ឃើញ​រូប​នេះ តិច​ច្រឡំថា "ផ្លូវ​អន្ទង់អាំង" នៅ​វាលវែង តាម​ពិត​ជា​កន្លែង​ស័ក្តិសិទ្ធិ​មួយ​នៅ​មណ្ឌលគីរី

  • 2023-03-10 03:11:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ប្រទះ​ឃើញ​រូបភាព​បង្ហាញ​ពី​ខ្សែ​ផ្លូវ​បត់បែន​ដូច​ជា​ពស់ ប្រិយមិត្ត​រមែង​នឹក​ទៅ​ដល់​ខ្សែ​ផ្លូវ "អន្ទង់​អាំង" នៅ​តំបន់​ភ្នំ ១៥០០ ស្ថិត​ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងមានចម្ងាយប្រហែល ~150km ពីកោះសំពៅមាស។

យ៉ាងណា​តាម​រូបភាព​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម គឺ​មាន​ខ្សែ​ផ្លូវ​ប្រភេទនេះ​មួយ​ទៀត​ស្ថិត​ក្នុង​ទឹកដី​មណ្ឌល​គីរី "ភ្នំ​អណ្ដូង​ស្នេហ៍"។ ភ្នំ​អណ្ដូង​ស្នេហ៍ ស្ថិត​ក្នុង​ភូមិ​ដាក់ដាំ ឃុំ​ដាក់ដាំ ស្រុក​អូរាំង គឺ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដែល​មាន​ទេសភាព​ធម្មជាតិ​តំបន់​ខ្នង​ភ្នំ​ល្អប្រណិត ខ្យល់​អាកាស​បរិសុទ្ធ ឃើញ​ហើយ​គ្រប់​គ្នា​ប្រាកដ​ជា​ប្រាថ្នា​ចង់​ទៅ។

មិន​ត្រឹម​តែ​មាន​ទេសភាព​ល្អ​ស្អាត​គួរ​ឲ្យ​ត្រេក​ត្រអាល ប៉ុន្តែ​ទី​នោះ ក៏​ជា​កន្លែង​ស័ក្តិសិទ្ធិ​ថែម​ទៀត​ផង ពិសេស វា​មាន​ជំនឿ​ពាក់ព័ន្ធ​នឹង​គូស្នេហ៍​ថែម​ទៀត​ផង។ តាម​ប្រភព​ពី​ហ្វេសប៊ុក​ខេត្ត​មណ្ឌលគិរី បាន​សរសេរ​ថា បើ​តាម​ចាស់​ៗ​បាន​ប្រាប់​ត​គ្នាថា ​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ។

ទីកន្លែង​ល្អ​យ៉ាង​នេះ ក្រុម​ការងារ​ផ្លូវ​ទៅ​ស្រុក​រដូវកាល​ទី ៣ បាន​ចុះ​ទៅ​ដល់​ទី​នោះ​ផ្ទាល់ ដោយ​បាន​ផ្ដិត​រូបភាព​វីដេអូ​បង្ហាញ​ពី​សក្ដានុពលទេស​ដ៏​ពោរពាស​របស់ "ភ្នំ​អណ្ដូង​ស្នេហ៍" ដែល​អាច​ខាប​យក​បេះដូង និង​អារម្មណ៍​ឲ្យ​ស្លុង​ក្នុង​មន្ត​សណ្ដំ​នៃ​ទេសភាព​ធម្មជាតិ​តំបន់​ខ្នង​ភ្នំ​ល្អ​ស្ទើរ​រក​ប្រដូចមិន​បាន។ ទី​នេះ ទាក់​ទាញ​យ៉ាង​ណា ទស្សនាវីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

អត្ថបទថ្មី