បុណ្យអុំទូក រំលឹកដល់បុព្វបុរសខ្មែរដែលបង្ក្រាបទ័ពឈ្លានពាន! ចុះបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកវិញ សំដៅលើអ្វី?
- 2024-11-13 06:45:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុណ្យអុំទូក រំលឹកដល់បុព្វបុរសខ្មែរដែលបង្ក្រាបទ័ពឈ្លានពាន! ចុះបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកវិញ សំដៅលើអ្វី?
ចន្លោះមិនឃើញ
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនេះ ត្រូវបានប្រារព្ធឡើង នៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ដោយឆ្នាំ២០២៤នេះ ធ្វើឡើងចំថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា។ ព្រះរាជពិធីនេះ តែងប្រារព្ធធ្វើឡើងនៅទន្លេចតុមុខនាព្រះរាជដំណាក់ផែខាងមុខព្រះបរមរាជវាំង ។ ទាក់ទងទៅនឹងប្រវត្តិនៃពិធីបុណ្យអុំទូក ពិធីនេះត្រូវបានប្រារព្ធដើម្បីជាការគោរពដឹងគុណដល់បុព្វបុរសខ្មែរដែលបានរក្សាបាននូវ បូរណភាពទឹកដី ក្នុងការប្រើប្រាស់កងទ័ពជើងទឹកបង្ក្រាបដល់ការឈ្លានពានរបស់បច្ចាមិត្ត។ ដូច្នេះហើយទើបគេបានប្រារព្ធពិធីបុណ្យអុំទូកដើម្បីរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃការរៀបចំក្បួនសមយុទ្ធកងទ័ពជើងទឹកដ៏អង់អាចក្លាហានរបស់កម្ពុជាកាលពីសម័យនោះ។
យោងតាមឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរ បានបង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ចេញធ្វើសង្គ្រាមជើងទឹកបង្ក្រាបជាតិបរទេសចាមដោយកងទ័ពប្រើទូកធ្វើចម្បាំង ដើម្បីរំដោះក្រុងកម្ពុជាឲ្យរួចផុតពីកណ្ដាប់ដៃខ្មាំងសត្រូវពីគ.ស. ១១៧៧ ដល់ ១១៨១។ រឿងចម្បាំងទាំងនេះត្រូវបានបុព្វបុរសខ្មែរឆ្លាក់ទុកលើជញ្ជាំងប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ ដែលមានរូបព្រះឆាយាលក្ខណ៍ព្រះបាទជ័យវរ្ម័នទី៧ទ្រង់ឈរលើនាវាចម្បាំង ទ្រង់កាន់ធ្នូដំបង ដែលមានកងទ័ពយ៉ាងច្រើនមហិមា។ រីឯនៅសម័យលង្វែកវិញព្រះអង្គច័ន្ទទី១ ទ្រង់តាំងពញាតាត ជាស្ដេចត្រាញ់នៅកម្ពុជាក្រោមស្រុកបាសាក់ឲ្យរៀបចំកងទ័ពជើងទឹកចែកចេញជាបីក្រុម។ ក្រុមទី១ ជាទ័ពស្រួចហាត់ច្បាំងដោយទូកអុំមានទំនងដូចទូកងខ្មែរសព្វថ្ងៃនេះ។ ក្រុមទី២ ជាទ័ពជំនួយហាត់ច្បាំងដោយទូកចែវពីរជួរមានទំនងដូចទូកចែវប្រណាំងសព្វថ្ងៃ និងក្រុមទី៣ ទ័ពបាសាក់ជាទូកធំមានដំបូលមួយកាត់មានក្ដោងដូចទូកប៉ុកចាយតែរាងស្ដួចវែងសម្រាប់ផ្ទុកស្បៀងកងទ័ព។
