ម្ចាស់ពាន​រង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ និយាយអ្វីខ្លះ​ក្នុងបទបង្ហាញ​ មុន​ការ​ប្រកាស​ជយលាភីដ៏រំភើបនេះ?

  • 2022-11-24 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់រយៈពេលជាច្រើនខែនៃដំណើរការប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិឆ្នាំ ២០២២ ជយលាភី​​ត្រូវបានប្រកាសនាល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយម្ចាស់ពានរង្វាន់ឆ្នាំនេះបានទៅលើលោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុនខ្មែរ ហ្វ្រេសមិល ឯ.ក កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំ និងទំនើបបំផុតរបស់ប្រទេសកម្ពុជា។

ការប្រកួតឆ្នាំនេះ ត្រូវបានអ្នករៀបចំកម្មវិធីលើកឡើងថា ប្រមូលផ្ដុំដោយសហគ្រិនខ្លាំងៗជាច្រើន។ នាយកប្រតិបត្តិក្រុមហ៊ុនខ្មែរ ហ្វ្រេសមិល ឯ.កមកពីខេត្តតាកែវ រូបនេះស្ថិតក្នុងចំណោមអ្នកចូលរួមដាក់ពាក្យប្រកួតប្រជែងរហូតដល់ ២៥៤ក្រុមហ៊ុនពីទូទាំងប្រទេសកម្ពុជាមាន២៥រាជធានី-ខេត្ត ដែលបានឆ្លងកាត់ដំណាក់កាលវាយតម្លៃ ចុះទៅពិនិត្យដល់ទីកន្លែង បទបង្ហាញ សំណួរដេញដោល និងការផ្ដល់ពិន្ទុដល់សុក្រឹតពីគណកម្មការជំនាញ។

មុនឈានដល់រាត្រីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២ លោក ឈរ រិទ្ធី បានធ្វើបង្ហាញយ៉ាងពិស្ដារ ដែលបំពេញទៅតាមលក្ខខណ្ឌពេញលេញជាម្ចាស់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២២។

នៅចំពោះមុខភ្ញៀវកិត្តិយស និងគណកម្មការវាយតម្លៃដ៏ជំនាញទាំង៧រូប ក្នុងសាលនៃសណ្ឋាគារ​ហ៊ីម៉ាវ៉ារី លោកបានរំឭកប្រាប់ថា៖ «មុនដំបូង ក្នុងឆ្នាំ២០១១ ដើមឡើយ Founders របស់យើងបានទៅទស្សនានៅប្រទេសផ្សេងៗ រួមទាំងប្រទេសអ៊ីស្រាអែល ហើយយើងបានឃើញទីផ្សារកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ។ យើងត្រឡប់មកវិញ យើងមើលប្រទេសយើង មានទឹកដោះគោស្រស់ជាច្រើនដែលត្រូវបាននាំចូលពីប្រទេសផ្សេង ហើយភាគច្រើនគឺ Powder based ធ្វើពីម្សៅ។ យើង​ក៏មានការស្រមៃមួយថា ហេតុអ្វីក៏យើងមិនមានកសិដ្ឋានមួយ ចិញ្ចឹមគោ​យក​ទឹកដោះ ដែលផលិតទឹកដោះគោសុទ្ធដើម្បីសុខភាព សុខមាលភាពប្រជាជនរបស់យើង»។

ដូច្នេះហើយ សហស្ថាបនិកទាំងអស់បានកៀរគររកនូវ Fund និងមូលនិធិដោយសហការជាមួយក្រុមហ៊ុន Afimilk ជាក្រុមហ៊ុន Top 5 ល្បីជាងគេបំផុតនៅលើពិភពលោក មកបង្កើតកសិដ្ឋានគិរីសួគ៌ឡើង ដោយផ្ដល់នូវបច្ចេកទេស ទាំងការសាងសង់ និងការថែទាំគោទាំងអស់ហ្នឹង។

ក្នុងកម្មវិធីប្រកួតប្រជែងសហគ្រិនថ្នាក់ជាតិឆ្នាំ ២០២២ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកបានលើកឡើងថា៖ «យើងដឹងហើយគោ ការចិញ្ចឹមសត្វមួយ ជីវិតមួយមិនមែនជាការងាយស្រួលពេកនោះទេ។ គោត្រូវការនូវចំណីអាហារដែលល្អជាងគេបំផុត។ កសិដ្ឋានរបស់យើងបានដាំស្មៅដោយប្រើបច្ចេកទេសខ្ពស់បំផុត ដែលជាស្មៅមានគុណភាពល្អដើម្បីចិញ្ចឹមគោ តម្រូវទៅតាមលក្ខខណ្ឌគោរបស់យើង។ ទន្ទឹមនឹងហ្នឹង យើងបានជ្រើសរើសពូជគោដ៏ពិសេស ដែលជាប្រភេទ Holstein heifers មកពីប្រទេសអូស្ត្រាលី ដោយគោខ្លះបានជិះយន្តហោះពីប្រទេសអូស្ត្រាលី មកដល់ស្រុកខ្មែរយើង»។

