មកស្គាល់ បុគ្គលដែលមានទ្រព្យស្តុកស្ដម្ភជាងគេនៅតាមបណ្ដាប្រទេសទាំង ១០របស់អាស៊ាន

  • 2023-03-23 09:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាស៊ានបានក្លាយជាតំបន់ដែលទាក់ទាញអ្នកវិនិយោគ និងពាណិជ្ជកម្ម ហើយក៏ជាតំបន់ដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿនជាងគេមួយក្នុងពិភពលោក។ បច្ចុប្បន្នតំបន់អាស៊ានមានមហាសេដ្ឋីមានប្រាក់ពាន់លានដុល្លារ មកពីប្រទេសធំៗចំនួន ៦ក្នុងតំបន់ ចំនួន ១០២នាក់ និងមួយចំនួនទៀតមកពីប្រទេសកំពុងអភិវឌ្ឍតួយ៉ាងកម្ពុជា ឡាវ និងភូមាជាដើម។ មកស្គាល់ បុគ្គលដែលមានទ្រព្យស្តុកស្ដម្ភជាងគេនៅតាមបណ្ដាប្រទេសទាំង ១០របស់អាស៊ាន៖

ប្រុយណេ​ - ស្តេចស៊ុលតង់ Hassanal Bolkiah៖ ទ្រង់ គឺជាស្តេចស៊ុលតង់ទី ២៩ នៃប្រទេសប្រ៊ុយណេ ហើយទស្សនាវដ្ដី Forbes បានរាប់ទ្រង់ចូលក្នុងចំណោមបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបសុទ្ធចំនួន ២០ពាន់លានដុល្លារ។

កម្ពុជា - អ្នកឧកញ៉ា គិត ម៉េង៖ អ្នកជំនួញកម្ពុជា អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធានក្រុមហ៊ុន Royal Group ដែលជាក្រុមហ៊ុនធំជាងគេនៅកម្ពុជា និងរកស៉ីលើពាណិជ្ជកម្មចម្រុះដូចជា វិស័យហិរញ្ញវត្ថុ ដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ ធានារ៉ាប់រង សណ្ឋាគារ យានយន្ត កំសាន្ត ចំណីអាហារ អចលនទ្រព្យ និងច្រើនទៀត។

ឥណ្ឌូនេស៉ី – លោក Robert Budi Hartono៖ Robert Budi Hartono គឺជាមហាសេដ្ឋីថ្នាំជក់ ចិន-ឥណ្ឌូនេស៊ី ដែលជាម្ចាស់ និងគ្រប់គ្រងក្រុមហ៊ុន Djarum ដែលជាក្រុមហ៊ុនផលិតបារីធំជាងគេទី ៣ នៅលើពិភពលោក។ លោកក៏មានភាគហ៊ុន​ដែរ​នៅក្នុងធនាគារធំជាងគេមួយនៅប្រទេសឥណ្ឌូនេស៊ី Bank Central Asia។

ម៉ាឡេស៉ី – លោក Robert Kouk៖ Robert Kuok Hock Nien ជាមហាសេដ្ឋី ពាណិជ្ជករ និងជាអ្នកវិនិយោគម៉ាឡេស៊ី។ ភាគច្រើននៃអាជីវកម្មរបស់លោក ត្រូវបានកាន់កាប់ដោយឯកជន និងមានភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើននៅទូទាំងទ្វីបអាស៊ី។ លោករកស៉ីលើអាជីវកម្មជាច្រើនដូចជាចំការអំពៅ ការចម្រាញ់ស្ករ ការកិនម្សៅ ចំណីសត្វ សណ្ឋាគារ អចលនទ្រព្យ និងច្រើនទៀត។

មីយ៉ាន់ម៉ា – លោក Tay Za៖ Tay Za គឺជាប្រធានក្រុមហ៊ុន HTOO Group ដែលជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេ និងមានឥទ្ធិពលខ្លាំងជាងគេនៃវិស័យជំនួញភូមា។ ​លោកគឺជាអ្នកជំនួញទីមួយរបស់ប្រទេសភូមាដែលលេចមុខលើក្របទស្សនាវដ្តី Forbes Asia។

ហ្វីលីពីន – លោក Henry Sy៖ Henry Sy គឺជាមហាសេដ្ឋីចិន-ហ្វីលីពីន ជាអ្នកវិនិយោគ និងជាសប្បុរសជន។ លោក Henry រកស៉ីក្នុងពាណិជ្ជកម្មដែលភាគច្រើនក្នុងវិស័យអចលនទ្រព្យ វិស័យបដិសណ្ឋារកិច្ច វិស័យធនាគារ វិស័យរ៉ែ វិស័យអប់រំ និងវិស័យសុខាភិបាល និងជាស្ថាបនិកនៃសាជីវកម្ម SM Prime Holdings ដែលជាក្រុមហ៊ុនមេគ្រប់គ្រងបុត្រសម្ព័ន្ធទាំងអស់របស់លោក។

ថៃ – លោក Charoen Sirivadhanabhakdi៖ Charoen Sirivadhanabhakdi គឺជាស្ថាបនិកនៃក្រុមហ៊ុនភេស្ជជៈថៃ (Thai Beverage) ហើយក៏ជាប្រធានក្រុមហ៊ុន TCC Group និង Fraser and Neave (F&N)។ គ្រួសាររបស់លោក បច្ចុប្បន្ននេះគឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅប្រទេសថៃ កំពុងគ្រប់គ្រងដីច្រើនជាង ១០៨,០០០ ហិចតា ហើយកំពុងកាន់កាប់សណ្ឋាគារចំនួន ៥០ នៅប្រទេសអង់គ្លេស សហរដ្ឋអាមេរិច អូស្ត្រាលី និងក្នុងតំបន់អាស៉ី។

សឹង្ហបុរី – ពីរនាក់បងប្អូនត្រគោល Ng លោក Robert & Philip Ng៖ លោក Robert និងលោក Philip គឺជាកូនប្រុសទាំងពីររបស់មហាសេដ្ឋីអចលនទ្រព្យសឹង្ហបុរី គឺលោក Ng Teng Fong ដែលមានរហ័សនាមថា “The King of Orchard Road”។ លោក​កាន់កាប់ក្រុមហ៊ុន Far East Organization ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេនៅប្រទេសសឹង្ហបុរី។

ប្រទេសឡាវ – លោក Khamtai Siphandone៖ Khamtai Siphandone ជាអតីតអ្នកនយោបាយឡាវ និងជាប្រធានឡាវចាប់ពីខែកុម្ភៈ ឆ្នាំ ១៩៩៨ ដល់ខែមិថុនាឆ្នាំ ២០១៦។ លោកក៏ធ្លាប់ជាសមាជិកនៃបក្សកុម្មុយនិស្តឥណ្ឌូចិនផងដែរនៅឆ្នាំ ១៩៥៤ ហើយបានអង្គុយនៅលើតំណែងគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តប្រជាជនឡាវនៅឆ្នាំ ១៩៥៦។

វៀតណាម – លោក Pham Nhat Vuong៖ លោក Vuong បានក្លាយជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនជាងគេ និងដំបូងគេនៅវៀតណាម ដែលកាលណោះលោកមានប្រាក់ ១.១ពាន់លានដុល្លារ។ លោកគឺជាប្រធានក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេមួយនៅប្រទេសវៀតណាម ដោយរកស៉ីលើវិស័យអចលនទ្រព្យ៕

ប្រភព៖ Forbes  

អត្ថបទថ្មី