ចំណែកពិធីអកអំបុក គឺធ្វើឡើងនៅរាត្រីពេញបូរមីថ្ងៃ១៥កើត ខែកក្តិករៀងរាល់ឆ្នាំ។ ខ្មែរយកនំចំណីមានអំបុកចេកជាដើមមកបូជាព្រះច័ន្ទហៅថា ពិធីបុណ្យសំពះព្រះខែ អកអំបុកនេះឯង។ នៅក្នុងពិធីសំពះព្រះខែនេះ គឺមានសម្រក់ទៀនលើស្លឹកចេកស្រស់ ដើម្បីផ្សងមើលទឹកភ្លៀងក្នុងឆ្នាំបន្ទាប់នៃឆ្នាំនេះ។ បន្ទាប់ពីសម្រក់ទៀនមកគេនាំគ្នាអកអំបុក ដែលធ្វើក្នុងវេលាយប់នៃខែកត្តិកនោះ។ ពេលសំពះខែ និងអកអំបុកនេះដែរ ខ្មែរអ្នកស្រុកតែងតែសូមសុខសួស្ដីតាមប្រពៃណី បុរាណព្រេងព្រឹទ្ធ។ ពិធីនេះគេធ្វើឡើងដើម្បីថ្វាយសក្ការៈបូជាចំពោះទន្សាយព្រះពោធិសត្វ ដែលរូបព្រះឆាយាលក្ខណ៍របស់ព្រះអង្គផ្ដិតជាប់នឹងព្រះខែ ដើម្បីបំភ្លឺសត្វលោករៀងមកក៏ដូចជាឧទ្ទិសថ្វាយព្រះពោធិសត្វនូវផលានុផល ដែលជាចំណីរបស់ព្រះអង្គក្នុងវេលាយប់ពេញបូរមីនៃខែកក្ដិកជាពេល ព្រះខែលេចរូបរាងច្បាស់។ ហេតុនេះ គេក៏ថ្វាយត្រាវ ដំឡូង ដូង ចេក អំបុក ដែលជាចំណី ទន្សាយពោធិសត្វ។
ចំណែកប្រវត្តិនៃពិធីសំពះព្រះខែវិញ យោងតាមឯកសារក្រុមជំនុំទំនៀមទម្លាប់ខ្មែរដដែល ពិធីនេះជាប់ទាក់ទង យ៉ាងជិត ស្និទ្ធទៅនឹង ប្រវត្តិរបស់ព្រះពុទ្ធដែលបានដំណាលថា ព្រះបរមព្រះពោធិសត្វក្នុងកាលដែលព្រះអង្គយោងចាប់កំណើតជាសត្វទន្សាយ ព្រះអង្គបានអធិដ្ឋានរក្សាសីល និងបំពេញបារមីដើម្បីបានត្រាស់ជាព្រះពុទ្ធ។ ព្រះឥន្ទទ្រង់បានក្រឡាខ្លួនជាព្រាហ្មចាស់ម្នាក់មកសុំមំសះ ឬសាច់ទន្សាយដើម្បីបរិភោគជាអាហារ។
ទន្សាយព្រះពោធិសត្វបានឲ្យព្រាហ្មនោះបង្កាត់ភ្លើងឲ្យឆេះសន្ធោសន្ធៅ ហើយ ទន្សាយជាព្រះពោធិសត្វបានរលាស់ខ្លួនបីដង ដើម្បីឲ្យសត្វល្អិតដែលនៅជាប់នឹងរោមជ្រុះអស់ រួចហើយក៏បានលោតចូលទៅក្នុងភ្លើង។ ក៏ប៉ុន្តែភ្លើងនោះក៏ប្រែទៅជាពុំឆេះសន្ធោសន្ធៅទៅវិញ។ ទតឃើញដូច្នេះ ព្រាហ្មដែលជាព្រះឥន្ទក៏បានពាំនាំយកសត្វទន្សាយជាពោធិសត្វនោះហោះឡើងទៅកាន់មណ្ឌលព្រះចន្ទ និងបានអធិដ្ឋានឲ្យរូបទន្សាយនោះ នៅជាប់នឹងព្រះចន្ទជារៀងរហូតដើម្បីបានផ្តិតរូបព្រះឆាយាលក្ខណ៍របស់ទន្សាយព្រះពោធិសត្វបំភ្លឺសត្វលោក។
ជាមួយគ្នានេះទាក់ទងទៅនឹងអត្ថន័យ និងខ្លឹមសារនៃពិធីបណ្តែតប្រទីបវិញ គឺជាការបង្ហាញពីការ គោរពដឹងគុណដល់ព្រះចង្កូមកែវដែលប្រតិស្ថាននៅពិភពនាគ ព្រមទាំងស្នាមព្រះបាទរបស់ព្រះអង្គដែលបានប្រតិស្ថាននៅស្ទឹងនម្មទា និងទីកន្លែងផ្សេងទៀត។ ពិធីបណ្តែតប្រទីបក៏ត្រូវបានប្រារព្ធធ្វើឡើងដើម្បីដឹងគុណដល់ព្រះគង្គា និងព្រះធរណី ដែលបានផ្តល់នូវជីវភាពរុងរឿងដល់ពលរដ្ឋកម្ពុជា។ ពិធីនេះក៏ជាការដឹងគុណដល់ទន្លេមេគង្គ និងទន្លេសាបដែល បានផ្តល់នូវជីជាតិយ៉ាងសំខាន់សម្រាប់បំរើវិស័យកសិកម្ម។
ជារួមមកព្រះរាជពិធីបុណ្យអុំទូក ដែលធ្វើព្រមគ្នាជាមួយនឹងពិធីសំពះព្រះខែ និងអកអំបុកជាមរតកវប្បធម៌ដូនតាខ្មែរសុទ្ធសាធ។ ព្រះរាជពិធីនេះធ្វើឡើងដើម្បីបង្ហាញពីភាពដឹងគុណ និងកតញ្ញូតាធម៌ដល់ព្រះគង្គាដែលបានផ្តល់ឲ្យមនុស្ស និងសត្វមានជីវិត។ ពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ពីព្រោះឥទ្ធិពលនៃព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅ នៅក្នុងដួងចិត្ដ និងព្រលឹងរបស់ពលរដ្ឋខ្មែរដែលតែងតែគោរពបូជាដល់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់៕