កសិដ្ឋានគិរីសួគ៌បានចាប់ផ្ដើមដោយនាំចូលនូវគោចំនួន៥៥០ក្បាល ហើយបច្ចុប្បន្នកសិដ្ឋានមានគោចំនួន ៩០០ក្បាលមានបំពាក់ឈីបតាមដានសុខភាព ហើយការប្របាច់យកទឹកដោះត្រូវបានធ្វើឡើងជាមួយបច្ចេកទេសទំនើបបំផុត។ ទឹកដោះចេញពីគោរហូតដល់ច្រកដប មិនមានប៉ះពាល់ដោយដៃឡើយ។

ក្រៅពីមានផលិតផលក្នុងស្រុកដ៏ល្អ លោកក៏បានសង្កត់ធ្ងន់លើយុទ្ធសាស្ត្រទីផ្សារផងដែរថា៖ «អ្វីដែលយើងធ្វើការកែច្នៃផលិតផលរបស់យើង យើងមើលលើទីផ្សារទាំងអស់ ផលិតផលទឹកដោះគោទាំងអស់ យើងធ្វើម៉េចយើងមានគំនិតមួយថា នៅពេលដែលដាក់តាំងនៅលើទីផ្សារគឺមានផលិតផលមួយដែលលេចធ្លោខុសគេ គឺយើងបានឌីហ្សាញនូវដបទាំងអស់នេះ ដែលផលិតនូវប្រភេទផលិតផលជាច្រើនដែលផលិតចេញពីទឹកដោះគៅ មានទឹកដោះគោសុទ្ធមានកម្រិតជាតិខ្លាញ់ខុសគ្នា ទឹកដោះគោមាន Flavour រសជាតិផ្សេងគ្នា និងមានយ៉ាអួរ»។

លោកបានបន្តទៀតថា៖ «ផែនការទីផ្សារ មានផលិតផលល្អហើយ បើគ្មានផែនការទីផ្សារច្បាស់លាស់ អាជីវកម្មនឹងបរាជ័យ។ ទឹកដោះគោរបស់គេ ២០ឆ្នាំលើទីផ្សារហើយ ទឹកដោះគោរបស់ខ្ញុំទើបបាន ២ -៣ ឆ្នាំនៅលើទីផ្សារ ធ្វើម៉េចប្រកួតឈ្នះគេ យើងត្រូវទៅរកដៃគូចែកចាយដ៏ល្អជាងគេបំផុតសម្រាប់ចែកចាយផលិតរបស់យើងគឺ TSNR»។

ក្រុមហ៊ុនក៏បានបង្កើតផ្ទះគិរីសួគ៌ Kirisu House ដែលនៅជិតអតិថិជន ដែលសម្រួលដល់ការកុម្ម៉ង់តាម App និងទូរស័ព្ទសម្រាប់ការដឹកជញ្ជូនដល់ផ្ទះ។

លោក ឈរ រិទ្ធី បន្តថា៖ «ការផ្សព្វផ្សាយ ជាការពិតណាស់ មានរបស់ល្អហើយ អត់ផ្សព្វផ្សាយវាមិនខុសអីពីមានអគ្គិសនី អត់អំពូល ហើយមានអំពូលអត់អគ្គិសនី»។

ការផ្សព្វផ្សាយ Branding និង Marketing សំខាន់ណាស់សម្រាប់ការលក់ផលិតផល និងជាមូលហេតុដែលទឹកដោះគោគិរីសួគ៌បានទៅដល់ទីផ្សារក្នុងរយៈពេលខ្លី និងអាចប្រកួតប្រជែងជាមួយដៃគូមានវត្ថមាន ២០ឆ្នាំនៅលើទីផ្សារបាន។

លោកបានថ្លែងប្រាប់គណកម្មការយ៉ាងដូច្នេះថា៖ «ការផ្សព្វផ្សាយតាមរយៈ Sampling និងផ្សេងៗទៀត។ ការលក់ដោយផ្ដល់នូវប្រម៉ូសិន។ ផលិតផលក្នុងស្រុកយើងត្រូវតែមានប្រូម៉ូសិន ដើម្បីជួយ Support ការលក់របស់យើង»។

