សូមចូលរួមត្រេកអរ! រៀបការ​ដើមខែមេសា ឥឡូវ ងិន ម៉ារ៉ាឌី ពពោះជាង ១ខែបាត់!

  • 2023-05-02 02:39:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង និងម៉ូដែល ងិន ម៉ារ៉ាឌី ដែលទើបចូលរោងការជាមួយលោក ទិត្យ វ៉ាន់ណូរ៉ា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ឥឡូវប្រកាសថានាងកំពុងពពោះកូនដំបូងបាន ១ខែហើយ។ មិត្ដភក្ដិ និងអ្នកគាំទ្រ បានអបអរសាទរចំពោះដំណឹងនេះ ហើយបានជូនពរឲ្យម្ដាយ និងកូនមានសុខភាពល្អទៀតផង។

នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃម្សិលម្ង៉ៃ ងិន ម៉ារ៉ាឌី បានសរសេរថា អបអរសាទរប៉ាប៉ា វ៉ាន់ណូរ៉ា។ នេះគឺបង្ហាញពីការមានផ្ទៃពោះមួយខែរបស់នាង ដោយមានភ្ជាប់លទ្ធផលអេកូពីគ្រូពេទ្យជំនាញទៀតផង។ ដោយមិនបានឆ្លើយតបអស់នូវការខមិនអបអរសាទរ ពីមហាជន ក្រោយខ្លួនបញ្ចេញដំណឹងដ៏រីករាយនេះ ងិន ម៉ារ៉ាឌី គ្រាន់តែថ្លែងអំណរគុណសរុបថា សូមអគុណចំពោះការស្រឡាញ់ គាំទ្រ និងការជូនពរសព្វបែបយ៉ាងចំពោះពួកគេទាំងពីរនាក់។

ក្នុងចំណោមបងប្អូនស្រី នៃបវរកញ្ញាចក្រវាឡទាំង ៥ជំនាន់ គឺ ងិន ម៉ារ៉ាឌី ហើយដែលបានចូលរោងការមុនគេ។ ក្នុងពេលតារាសម្ដែង និងជាបវរកញ្ញាចក្រវាឡ ៤ដួងផ្សេងទៀត ដែលធ្លាប់រួមដំណើរសិល្បៈជាមួយគ្នា កំពុងមមាញឹកក្នុងអាជីពរៀងៗខ្លួន ងិន ម៉ារ៉ាឌី គេឃើញបង្កើនភាពផ្អែមល្ហែមជាមួយស្វាមីកាន់តែខ្លាំង ក្រោយពីរៀបការកាលពីខែមុន។ ចំពោះដំណឹងពពោះកូនដំបូងបាន ១ខែនេះ មិនទាន់ត្រូវបានម្ចាស់ខ្លួន និងស្វាមី បញ្ជាក់ថាកូននោះស្រី ឬប្រុស ហើយនឹងដាក់ឈ្មោះអ្វីនៅឡើយទេ។

ប៉ុន្ដែមើលទៅអតីតបវរកញ្ញាដ៏មានប្រជាប្រិយភាពរូបនេះ ត្រេកអរខ្លាំងណាស់ចំពោះដំណឹងនេះ ព្រោះទាំងនៅក្នុងថ្ងៃរៀបការ និងក្នុងពេលពពោះនេះ ងិន ម៉ារ៉ាឌី បានបញ្ចេញពាក្យអរគុណលោកប្តីដែលគោរពតាមពាក្យសន្យា ហើយនាងថែមទាំងដាក់ពាក្យពីរបីឃ្លាថា៖ “ស្រឡាញ់ផ្កាត្រូវចេះថែផ្កា មិនមែនបេះផ្កានោះទេ! ស្រឡាញ់នារីម្នាក់ ក៏ត្រូវចេះគិតពីនាង មិនមែនបំផ្លាញអនាគតនាង ដើម្បីតែប្រយោជន៍ខ្លួនឯងដែរ"៕

ជិន សុភ័ក្ដ្រ