លោកជំទាវ ជា សេរី ទទួលបានចំណាត់ថ្នាក់ A- ពី Global Finance សម្រាប់ភាពជោគជ័យក្នុងការដឹកនាំ

  • 2025-09-01 05:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ ជា សេរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា (NBC) ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដើម្បីទទួលស្គាល់ភាពជោគជ័យក្នុងការដឹកនាំធនាគារកណ្តាលរបស់កម្ពុជា ក្នុងឆ្នាំ២០២៥។

នេះជាឆ្នាំទីពីរជាប់គ្នាដែលលោកជំទាវ ជា សេរី ទទួលបានចំណាត់ថ្នាក់កិត្តិយសនេះ ចាប់តាំងពីការតែងតាំងជាទេសាភិបាលធនាគារជាតិ នៅខែកក្កដា ឆ្នាំ២០២៣។ ចំណាត់ថ្នាក់នេះបានដាក់លោកជំទាវ ឱ្យស្ថិតក្នុងចំណោមមេដឹកនាំធនាគារកណ្តាលដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក រួមទាំងលោកស្រី គ្រីស្ទីន ឡាហ្គាដ ប្រធានធនាគារកណ្តាលអឺរ៉ុប លោក អេលី រ៉េម៉ូឡូណា ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន និងលោក ជា ដឺ ជុន នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS)។

យោងតាម Global Finance ចំណាត់ថ្នាក់នេះត្រូវបានកំណត់ដោយការវាយតម្លៃលើការអនុវត្តរបស់ទេសាភិបាលធនាគារកណ្តាលមកពីប្រទេសជាង ១០០ នៅទូទាំងពិភពលោក។ លក្ខណៈវិនិច្ឆ័យរួមមាន ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ ការរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការរក្សាស្ថិរភាពរូបិយបណ្ណ ការគ្រប់គ្រងអតិផរណា និងការត្រួតពិនិត្យអត្រាប្តូរប្រាក់។

មានតែទេសាភិបាលធនាគារកណ្តាលដែលទទួលបានចំណាត់ថ្នាក់ A-, A, ឬ A+ ប៉ុណ្ណោះដែលត្រូវបានបញ្ចូលក្នុង “បញ្ជីកិត្តិយស” ប្រចាំឆ្នាំរបស់ទស្សនាវដ្តី Global Finance ដែលជាបញ្ជីដែលបង្ហាញពីទេសាភិបាលធនាគារកណ្តាលដែលទទួលបានការគោរពនិងប្រសិទ្ធភាពខ្ពស់បំផុតនៅលើពិភពលោក។

អត្ថបទ ៖ ហម ឆរ៉ា