ទើប​រក​ឃើញ កោះ​មួយ ស្ថិត​ជិត​កោះ​ស្ដេច​ មាន​ប្រជាពលរដ្ឋ​រស់​នៅ​តែ ១គ្រួសារ​គត់

  • 2022-08-11 04:08:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កោះស្ដេច គឺ​ជា​ឈ្មោះ​កោះ​ដ៏​ស្រស់​ស្អាត​មួយ​របស់​កម្ពុជា​មាន​ភូមិសាស្ត្រ​ក្នុង​ទឹកដីខេត្តកោះកុង ដែល​មនុស្ស​ភាគ​ច្រើន ពិសេស​អ្នក​និយម​ដំណើរ​ទស្សនាចរ បាន​ស្គាល់ និង​ធ្លាប់​ទៅ​លេង។ ប៉ុន្តែ​ជឿថា មាន​មនុស្ស​មិន​ច្រើន​ទេ ដែល​ធ្លាប់​បាន​ស្គាល់​កោះ​មួយ​ចំនួន​ទៀត​ស្ថិត​ក្នុង​ប្រជុំ​កោះ​ស្ដេច ហើយ​មួយ​ក្នុង​ចំណោម​នោះ គឺ​មាន​ប្រជាជន​រស់​នៅ​តែ​១គ្រួសារ​តែ​ប៉ុណ្ណោះ។

ដំណឹង​នេះ ទើប​បាន​លេច​ឡើង ក្រោយ​ពី​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី ៤ បាន​រុករក និង​បាន​ទៅ​ដល់​ក្នុង​បេសកកម្ម​រុករក​សក្ដានុពល​ដែនកោះ​របស់​កម្ពុជា​។ តាម​ក្រុម​ការងារ កោះ​នោះ​មាន​ឈ្មោះ​ថា "កោះ​ខ្មោច" ឬ​ហៅ​ជា​ភាសា​អន្តរជាតិ (Koh Reakreay)។ កោះ​នេះ មាន​ទំហំ​ ១០.៩ហិកតា​ហើយ​ប្រិយមិត្ត​អាច​ធ្វើ​ដំណើរ​ពី​កោះស្ដេច​មក ចំណាយ​ពេល​តែ​ប្រមាណ ១០នាទី​តែ​ប៉ុណ្ណោះ។

តាម​ព័ត៌មាន​ដែល​ក្រុម​ការងារ​ទទួល​បាន ដោយ​សារ​មាន​ទំហំ​តូច កោះ​នេះ មាន​ប្រជាពលរដ្ឋ​រស់​នៅ​តែ ១គ្រួសារ​ប៉ុណ្ណោះ រស់​នៅ​ប្រកប​របរ​នេសាទ​ចិញ្ចឹម​ជីវិត។ ក្រៅ​ពី "កោះ​ខ្មោច" ប្រជុំ​កោះស្ដេច មាន​កោះ​មួយ​ចំនួន​ទៀត ដែល​មាន​សក្ដានុពល​ទេសចរណ៍​ខ្លាំង​ដូច​គ្នា ក្នុង​នោះ​មាន៖

"កោះ​ស្មាច់" ប្រិយមិត្ត​អាច​​ធ្វើ​ដំណើរ ២០នាទី​ពី​កោះ​ស្ដេច នឹង​បាន​ទៅ​ដល់។ កោះ​នេះ​មាន

ទំហំ ១.៨គីឡូម៉ែត្រការ៉េ មាន​ប្រជាជនក្រោម ២០០នាក់​។ ចំណុច​លេច​ធ្លោ​របស់​កោះ​នេះ គឺ​ទឹកសមុទ្រ​មាន​សភាព​ថ្លា​ដូច​កញ្ចក់ មើល​ឆ្លុះ​ដល់​បាត​ឃើញ​ច្បាស់​ជីវចម្រុះ​។ ដោយ​សារ​តែ​បែប​នេះ កោះ​ខ្មោច បច្ចុប្បន្ន​បាន និង​កំពុង​អភិវឌ្ឍ​ហេដ្ឋរចនាសម្ព័ន្ធ​បន្ថែម ដែល​តាម​រយៈ​វីដេអូ​របស់​ក្រុម​ការងារ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី ៤ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​កំពុង​អភិវឌ្ឍ​នោះ ប្រៀប​ដូច​ជា​រីស៊ត​ធំ​មួយ។

បន្ត​មក​ទៀត កោះ​ដែល​ស្ថិត​ក្នុង​ប្រជុំ​កោះ​ស្ដេច​ដែរ គឺ "កោះ​អំពិល"។ កោះ​នេះ​ចែក​ចេញ​ជា ៣​ផ្នែក គឺកោះ​អំពិលក្រៅ កោះ​អំពិល​ក្នុង និង​កោះ​អំពិល​កណ្ដាល។ កោះ​នេះ​នៅ​ជិត​ជាង​គេ ដោយប្រិយមិត្ត​ធ្វើ​ដំណើរ ១០នាទី​ប៉ុណ្ណោះ​ពី​កោះ​ស្ដេច នឹង​បាន​ទៅ​ដល់។ កោះ​ទាំង៣ សុទ្ធ​តែ​មាន​សក្ដានុពល​ទេសចរណ៍ ហើយ​ដូច​ប្រាប់​ខាង​លើ កោះ​ខ្លះ​ក្នុង​ចំណោម​នោះ នឹង​ក្លាយ​ជា​ទីទាក់ទាញ​ទេសចរណ៍​ច្រើន​បំផុត នា​ពេល​អនាគត។

តោះ...ឥឡូវ​ទៅ​ទស្សនា​ទាំង​អស់​គ្នា ជិត​ចុង​សប្ដាហ៍​ស្រាប់​ផង ម៉េច​ៗ បបួល​គ្នា​ដាក់​ម៉ាទ្រីប​ហ្មង!

អត្ថបទ៖ ទារិកា