ក្រុមហ៊ុន FWD ដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ «Omne» ដែលផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងអាយុជីវិត

  • 2022-09-09 02:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ, ០៩ កញ្ញា ២០២២ – ក្រុមហ៊ុន FWD បានប្រកាសសម្ពោធជាផ្លូវការនូវកម្មវិធីទូរស័ព្ទ «Omne» ដែលមានមុខងារពិសេសៗជាច្រើនដើម្បីជួយដល់អ្នកប្រើប្រាស់ក្នុងការកំណត់គោលដៅផ្ទាល់ខ្លួន ព្រមទាំងរីករាយនឹងកម្មវិធីកម្សាន្តជាច្រើន។

កម្មវិធីទូរស័ព្ទដៃ Omne ត្រូវបានបង្កើតឡើងដើម្បីជួយផ្តល់ការរស់នៅប្រកបដោយភាពរីករាយជូនដល់អ្នកប្រើប្រាស់តាមរយៈមុខងារដែលជំរុញឱ្យសម្រេចបានគោលដៅប្រចាំថ្ងៃ។ កម្មវិធីទូរស័ព្ទនេះ មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងមានមាតិកាជាច្រើនរួមមាន តន្រ្តី ល្បែងខ្លីៗ ការគូររូប សុខភាព និងមុខងារកម្សាន្តជាច្រើនទៀត ដែលតម្រូវតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ កម្មវិធី Omne ក៏នឹងនាំយកមុខងារស្វ័យប្រវត្តិជាច្រើនសម្រាប់អតិថិជនរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ផងដែរក្នុងពេលខាងមុខ។

លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «ផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់យើងក្នុងការផ្តល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងអាយុជីវិត គឺការត្រៀមខ្លួនដើម្បីផ្តល់នូវគុណតម្លៃដែលស្របតាមតម្រូវការរបស់អតិថិជនក្នុងសម័យឌីជីថលនេះ។ កម្មវិធី Omne បាននាំមកនូវបទពិសោធន៍ថ្មីក្នុងការសម្រេចគោលដៅផ្ទាល់ខ្លួន ជាមួយនឹងសកម្មភាពកម្សាន្តផ្សេងៗជាច្រើនដែលអាចឱ្យអ្នកប្រើប្រាស់បង្កើត និងសម្រេចបានទម្លាប់តូចៗប្រចាំថ្ងៃបានយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទដៃ។»

ក្រុមហ៊ុន FWD បានសហការជាមួយក្រុមហ៊ុនជាច្រើនដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងពិភពលោក ដើម្បីផ្តល់នូវមាតិកា និងសេវាកម្មផ្តាច់មុខដោយឥតគិតថ្លៃក្នុងកម្មវិធីទូរស័ព្ទមួយនេះ ហើយអាចប្រើប្រាស់លើទីផ្សារទាំង 10 នៅទូទាំងតំបន់អាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ។ ដៃគូទាំងនោះរួមមាន ម៉ាកតន្ត្រីធំជាងគេមួយក្នុងពិភពលោក និង ONE Esports ដែលជាប្រព័ន្ធផ្សព្វផ្សាយផ្នែកកីឡាឈានមុខគេ។ កម្មវិធី Omne នឹងផ្ដល់នូវគុណតម្លៃចម្រុះជាច្រើនដល់អ្នកប្រើប្រាស់ទាំងអស់នៅគ្រប់ទីផ្សាររបស់ ក្រុមហ៊ុន FWD ដោយការសហការបន្ថែមជាមួយនឹងដៃគូល្បីៗផ្សេងទៀតរួមមាន Dacadoo, Nuralogix, STASH NextGen, Shadow Factory, Koa Health និង Imunis ជាដើម។

ចាប់ពីពេលនេះទៅ កម្មវិធី Omne នឹងមានវត្តមានលើទីផ្សារទាំងអស់របស់ក្រុមហ៊ុន FWD សម្រាប់សាធារណជនប្រើប្រាស់ជាផ្លូវការ។ លោកអ្នកអាចទាញយកកម្មវិធីនេះដោយឥតគិតថ្លៃទាំងនៅលើ App Store និង Play Store។

អំពីក្រុមហ៊ុន FWD

ក្រុមហ៊ុន FWD ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមានអតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមានទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។

ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេសសម្រាប់ឆ្នាំ ២០២១។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.fwd.com.kh

អត្ថបទថ្មី