រយៈពេល ៨ ខែភ្ញៀវទេសចរបរទេស មកទស្សនារមណីយដ្ឋានអង្គរជិត ៦៧ ម៉ឺននាក់

  • 2025-09-02 02:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតចាប់ពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរបរទេសសរុបជិត ៦៧០ ០០០ នាក់ ដែលបានកើនឡើងប្រមាណជិត ៣% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដោយក្នុងនោះ ចំណូលបានពីការលក់ប័ណ្ណចូលទស្សនាឧទ្យានអង្គរ ទទួលបានប្រមាណ ៣១ លានដុល្លារ កើនឡើងជិត ២,៥% ដូចគ្នា។

របាយការណ៍ពីគ្រឹះស្ថានអង្គរ បានបញ្ជាក់ថា អំឡុងខែសីហា ភ្ញៀវទេសចរបានមកកម្សាន្ដនៅរមណីយដ្ឋានអង្គរចំនួនជាង ៥ ម៉ឺននាក់ ដែលធ្លាក់ចុះប្រមាណ -២៤% ធៀបនឹងខែសីហា កាលពីឆ្នាំមុន មានផលប៉ះពាល់ពីការបិទច្រកព្រំដែនគោក ជាមួយប្រទេសថៃ និងទទួលបានចំណូលប្រមាណ ២,៤ លានដុល្លារ ពីការលក់ប័ណ្ណទស្សនារមណីយដ្ឋានអង្គរ។ ចំណែករមណីយដ្ឋានកោះកែរ រយៈពេល ៨ ខែមកនេះ ទទួលបានភ្ញៀវទេសចរសរុប ១៣ ៧៧៩ នាក់ និងទទួលបានចំណូលប្រមាណ ២០ ម៉ឺនដុល្លារ។

ក្នុងចំណូល បានពីការលក់សំបុត្រទស្សនារមណីយដ្ឋានអង្គរ កោះកែរ បឹងមាលា ភ្នំក្បាលស្ពាន និងសំបុត្រទូកចុងឃ្នៀសទន្លេសាប ត្រូវបានដកមួយចំណែកបរិច្ចាគ ចូលទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលសរុបប្រមាណ ១,៣ លានដុល្លារ ក្នុងរយៈពេល ៨ ខែកន្លងមកនេះ។

សូមបញ្ជាក់ថា ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ សម្រាប់ជនបរទេស មានតម្លៃ ៣៧ ដុល្លារក្នុងមួយថ្ងៃ ៦២ ដុល្លារសម្រាប់រយៈពេល ៣ ថ្ងៃ និង ៧២ ដុល្លារសម្រាប់រយៈពេល ១ សប្ដាហ៍។

អត្ថបទ៖ Khong Phearum