ក្រុម​តេក្វាន់ដូ ITF ​ក្រសួង​មហាផ្ទៃ៖​ សមត្ថភាព​មិន​ធម្មតា​ជាប់​ចំណាត់ថ្នាក់​លេខ១​ រហូត​ ២ដង​ជាប់​គ្នា​នៅ​កីឡា​ជាតិ​ លើក​ទី៣-៤​ ក្នុង​ចំណោម​កីឡា​ទាំង​អស់​របស់​ក្រសួង​

  • 2024-11-14 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​តេក្វាន់ដូ ITF ​ក្រសួង​មហាផ្ទៃ​ បង្ហាញ​សមត្ថភាព​មិន​ធម្មតា​នោះ​ឡើយ​ ពោល​ជាប់​ចំណាត់ថ្នាក់​លេខ ១​ ដល់​ទៅ​ ២ដង​ជាប់​គ្នា​ក្នុង​ចំណោម​ប្រភេទ​កីឡា​ផ្សេងៗ​ទាំង​អស់​របស់​ក្រសួង​មហាផ្ទៃ​ នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៣-៤​ ដែល​បញ្ចប់​ទៅ​ថ្មីៗ​នេះ។​

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

លោក​ ប៉ាល់​ ជីវ័ន​ គ្រូ​បង្វឹក​ក្រុម​តេក្វាន់ដូ​ ITF របស់​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​មហាផ្ទៃ​របស់​លោក​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ទាំង​ពីរ​លើក​ចុង​ក្រោយ​នេះ​ជាប់​ចំណាត់​ថ្នាក់​លេខ១​ ចំនួន​២ដង​ជាប់​គ្នា​មក​ហើយ​ក្នុង​ចំណោម​បណ្ដា​ក្រសួង​ រាជធានី​-ខេត្ត​ ដែល​ចូលរួម​ប្រកួត​ប្រជែង (កីឡាជាតិ​លើក​ទី៣​ ITF មហាផ្ទៃ​ ឈ្នះ​មេដាយ​សរុប១៨គ្រឿង មាស១១ ប្រាក់៣ សំរឹទ្ធ៤) (កីឡាជាតិ​លើកទី៤​ ITF មហាផ្ទៃ ឈ្នះ​មេដាយ​សរុប​១៥គ្រឿង​ មាស១០​ ប្រាក់២ សំរឹទ្ធ៣)។​

ដោយ​ឡែក​ងាក​មក​ប្រភេទ​កីឡា​ទាំង​អស់​របស់​ក្រសួង​មហាផ្ទៃ​ក្នុង​ព្រឹត្តិការណ៍​ជាតិ​ទាំង​២ លើក​ចុង​ក្រោយ​រួម​មាន​កីឡា​ជាតិ​ លើក​ទី៣​ ឆ្នាំ​២០២២​ និង​លើក​ទី៤​ ឆ្នាំ​២០២៤​ ក្រុម​តេក្វាន់ដូ​ ITF​ មហាផ្ទៃ​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ ចំនួន​ ២ដង​ក្នុង​ចំណោម​ប្រភេទ​ ៣៦​ផ្សេង​ទៀត​របស់​ក្រសួង។​ ឆ្នាំ​២០២៤​ ចំណាក់​ថ្នាក់លេខ១​ តេក្វាន់ដូ​ ITF​ ឈ្នះ​មាស១០​ ប្រាក់២​ សំរឹទ្ធ៣​ លេខ២​ ល្បុក្តតោ​ ឈ្នះមាស៩​ ប្រាក់៦​ សំរឺទ្ធ១​ លេខ៣​ ចំបាប់​ ឈ្នះ​មាស៩ ប្រាក់៣​ សំរឺទ្ធ១ លេខ៤​ តេក្វាន់ដូ​ WT ​ឈ្នះ​មាស៩​ ប្រាក់៣។​

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

គ្រូ​បង្វឹក​ពោរពេញ​ដោយ​បទ​ពិសោធ​ខាង​លើ​បន្ថែម​ទៀត​ថា​ តាម​ការ​យល់​ឃើញ​របស់​លោក​ការ​ដាក់​វិញ្ញាសា​ឲ្យ​ប្រកួត​នៅ​កីឡា​ជាតិ​ឆ្នាំ​នេះ​គឺ​ល្អ​ប្រសើរ​ជាង​លើក​មុនៗ​បើ​ទោះ​ជា​វិញ្ញាសា​លេង​កំណត់​ត្រឹម​ ១៥​វិញ្ញាសា​ តិច​ជាង​កីឡា​ជាតិ​ លើក​ទី៣​ មែន​ ប៉ុន្តែ​បណ្ដា​ក្រសួង​ រាជធានី-ខេត្ត​ អាច​បញ្ចូល​កីឡាករ​របស់​ខ្លួន​បាន​ច្រើន​រហូត​ដល់​១៥​នាក់។​ មួយ​វិញ​ទៀត​ការ​ប្រកួតប្រជែង​មាន​ភាព​ស្វិតស្វាញ​ឆ្លងកាត់​ច្រើន​ប្រកួត​ទើប​អាច​ឈាន​ដល់​ជុំ​មេដាយ​ និង​បាន​បង្ហាញ​ពី​បច្ចេកទេស​ថ្មីៗ​ដែល​ទើប​ប្រកួត​នៅ​ប្រទេស​ឥណ្ឌា​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ឃើញ​នូវ​អ្វីដែល​អន្តរជាតិ​កំពុង​អភិវឌ្ឍន៍​ និង​ប្រើប្រាស់​ក្នុង​ការ​ប្រកួត​នៅ​ពេល​សព្វថ្ងៃ។​

រូបភាពផេកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

បញ្ជាក់​ដែរ​ថា​ ក្រុម​តេក្វាន់ដូ​ ITF ក្រសួង​មហាផ្ទៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​ លើក​ទី៤​ ដែល​បញ្ចប់​ទៅ​ថ្មីៗ​នេះ​ឈ្នះ​មេដាយ​សរុប​១៥គ្រឿង​ មាស១០​ ប្រាក់២ សំរឹទ្ធ៣​ ជួយ​ឲ្យ​ក្រសួង​របស់​ខ្លួន​ជាប់​ចំណាត់​ថ្នាក់លេខ១​ ក្នុង​ចំណោម​ក្រសួង​ទាំង​៣​ និង ២៥ ​រាជធានី-ខេត្ត​ ចូលរួម។​ កីឡាជាតិ​ លើកទី៤​ នេះ​ក្រសួង​មហាផ្ទៃ​ ជាប់​ចំណាត់​ថ្នាក់​លេខ១​ ដោយ​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ​បង្អស់​សរុប​ ២៤៨​គ្រឿង​ មេដាយ​មាស​១២៧​ ប្រាក់​៧២ សំរឺទ្ធ៤៩​ តាម​ពី​ក្រោយ​ដោយ​ក្រសួង​ការពារជាតិ​ ជាប់​ចំណាត់​ថ្នាក់​លេខ២​ ឈ្នះ​មេដាយ​សរុប​ ១៨៨​គ្រឿង​ មាស៩១​ ប្រាក់៥៦​ សំរឹទ្ធ៤១​ ចំណាត់ថ្នាក់​លេខ៣​ ក្រសួង​សេដ្ឋកិច្ច​ ឈ្នះ​មេដាយ​សរុប​៤៩​គ្រឿង​ មាស១៩​ ប្រាក់១៤​ សំរឹទ្ធ១៦៕​

លទ្ធផលកីឡាជាតិ​ លើកទី៤​ ឆ្នាំ​២០២៤

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី