សម្ដេច​តេជោ ហ៊ុន សែន បង្ហើប​តម្លៃ​ទឹក ដែល​ផ្ទះ​សម្ដេច​ ត្រូវ​បង់​រាល់​ៗ​ខែ

  • 2023-06-19 09:05:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងក្នុងពិធីសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ខណ្ឌជ្រោយចង្វារ​នៅ​ព្រឹកមិញនេះ សម្ដេច​តេជោ ហ៊ុន សែន បានលើក​ឡើង​ពី​តម្លៃ​នៃ​ការ​ប្រើ​ប្រាស់ទឹក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នីមួយ ក៏​ដូច​ជា​ផ្ទះ​របស់​សម្ដេច ដែល​ត្រូវ​គិត​ថ្លៃ​ទៅ​តាម​ចំនួន​នៃ​ការ​ប្រើ​ប្រាស់។

ដូច​នឹង​ប្រជាពលរដ្ឋ​ទូទៅ​ដែរ សម្ដេច​នាយក​រដ្ឋមន្ត្រី​បង្ហើប​ថា ផ្ទះ​សម្ដេច​ក៏​បង់​ថ្លៃ​ទឹក​ជូន​រដ្ឋាករ​ទឹក​ដែរ។ "ត្រូវ​តែ​បង់ មិនបង់ម៉េចនឹងបាន...ដល់ខែត្រូវ​តែ​បង់​ទាំង​ថ្លៃ​ទឹក ទាំង​ថ្លៃ​ភ្លើង យើង​ជា​គំរូរ​គេ​ក្នុង​ការ​បង់!”។

ចំពោះ​តម្លៃ​ពិត​ប្រាកដ​នៃ​ការបង់​ថ្លៃ​ទឹក សម្រាប់​ផ្ទះ​របស់​សម្ដេច គឺ​បង់​ក្នុង​តម្លៃ ២២០០រៀល​ក្នុង​១ម៉ែត្រ។ តម្លៃ​នេះ គឺ​ស្ថិត​ក្នុង​កម្រិត​ប្រើ​ប្រាស់​ចាប់​ពី ១០១ម៉ែត្រ​ឡើង​ទៅ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ទូទៅ តម្រូវ​ឲ្យ​បង់​តាម​កម្រិត​ប្រើ​ប្រាស់​ដូច​ខាង​ក្រោម៖

១.អ្នក​ប្រើ​ប្រាស់មិន​លើស ៧ម៉ែត្រគីប គិត​ម្លៃ ៤០០រៀល​ក្នុង​១ម៉ែត្រគូប

២.អ្នក​ប្រើ​ប្រាស់​ចាប់​ពី ៨ឡើង​ទៅ​ដល់ ១៥ ម៉ែត្រគូប តម្លៃ ៧២០រៀល

៣.អ្នក​ប្រើ​ប្រាស់​ចាប់​ពី ១៦ ឡើង​ទៅ ២៥ ម៉ែត្រគូប តម្លៃ ៩៦០រៀល

៤.អ្នក​ប្រើ​ប្រាស់​ចាប់​ពី២៦ ដល់ ៥០ម៉ែត្រគូប តម្លៃ ១២៥០រៀល

៥.អ្នក​ប្រើ​ប្រាស់​ចាប់​ពី ៥១ ដល់ ១០០ ម៉ែត្រគូប តម្លៃ ១៩០០រៀល

រោងចក្រ​ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបាន​សម្ពោធដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការចាប់​ពី​ថ្ងៃនេះ​តទៅ​។ រោងចក្រនេះ មានសមត្ថភាព​ផលិត​សរុប ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ វាត្រូវបានដាក់ដំណើរការ​សាកល្បងផលិតទឹក និងចែកចាយទឹកស្អាតចាប់តាំង​ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ និងឈានដល់ការបញ្ចប់ការងារសាងសង់ជាស្ថាពរ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ពោលគឺមានរយៈពេលសាងសង់ចំនួន៣៦ខែ។

​ការ​បើក​ដំណើរការរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១នេះ បានបន្ថែមលើសមត្ថភាពផលិត​ទឹក​ស្អាត ដែលមានស្រាប់ចំនួន ៦៤០.០០០ម៉ែត្រ​គូបក្នុងមួយថ្ងៃ របស់​រដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ ឈាន​ទៅ​មានសមត្ថភាព​ផលិត និងផ្គត់ផ្គង់ទឹកស្អាតសរុបបានប្រមាណ ៨៣៥,០០០ម៉ែត្រគូបក្នុងថ្ងៃ ព្រមទាំង​បន្ថែម​ការផ្គត់​ផ្គង់ជូនប្រជាពលរដ្ឋបានប្រមាណ ១៧០,០០០គ្រួសារ និងជួយដោះ​ស្រាយ​​​បញ្ហាទឹកស្អាតរបស់ប្រជាជនរស់នៅតំបន់​ជាយរាជ​ធានី​ភ្នំពេញ និងសង្កាត់​ចំនួន៣ នៅក្រុងតាខ្មៅ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី