ធ្វើ​ការ​តាំង​ពី​បុគ្គលិក​ធម្មតា នារី​ខ្មែរមួយ​រូប ហ៊ានផ្លាស់ប្ដូរខ្លួនឯង ចុងក្រោយក្លាយជាម្ចាស់​ក្រុមហ៊ុន និង​ដឹកនាំ​ខ្លួន​ឯង!

  • 2023-01-19 03:09:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​ពី​យុវតី​ខ្មែរ​ធម្មតា​ម្នាក់ ស្ត្រី​ខ្មែរ​ម្នាក់​ឈ្មោះ ប៉េងទី សៅបូរីណា បាន​វិវត្ត​ខ្លួន​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ ដោយ​បាន​ចាប់​ផ្ដើម​ជីវភាព​ជាបុគ្គលិក​ធម្មតា​ម្នាក់​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ ប៉ុន្តែ​ធ្វើ​បាន​ប៉ុន្មាន​ឆ្នាំ បាន​ទិញ​ផ្ដាច់​យក​ក្រុមហ៊ុន​នោះ ឡើង​ធ្វើ​នាយិកា​ខ្លួន​ឯង។

ប៉េងទី សៅបូរីណា មក​ខេត្ត​ត្បូង​ឃ្មុំ បច្ចុប្បន្ន​គឺ​ជា​នាយិកា​ក្រុមហ៊ុន “Job Phnomlist & Business Training Centre” ដែល​ជា​ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ផ្គូរផ្គង​អ្នក​រក​ការងារ​ធ្វើ និង​ក្រុមហ៊ុន​ដែល​ត្រូវ​ការ​កម្លាំង​ពលកម្ម ឬ​ក៏​សេវាកម្ម​ជួយ​យុវជន​ស្វែង​រក​ការងារ​ធ្វើ។

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ "Business administration and management” សៅបូរីណា បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ខាង​លើ​ក្នុងឆ្នាំ ២០១៧ ​នាម​ជា បុគ្គលិក​ផ្នែក​លក់។ ក្នុង​តួនាទី​នេះ ជាមួយ​វ័យ​ដែល​ទើប​ជាង ២០​ឆ្នាំ​កាល​នោះ យុវតី​រូប​នេះ បាន​ប្រើ​ជីវិត​ដូច​នឹង​យុវវ័យទូទៅ ដែល​មិន​សូវ​បាន​គិត​វែង​ឆ្ងាយ​អំពី​អនាគត ឬ​គោលដៅ​នៃ​ជីវិត។ ដោយ​សារ​បែប​នេះ បូរីណា ស្ទើរ​តែ​បោះបង់​ការងារ ពេល​ជួប​ឧបសគ្គ​ពេក​នៅ​ក្នុង​តួនាទី​ជា​អ្នក​ប្រតិបត្តិ​ទីផ្សារ។

ប៉ុន្តែ​អ្វី​ៗ​បាន​ផ្លាស់​ប្ដូរ ក្រោយ​ពី​អ្នកនាង បាន​ផ្លាស់​ប្ដូរ​ការ​គិត និង​រៀប​ចំ​ខ្លួន​ឡើង​វិញ។ អ្នក​ដែល​មាន​ឥទ្ធិពល​បំផុត​ចំពោះ​ការ​ផ្លាស់​ប្ដូរ​នេះ គឺ​ប្រធាន​របស់​អ្នក​នាង​ដែល​ជា​ជនជាតិ​ម៉ាឡេស៊ី។ "និយាយ​ទៅ​ខ្ញុំ សំណាង​រើស​មេ​ត្រូវ ប្រសិន​បើ​មិនមាន​គាត់ ខ្ញុំ​ក៏​មិន​បាន​ប៉ុណ្ណេះដែរ"។

ប្រធាន​ក្រុមហ៊ុន​វ័យ​ក្មេង​រូប​នេះ ប្រាប់​ថា វេលា​មួយ ដោយ​សារ​មើល​ឃើញ​អ្នក​នាង​មាន​អំណោយ​ផល​មួយ​ចំនួន​នៃ​បុគ្គលិកលក្ខខណៈ ថ្នាក់​លើ​បាន​ហៅ​ប្រាប់ ឲ្យ​រៀប​ចំ​ខ្លួន កុំ​ខ្ជះខ្ជាយ​ពេល​វេលា​ត​ទៅ​ទៀត។ "តើ​បូរីណា ចង់​ខ្ជះខ្ជាយ​ពេលវេលា​ដល់​ពេល​ណា​ទៀត!”។

