នៅអាស៊ានយើង មានអគារមួយជាប់ឈ្មោះជាអគារខ្ពស់ជាងគេលំដាប់ទី ២​ នៅលើពិភពលោក

  • 2023-03-06 09:38:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគេនិយាយទៅដល់អគារដែលខ្ពស់ជាងគេបំផុតនៅលើបំផុតនៅក្នុងតំបន់អាស៊ាន គេប្រាកដជានឹកឃើញទៅដល់អគារ Merdeka 118។ មានទីតាំងនៅម៉ាឡេស៊ី Merdeka 118 គឺជាអគារដែលខ្ពស់ជាងបំផុតនៅក្នុងតំបន់អាស៊ាន និង ខ្ពស់ជាងគេលំដាប់លេខ២ នៅលើពិភពលោក។

អគារ Merdeka 118 មានទីតាំងនៅក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ អគារខ្ពស់ជាងគេនៅតំបន់អាស៊ាននេះ មានកម្ពស់ ៦៧៨,៩ម៉ែត្រ និង មាន ១១៨ជាន់។ ក្រៅពីជាប់ឈ្មោះជាអគារដែលខ្ពស់ជាងគេនៅអាស៊ាន Merdeka 118 ជាអគារដែលខ្ពស់ជាងគេលំដាប់ទី ២នៅលើពិភពលោក ពោលគឺទាបជាងអគារ Burj Khalifa តែមួយប៉ុណ្ណោះ។ គួរឱ្យដឹងថា Burj Khalifa ជាអគារដែលខ្ពស់ជាងបំផុតនៅលើពិភពលោក មានកម្ពស់រហូតដល់ទៅ ៨៣០ម៉ែត្រ ដោយមានទីតាំងនៅទីក្រុងឌូប៉ៃ ប្រទេសអារ៉ាប់រួម។

Merdeka 118 ចំណាយថ្លៃសាងសង់អស់ប្រមាណ ១,៥៥ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៣។ មានទីតាំងនៅក្នុងទីក្រុងកូឡាឡាំពួរ អគារខ្ពស់ជាងគេរបស់ម៉ាឡេស៊ីមួយនេះស្ថិតនៅជាប់នឹងកីឡដ្ឋាន Merdeka ជាទីកន្លែងដែលម៉ាឡេស៊ី ទទួលបានឯករាជ្យពីចក្រភពអង់គ្លេសនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៥៧ ដោយកាលនោះលោក Tunku Abdul Rahman ឡើងធ្វើជានាយករដ្ឋមន្រ្តីទី១ ដំបូងបំផុតរបស់ប្រទេសនេះ។ និយាយជារួម អគារដ៏ខ្ពស់មហិមាមួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើជាអគារការិយាល័យ និងសណ្ឋាគារ។ ក្នុងនោះអគារនេះ ក៏នឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Permodalan Nasional Berhad (PNB) ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយរបស់ប្រទេសម៉ាឡេស៊ី។ ជាមួយនឹងកម្ពស់ដែលបានបញ្ចប់លើសពី ៦៣៥ ម៉ែត្រ Merdeka 118 នឹងក្លាយជាអគារខ្ពស់បំផុតនៅក្នុងប្រទេសម៉ាឡេស៊ី និងជាប់ចំណាត់ថ្នាក់លេខ២ជាអគារដែលខ្ពស់បំផុតនៅលើពិភពលោក។

សរុបមកវិញ អគារ Merdeka គឺជាគម្រោងវិនិយោគដ៏ធំបំផុតមួយនៅក្នុងប្រទេសម៉ាឡេស៊ី ដែលចំណាយលុយច្រើនសន្ធឹកលើការសាងសង់។ នេះជាសមិទ្ធផលថ្មីមួយទៀត ដែលនឹងលើកមុខមាត់ប្រទេសម៉ាឡេស៊ី នៅក្នុងឆាកតំបន់ និង នៅលើឆាកអន្តរជាតិ៕

អត្ថបទ ៖ សុធារិទ្ធ

អត្ថបទថ្មី