ផែនការទីផ្សាររបស់លោកគឺការបង្កើតទីផ្សារជាប់ជនបទ ជាទីដែលប្រជាជនដើមឡើយ​​ស្គាល់​តែទឹកដោះគោឆៅ។

លោក​បានរៀបរាប់ថា៖ «យើងបង្កើតប្រធានបទថា ទាំងអស់គ្នាត្រូវផឹកទឹកដោះគោដើម្បីអី ហើយទឹកដោះគោប្រភេទណាដែលយើងត្រូវជ្រើសរើសមកផឹក។ យើងត្រូវបង្រៀនប្រជាជនដើម្បីបង្កើតទីផ្សារ បង្កើតនូវតម្រូវការរបស់គាត់»។

ដោយចង់ឱ្យប្រជាជនបានឃើញផ្ទាល់ភ្នែក និងជឿជាក់លើសង្វាក់ផលិតកម្ម ដំណើរទស្សនកិច្ចទៅកសិដ្ឋានគិរីសួគ៌ លាតសន្ធឹងលើផ្ទៃដី៣០០ហិកតា ឯខេត្តតាកែវ ត្រូវបានបង្កើតឡើងជាផ្នែកមួយនៃយុទ្ធសាស្ត្រទីផ្សារ ដើម្បីស្វាគមន៍ភ្ញៀវ ដោយភាគច្រើនសុទ្ធតែលាន់មាត់ថា៖ «ពិតជាធំមែន ពិតជាទំនើបមែន»។

ចំពោះលទ្ធផលដែលផ្ដល់ដល់សហគមន៍ កសិដ្ឋានគិរីសួគ៌ ក្រៅពីយើងផលិតនូវទឹកដោះគោដែលស្រស់ ដែលសម្បូរនូវសារធាតុចិញ្ចឹមសម្រាប់រាងកាយ សម្រាប់ប្រជាជនកម្ពុជា ក៏បានផ្ដល់នូវការឧបត្ថម្ភទឹកដោះគោយ៉ាងច្រើនទៅដល់អ្នកភូមិជុំវិញ កុមារកំព្រា សិស្សសាលា តាមភូមិឃុំ ស្ថាប័នផ្សេងៗទៀត កីឡាកររត់ម៉ារ៉ាតុង និងបាល់ទាត់។

លោកបានរៀបរាប់ទៀតថា៖ «យើងចូលរួមលើកស្ទួយផលិតផលក្នុងស្រុកដូចជាពោត សណ្ដែក គឺមិនត្រឹមតែយើងរស់នោះទេ កសិករនៅជុំវិញយើងក៏រស់ដែរ»។

កសិដ្ឋានមានផែនការលក់គោឱ្យប្រជាជនចិញ្ចឹម ជាមួយសក្ដានុពលចំណូល ២០ដុល្លារ បើក្នុង១​ថ្ងៃការ​ប្រមូលផលទឹកដោះគោស្រស់ពីគោ១ក្បាលបានប្រមាណ ២០លីត្រ។

កសិដ្ឋានក៏បានរួមចំណែកក្នុងកិច្ចការពារបរិស្ថាន ដោយកាត់បន្ថយការប្រើប្រាស់អគ្គិសនី ការប្រើប្រាស់ជីគីមី រក្សាគុណភាពដី បណ្ដុះបណ្ដាលប្រជាជនជុំវិញខ្លួន និស្សិតយើង និងមជ្ឈដ្ឋានផ្សេងៗទៀតដែលអាចមកទទួលការចែករំលែកបទពិសោធពីកសិដ្ឋានគិរីសួគ៌។

គួររំឭកផងដែរថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១គិរីសួគ៌ ដែលជាកសិដ្ឋានចិញ្ចឹម និងកែច្នៃទឹកដោះគោសុទ្ធ បានក្លាយជាកសិដ្ឋានដំបូងគេក្នុងការឈ្នះ «ពានមាសឧស្សាហកម្មបៃតងកម្ពុជា ឬ Cambodia Green Industry Awards» ដែលត្រូវបានរៀបចំជាលើកទី១ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ផងដែរដោយ ផ្អែកទៅលើកត្តាជា កម្រិតនៃការប៉ះពាល់បរិស្ថាន ប្រភព និងប្រសិទ្ធភាពនៃចង្វាក់ផ្គត់ផ្គង់ ការផលិតដែលមានអនាម័យ មានការទទួលខុសត្រូវ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន សកម្មភាពទំនួលខុសត្រូវសង្គម (CSR) នានា រួមទាំងចំណុចវិនិច្ឆ័យជាច្រើនទៀត៕

អត្ថបទថ្មី