សារព័ត៌មាន Vietnam News ផ្សាយថា វៀតណាម​ស្ថិតនៅពូលដ៏ស្រួល ក្នុងវគ្គជម្រុះ​ពាន AFC U23 Asian Cup 2024

  • 2023-05-26 08:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីវៀតណាម ត្រូវបាន​ចាប់ឆ្នោត​ចំចូលក្នុង​ពូល C ក្នុងវគ្គជម្រុះ​ពានរង្វាន់​ AFC U23 Asian Cup 2024 ត្រូវបាន​សារព័ត៌មាន​ Vietnam News ផ្សាយថា វៀតណាម​គឺស្ថិតនៅក្នុងពូល​ដ៏ស្រួល​ ដោយប៉ះជាមួយ​សិង្ហបុរី យេមែន និងកោះហ្គាម។

វៀតណាម នឹងធ្វើជាម្ចាស់ផ្ទះ​រៀបចំការប្រកួត​ពូល C នេះ នៅក្រុងហាណូយ ពីថ្ងៃទី៤ ដល់ ១២ ខែកញ្ញា ឆ្នាំ​២០២៣។

សារព័ត៌មាន​នេះ​លើកឡើងថា វៀតណាម​គឺ​ជាក្រុមដែលមាន​បទពិសោធន៍​ច្រើនជាងគេបំផុត នៅក្នុងពូល C នេះ ពោលគឺ​បាន​ឡើងឆ្លងផុតវគ្គជម្រុះនេះ ៤លើកជាប់ៗគ្នា។ ក្នុងនោះ គឺ​បានឡើងទៅដល់វគ្គ ៨ក្រុមចុងក្រោយ កាលពីឆ្នាំ​២០២២។

សូមជម្រាបថា ក្នុងវគ្គជម្រុះនេះ ចែកចេញជា ១១ពូល ដោយ១ពូលមាន៤ក្រុម លើកលែងតែពូល K ដែលមាន៣ក្រុមប៉ុណ្ណោះ។  ក្រុមដែលឈរលេខ១ ក្នុងពូល និងលេខ២ ល្អបំផុត​ចំនួន ៤ក្រុម នឹង​មានឱកាស​​ឡើងទៅលេងវគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់នេះ ធ្វើឡើងនៅប្រទេសកាតា ពីថ្ងៃទី១៥ មេសា ដល់ ៣ ឧសភា ឆ្នាំ​២០២៤៕

អត្ថបទ៖ សំភី