​បើ​មិន​ធ្លាប់ គួរ​សាក​ម្ដង "កោះហាន" តំបន់​ដែល​ជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹក​នៃ​ខេត្ត​ស្ទឹង​ត្រែង

  • 2023-03-17 02:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំបន់​ភូមិភាគឥសាន្ត​របស់​កម្ពុជា​ដែល​មាន​ខេត្ត​រតនៈគីរី មណ្ឌលគីរី និង​ស្ទឹងត្រែង គឺ​ជា​ជម្រុក​នៃ​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​ល្អ​ប្រណិតៗ​ជា​ច្រើន ជាក់​ស្ដែង​ដូច "កោះហាន" ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺ​ជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹក​នៃ​ខេត្ត​ស្ទឹង​ត្រែង។

តាម​ទីតាំង​ភូមិសាស្ត្រ "កោះហាន" ស្ថិតនៅឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹង​ត្រែង។ទី​នោះ គឺ​ជា​តំបន់​ទេសចរណ៍ បាន និង​កំពុង​ពេញ​និយម ជាមួយ​សក្ដានុពល​អំណោយ​ផល​ពី​ធម្មជាតិ​ច្របាច់​បញ្ចូល​គ្នា​រវាង​ឆ្នេរខ្សាច់ ព្រៃ​លិច​ទឹក និង​ធនធាន​ទឹក ដែល​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព ដ៏​ល្អ​ឯក​ស្ទើរ​រក​ប្រដូច​គ្មាន។ ដូច្នេះ​ហើយ ទើប​គេ​ប្រសិទ្ធនាម​ថា គឺ​ជាឋានសួគ៌បៃតង លើដី និងផ្ទៃទឹក​នៃ​ខេត្ត​ជាប់​ជាយដែន​ប្រទេស​ឡាវ​មួយ​នេះ។

"កោះហាន" ស្ថិត​ក្នុង​តំបន់អភិរក្សជីវចំរុះ នៃតំបន់រ៉ាមសារ តាមដងទន្លេមេគង្គលើ នាខេត្តស្ទឹងត្រែង។ តាម​ទំព័រ”Koh Han Community Based Ecotourism សហគមន៍អេកូទេសចរណ៍"​សម្រស់កោះហាន សហគមន៍អេកូទេសចរណ៍សម្រស់កោះហានមានចំនួន៤ភូមិគឺ ភូមិកោះស្នែង ភូមិកោះកី ភូមិកោះស្រឡៅ និងភូមិជាំធំ។

នាខែនេះ តំបន់ទេសភាពនេះពិតជាស្រស់ស្អាត ជាមួយឆ្នេរ​ខ្សាច់​សក្បុស ជិះកាយ៉ាក់ ទស្សនាព្រៃលិចទឹកបៃតងខ្ចី ជាមួយឬសឈើដ៏ទាក់ទាញនៅកណ្តាលទន្លេមេគង្គ។ ជាមួយ​គ្នា គ្រប់​គ្នា​អាច​ភ្លក្សអាហារឆ្ងាញ់ៗ ត្រីស្រស់ៗ ដែលចំអិនដោយសហគមន៍កាន់តែពិសេសយើងអាចជិះទស្សនា សត្វស្លាប តំបន់ថ្មកំបោរនៃតំបន់រ៉ាមសារផងដែរ។

ប្រសិន​បើ​ប្រិយមិត្ត​មាន​បំណង​ចង់​ទៅ​កម្សាន្ត​នៅ​ទីនោះ លោក​អ្នក​គ្រាន់​តែធ្វើ​ដំណើរ​ចេញ​ពី​ក្រុងស្ទឹងត្រែង ឆ្លងស្ពានសេកុង ចម្ងាយ ២៣.៥គីឡូម៉ែត្រ តាម​ផ្លូវ​ជាតិ​លេខ ៧ និង​មាន​ផ្លូវ​លំក្រាល​គ្រួសក្រហម​ចម្ងាយ ៣.៥គីឡូម៉ែត្រ​ប៉ុណ្ណោះ លោក​អ្នក​នឹង​ទៅ​ដល់​ទី​ឋាន​ដែល​មាន​ទេសភាព​ស្រស់​ស្អាត និង​ខ្យល់​អាកាស​បរិសុទ្ធ​បំផុត​មួយ​នេះ​ជាក់​ជា​មិន​ខាន៕

ប្រភព ៖ Koh Han Community Based Ecotourism សហគមន៍អេកូទេសចរណ៍

អត្ថបទ៖ ទារិកា

អត្ថបទថ្មី