ពាក្យ​ដាស់​តឿន​ប៉ុន្មាន​ម៉ាត់​របស់​មេកើយ បាន​ធ្វើ​ឲ្យ​អ្នក​នាង​ភ្ញាក់​ខ្លួន ហើយ​បាន​ផ្លាស់​ប្ដូរ​ការ​គិត និង​រៀប​ចំ​ខ្លួន កំណត់​គោលដៅ​ជីវិត។

ត្រឹម​១​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ ២០១៨ ក្រោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីកចម្រើន​អំពី​ផ្នត់​គំនិត និង​សកម្មភាព សៅបូរីណា ត្រូវ​បាន​ប្រធាន​ដែល​ជនជាតិ​បរទេស​របស់​អ្នក​នាង បាន​ចែក​នូវ​ភាគហ៊ុន​មួយ​ចំណែក។ មិន​យូរ​ប៉ុន្មាន ថ្នាក់​លើ​ដដែល​បាន​ណែនាំ​ឲ្យ បូរីណា ទិញ​ផ្ដាច់​ក្រុមហ៊ុន “Job Phnomlist & Business Training Centre” តែ​ម្ដង ក្រោយ​ពី​មើល​ឃើញ​ពីភាពរីកចម្រើន ការ​ដឹកនាំ​ខ្លួន​ឯង។

អ្នក​នាង ប៉េងទី សៅបូរីណា បាន​ដឹកនាំ​ក្រុមហ៊ុន តាំង​ពី​ចុង​ឆ្នាំ ២០១៨ មក​ដល់​បច្ចុប្បន្ន។ ត្បិត​ថា នៅ​ក្មេង​ខ្ចី ប៉ុន្តែ​នារី​មានល្អិត​រូប​នេះ បាន​ដឹកនាំ​ក្រុមហ៊ុន​ឲ្យ​មាន​ស្ថិរភាព ដោយ​មិន​មាន​កាត់​ប្រាក់​ឈ្នួល​បុគ្គលិក បើ​ទោះ​ក្នុង​វិបត្តិ​កូវីដ​ក៏​ដោយ។ ចំណុច​នេះ ក៏​ដោយ​សារ អ្នកនាង​បាន​គិត​គូរ និង​រៀប​ចំ​ជា​មុន​នូវ​កញ្ចប់​ថវិកា​ដើម្បី​ទ្រទ្រង់​ក្រុមហ៊ុន ពេល​មាន​វិបត្តិ​សាកល​ណា​មួយ​កើត​ឡើង។

ឆ្លង​កាត់​ពិសោធន៍​ជា​បុគ្គលិក​គេផង និង​ជា​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ផង សៅបូរីណា បាន​ចែក​រំលែក​ថា ធ្វើ​ជា​អ្នក​ដឹកនាំ ពិបាក​ជាង​ធ្វើ​ជា​បុគ្គលិក​​​គេ​ឆ្ងាយ​ណាស់។ ក្នុង​ស្ថានភាព​ទាំង​ពីរ នារី​វ័យ​ក្មេងបាន​បន្ថែម​ទៀត​ថា ធ្វើ​ជាបុគ្គលិក​ត្រូវ​បណ្ដុះ​គំនិត​វិជ្ជមាន ធ្វើ​ការ​អស់ពីចិត្ត តស៊ូ និង​ចេះ​ដាក់​គោលដៅ​ខ្លួន ដោយ​ឡែក​ជា​អ្នក​ដឹកនាំ អ្នកនាង​ខ្លួន​ឯង ប្រកាន់​ចិត្ត​ដឹកនាំ​ដោយ​ធម៌​ត្រជាក់ និង​ចេះ​ដាក់​ខ្លួន។

បច្ចុប្បន្ន “Job Phnomlist & Business Training Centre” របស់​អ្នកនាង ប៉េងទី សៅបូរីណាមានផ្ដល់​សេវាកម្ម​ដូច​ជា៖

  • ប្រឹក្សាយោបល់ និងផ្គត់ផ្គង់ធនធានមនុស្សគ្រប់ផ្នែក
  • សេវាកម្មផ្សព្វផ្សាយ និងធ្វើទីផ្សារតាមរយៈ Digital
  • សេវាកម្មប្រឹក្សាយោរបល់ផ្នែកហិរញ្ញវត្ថុក្នុងអាជីវកម្ម
  • បណ្តុះបណ្តាល និងអភិវឌ្ឍផ្នែកធនធានមនុស្ស

អត្ថបទ៖ ទារិកា

អត្ថបទថ្មី