របាយការណ៍​ថ្មី បង្ហាញថា ចិន កំពុងផុង​ជាមួយ​នយោបាយ Zero-Covid របស់​ខ្លួន!

  • 2022-11-03 08:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេលជាងមួយសប្តាហ៍ហើយ ចាប់តាំងពីមេដឹកនាំចិនលោក Xi Jinping បានចាប់ផ្តើមអាណត្តិទី 3 របស់ខ្លួន ខណៈគោលនយោបាយគ្មានកូវីដ១៩(Zero Covid-19) បាន និង​កំពុង​ធ្វើ​ពលរដ្ឋ​ស្ទើរទូទាំង​ប្រទេស​ជួប​ទុក្ខ​វេទនា។

នៅទីក្រុង Xining ភាគពាយ័ព្យ អ្នកស្រុកបានចំណាយពេលកាលពីសប្តាហ៍មុន អង្វរសុំអាហារយ៉ាងអស់សង្ឃឹម ខណៈដែលពួកគេបានរងទុក្ខតាមរយៈការបិទខ្ទប់​ដ៏តឹងរ៉ឹងចុងក្រោយបង្អស់របស់ប្រទេស។ នៅភាគខាងលិច នៅទីក្រុង Lhasa រដ្ឋធានីក្នុងតំបន់នៃទីបេ ហ្វូងមនុស្សដែលមានកំហឹងបាននឹងកំពុងតវ៉ានៅតាមដងផ្លូវបន្ទាប់ពីការបញ្ជាឱ្យស្នាក់នៅផ្ទះអស់រយៈពេលជាង 70 ថ្ងៃ។

នៅខេត្តហឺណាន ភាគកណ្តាល​ឯណោះ កម្មករចំណាកស្រុកបានបោះបង់ចោលរោងចក្រ Foxconn ដែលត្រូវបានបិទ​ខ្ទប់​យ៉ាងតឹងរ៉ឹង ដោយដើរជាច្រើនម៉ាយដើម្បីគេចពីការផ្ទុះឡើងនៅឯកន្លែងដំឡើង iPhone ដ៏ធំបំផុតក្នុងប្រទេសចិន។ ហើយនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុភាគខាងកើតនៃទីក្រុងសៀងហៃ អ្វីៗមានភាពអាប់អួរ សូម្បីតែនៅ Disneyland - ឧទ្យាននេះបានបិទទ្វារភ្លាមៗកាលពីថ្ងៃចន្ទ ដើម្បីអនុវត្តតាមវិធានការការពារ Covid ដោយ​បាន​រារាំង​អ្នកទស្សនានៅខាងក្នុង​ទុក សម្រាប់ការធ្វើតេស្តរក​កូវីដ១៩ ដែល​ត្រូវ​ចាត់​ថា​ជាកាតព្វកិច្ច។

នៅតាមតំបន់ជាច្រើនទៀតនៃប្រទេស ការបិទ​ខ្ទប់ ការដាក់ឱ្យនៅដាច់ពីគេ គឺ​ជាកាតព្វកិច្ចដូចគ្នា ហើយការប្រកាសអំពីការធ្វើតេស្តដ៏ធំ កើត​មាន​ឥតឈប់ឈរ ខណៈ​ការ​រឹត​បន្តឹង​លើ​ការធ្វើដំណើរ ការ​ធ្វើ​អាជីវកម្ម​នានា នៅតែ​បន្ត បើ​ទោះបីជាប្រទេសផ្សេងទៀតក្នុង​ពិភពលោក បាន និង​កំពុង​ចាកចេញ​ពីភាព​ភ័យខ្លាច នៃ​ជំងឺរាតត្បាត​នេះ​ក៏ដោយ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ទារិកា

អត្ថបទពេញនិយម