យុវជនចំនួន ២៧០នាក់ បានចូលរួមបរិច្ចាគឈាមទៅកាន់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទិវានៃក្ដីស្រលាញ់
- 2023-02-14 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនចំនួន ២៧០នាក់ បានចូលរួមបរិច្ចាគឈាមទៅកាន់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៅថ្ងៃទិវានៃក្ដីស្រលាញ់
ចន្លោះមិនឃើញ
នៅថ្ងៃទិវានៃក្ដីស្រលាញ់ ទី១៤ កុម្ភៈ ឆ្នាំ២០២៣ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា តាមរយៈយុទ្ធនាការ #BeyondTheGames ក្រោមស្មារតី «ភាសាបេះដូង» បានសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម NBTC រៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧ព្រឹក ដល់ម៉ោង៤រសៀល ដោយមានការចូលរួមបរិច្ចាគឈាមពីយុវជនចំនួន ២៧០នាក់។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះត្រូវបានធ្វើឡើងក្នុងគោលបំណងចែករំលែកក្ដីស្រលាញ់ តាមរយៈការបរិច្ចាគឈាមដោយស័្មគ្រចិត្ត ដើម្បីផ្តល់ជូនអ្នកដែលកំពុងត្រូវការ ក៏ដូចជាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្ស ទោះបីជាយើងមិនដឹងថាអ្នកណាជាអ្នកទទួលបានឈាមដែលយើងបរិច្ចាគក៏ដោយ។
កញ្ញា ទឹង ផានាថ ជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលកំពុងសិក្សាជំនាញ ទំនាក់ទំនងអន្តរជាតិ និងវិទ្យាសាស្រ្តនយោបាយ បានចូលរួមបង្ហាញ «ភាសាបេះដូង» របស់ប្អូនតាមរយៈការបរិច្ចាគឈាមក្នុងកម្មវិធីនេះផងដែរ។ កញ្ញាបានប្រាប់ឱ្យដឹងថា មូលហេតុដែលប្អូនចូលរួមបរិច្ចាគឈាម ព្រោះប្អូនចង់ជួយសង្គ្រោះជីវិតមនុស្ស ទោះបីជាប្អូនមិនដឹងថាឈាមរបស់ប្អូនជួយដល់អ្នកណាក៏ដោយ ហើយប្អូនគិតថាវាជាកាតព្វកិច្ចដែលប្រជាពលរដ្ឋគ្រប់រូមគួរតែចូលរួមឱ្យបានច្រើន។ មិនតែប៉ុណ្ណោះ ការបរិច្ចាគឈាមធ្វើឱ្យប្អូនមានមោទនភាពលើខ្លួនឯង ដែលប្អូនមានភាពក្លាហានអាចជួយជីវិតអ្នកដទៃបាន ហើយប្អូនសង្ឃឹមថាក្រុមគ្រួសាររបស់ប្អូននឹងមានមោទនភាពលើរូបប្អូនដូចគ្នា។
កម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាមនេះធ្វើឡើង ក្នុងគោលបំណងចូលរួមចំណែកក្នុងការកិច្ចការងារជួយសង្គម ក៏ដូចជាការចូលរួមចំណែកក្នុងការបំពេញ ធនាគាឈាម នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបាននឹងកំពុងមានបញ្ហាប្រឈមកង្វះឈាម ដើម្បីជួយសង្រ្គោះដល់ជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាមចាំបាច់ជារៀងរាល់ថ្ងៃផងដែរ។
យុទ្ធនាការ #BeyondTheGames ជាយុទ្ធនាការដែលត្រូវបានបង្កើតឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ មិនត្រឹមតែជាយុទ្ធនាការដែលផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡានោះទេ យុទ្ធនាការ #BeyondTheGames ក៏ផ្ដោតសំខាន់លើកម្មវិធីមនុស្សធម៌ដែលអាចជួយដល់សង្គមដែរ៕