ទម្ងន់ផ្ទុក ២១០តោន ត្រូវបានធ្វើតេស្ដវិជ្ជមានលើស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ មុនបើកដំណើរការជាអចិន្ដ្រៃយ៍ ស្អែក
- 2025-05-13 07:14:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្ងន់ផ្ទុក ២១០តោន ត្រូវបានធ្វើតេស្ដវិជ្ជមានលើស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ មុនបើកដំណើរការជាអចិន្ដ្រៃយ៍ ស្អែក
ចន្លោះមិនឃើញ
ស្ពានលេខ២៨ ដែលខ្ពស់ជាងគេនៅកម្ពុជា ឆ្លងស្ទឹងឬស្សីជ្រុំ នៃផ្លូវជាតិលេខ១០ បានធ្វើតេស្ដទម្ងន់ផ្ទុករហូតដល់ ២១០តោន មុនបើកឲ្យដំណើរការជាអចិន្ដ្រៃយ៍នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ស្អែក។
បើតាមក្រសួង សាធារណៈការ និងដឹកជញ្ជូន ឡានបែនខ្នាតធំមានផ្ទុកដីទម្ងន់ ៣៥តោន ចំនួន ៦គ្រឿង ត្រូវបើកទៅដាក់តម្រៀបគ្នាលើស្ពាន ដើម្បីពិនិត្យសមត្ថភាពស្ពានវែង និងខ្ពស់បំផុតមួយនេះ ថាតើមានគុណភាពរឹងមាំទៅតាមស្ដង់ដារ ឬអត់។ ក្រោយធ្វើតេស្ដលើការទទួលបន្ទុកអចលនា និងបន្ទុកចលនា មន្ដ្រីជំនាញបានរកឃើញលទ្ធផលវិជ្ជមាន ពោលគឺស្ពានមានគុណភាពត្រឹមត្រូវតាមស្ដង់ដារ។
ស្ពានលេខ២៨ មានប្រវែង ៥៣០ម៉ែត្រ និងកម្ពស់ ៩០ម៉ែត្រ។ ស្ពានក្នុងក្ដីស្រមៃដំណើរកម្សាន្ដ ជាមួយនឹងទិសដៅទេសចរបែបធម្មជាតិជូរភ្នំ និងដងស្ទឹងដ៏ស្រស់ស្អាត ធ្លាប់បានបើកដំណើរការសាកល្បងរយៈពេល ៧ថ្ងៃម្ដងហើយ កាលអំឡុងបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ២០២៥ ម្ដងហើយ។ ប៉ុន្ដែចាប់ពីថ្ងៃស្អែកនេះ តទៅបងប្អូនអាចធ្វើដំណើរដោយរថយន្ដគ្រប់ធន់ឆ្លងកាត់ស្ពាន ជាមួយផ្លូវទើបកសាងរួច។
ផ្លូវជាតិលេខ ១០ ដែលមានស្ពានវែង និងខ្ពស់ជាងគេនេះ បានតភ្ជាប់ការធ្វើដំណើរ និងបម្រើដល់វិស័យដឹកជញ្ជូនកាន់តែងាយស្រួលឆ្លងកាត់ខេត្តកោះកុង ពោធិ៍សាត់ និងខេត្ដបាត់ដំបង មានប្រវែងជាង ១៩៨(១៩៨,៥១៨) គីឡូម៉ែត្រ។ ក្នុងគម្រោងសាងសង់ផ្លូវនេះ មានរយៈពេល ៦៦ខែ ដោយចាប់ផ្ដើមតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយកំណត់ពេលបង្ហើយការងារចុងក្រោយនាខែមិថុនា ឆ្នាំ២០២៥ ប៉ុន្ដែគម្រោងបានបញ្ចប់មុនកាលកំណត់៕