នេះៗៗៗ! ឡាន SUV បែបគ្រួសារទីមួយរបស់ Ferrari ចេញហើយ ប្រើម៉ាស៊ីនមហាខ្លាំង V12

  • 2022-09-14 03:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ferrari មិនឱ្យអតិថិជនខ្លួនត្រូវរង់ចាំយូរទៀតទេ ពោលគឺទីបំផុតបានបញ្ចេញរថយន្តប្រភេទ SUV បែបគ្រួសារជាលើកដំបូង ដែលជាម៉ូដែល Purosangue ស៊េរីឆ្នាំ២០២៣។

ថ្វីបើវាជារថយន្ត SUV ក៏ដោយតែ Ferrari នៅតែបំពាក់ម៉ាស៊ីនដ៏ខ្លាំងសម្បើម ដោយវាប្រើម៉ាស៊ីន V12 ចំណុះ ៦,៥លីត្រ ផលិតបានកម្លាំង ៧១៥សេះ និងកម្លាំងរមួល ៧១៦ញ៉ូតុនម៉ែត្រ ដំណើរការជាមួយប្រអប់លេខ dual-clutch ៨វគ្គ រត់ប៉ុង២ ជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រក្នុង១ម៉ោង ប្រើពេល ៣,៣វិនាទី និងមានល្បឿនអតិបរមា ៣១០គីឡូម៉ែត្រក្នុង១ម៉ោង។

យ៉ាងណាមិញ វាក៏អាចមានជម្រើសប្រើម៉ាស៊ីន V6, V8 និង Hybrid ផងដែរ ប៉ុន្តែនឹងបង្ហាញចេញនៅពេលក្រោយ។

រូបរាងរបស់រថយន្ត Ferrari Purosangue ត្រូវបានឌីហ្សាញជាបែបអនាគតតែម្តងនិងរក្សាទម្រង់ជារាងស្ព័រ តួខ្លួនវាស្រោបដោយអាលុយមីញ៉ូមដែលធ្វើឱ្យវាមានទម្ងន់ធ្ងន់ ងាយស្រួលបើកជ្រែកខ្យល់ មិនឃ្លីងឃ្លោង ឬហៅថា ការឌីហ្សាញបែប Aerodynamic។ ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ វាបំពាក់បំពង់ស៊ឺមុំាង៤ ឯដៃទ្វារជាប្រភេទ Pop out ដែលកំពុងពេញនិយមដាក់លើរថយន្តប្រណីតនាពេលបច្ចុប្បន្ន។

បើក្រឡេកមកមើលផ្នែកខាងក្នុង យើងចាប់អារម្មណ៍ចំពោះអេក្រង់របស់វា ចែកជាពីរនៅម្ខាងៗពីគ្នា ដោយកន្លែងតៃកុងជាកុងទ័រឌីជីថល ១០,២អ៊ីញនៅក្រោយដៃចង្កូត និងកន្លែងកៅអីអ្នកដំណើរខាងមុខជាប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ១០,២អ៊ីញ អាចភ្ជាប់ Apple CarPlay និង Android Auto ប៉ុន្តែមិនអាចប្រើប្រព័ន្ធ Navigation បានឡើយ។

ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយអ្នកបើកបរដែលបំពាក់លើរថយន្ត SUV នេះមានដូចជា ប្រព័ន្ធហ្វ្រាំងបន្ទាន់អូតូ, ភ្លើងហ្វាអូតូ, ប្រព័ន្ធគ្រប់គ្រងល្បឿនធៀបនឹងល្បឿនរថយន្តខាងមុខ, ប្រព័ន្ធជួយឱ្យរថយន្តរក្សាការបើកក្នុងគន្លង និងមុខងារ Blind-spot ជាដើម។

តែយ៉ាងណាចំពោះតម្លៃរថយន្តនេះវិញ ក្រុមហ៊ុន Ferrari មិនទាន់ទម្លាយឱ្យដឹងនៅឡើយទេ ប៉ុន្តែគេប៉ាន់ស្មានថា វាអាចនឹងមានតម្លៃខ្ទង់ ៤០ម៉ឺនដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី