ថ​បទ​សារព័ត៌មាន​អំពី​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ផង និង​បាន​រក​ឃើញ​អ្នក​ឈ្នះ​ជយលាភី​ចំនួន ៥នាក់។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ជូន​វិញ្ញាបនបត្រដល់​សិក្ខាកាមដែលបានចូល​រួម​បណ្ដុះបណ្ដាល និង​អ្នក​ឈ្នះ​ជយលាភី ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើក​ឡើង​ថា នេះ​ជា​ការ​ចេញ​ដំណើរ​​យ៉ាង​ល្អ ក្នុង​ការ​លើក​កម្ពស់​ចំណេះដឹង​ពី​វិស័យ​នេះ​លើ​អ្នក​សារព័ត៌មាន។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា ការ​មាន​ចំណេះដឹង​ពីហិរញ្ញវត្ថុ​សម្រាប់​អ្នក​សារព័ត៌មាន គឺ​ជា​រឿង​សំខាន់ ដូច្នេះ​ពិត​ជា​ប្រសើរ​ដែល​ក្លឹប​អ្នក​កាសែត និង​ស្ថាប័ន​ធនាគារ និង​ហិរញ្ញវត្ថុ បង្កើត​ឲ្យ​មាន​កិច្ច​សហការ​នេះ ដើម្បី​ជួយ​ឲ្យ​អ្នក​សារព័ត៌មាន​មាន​ជំនាញ និង​ឈាន​ទៅ​កាត់​បន្ថយ​អនក្ខរកម្ម​ចំណេះដឹងធនាគារ​ហិរញ្ញវត្ថុ​របស់​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា៕

អត្ថបទ៖ ទារិកា