ARMY ម្នាក់អរគុណ BTS នាំខ្លួនចេញពីភពងងឹត រហូតរកបានគូពិត និងជិតរៀបការទៀត
- 2023-06-21 02:23:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ARMY ម្នាក់អរគុណ BTS នាំខ្លួនចេញពីភពងងឹត រហូតរកបានគូពិត និងជិតរៀបការទៀត
ចន្លោះមិនឃើញ
មិនតិចដងទេ ដែលសមាជិក BTS ត្រូវអ្នកគាំទ្រសារភាពសុំរៀបការគ្រប់ទិស។ ទោះជាស្រឡាញ់ BTS យ៉ាងណា ប៉ុន្តែ ARMY ក៏ត្រូវជួបគូពិតរៀងខ្លួនដែរ ហើយឱកាសរៀបការពិតជាមានប្រាកដ ប្រសិននោះជាក្ដីស្នេហ៍ពិត។ សម្រាប់ RM មេក្រុមឆ្នើម បានលើកឡើងថា និងជឿជាក់ថាឱកាសពិតជាអាចទៅរួច។
RM បានជួបជុំជាមួយនឹងអ្នកគាំទ្រជាង ៤០០,០០០ នាក់ នៅសួន Yeoido Park ក្នុងក្រុងសេអ៊ូល ដើម្បីអបអរខួប ១០ ឆ្នាំនៃការបង្កើតក្រុម។ កម្មវិធីនេះ ជាកម្មវិធីជជែកលេងកម្សាន្តផ្ទាល់ជាមួយនឹងអ្នកគាំទ្រជាទីស្រឡាញ់ ហើយក៏ជាពេលដែល RM កាន់កាប់ឆាកនាមជា DJ។
នាពេលនោះដែរ RM បានអានសំបុត្រមួយចំនួនពីអ្នកគាំទ្រ ហើយក៏ភ្ញាក់ផ្អើលនឹងរឿងខ្លះដែរចំពោះរឿងរបស់ពួកគេទាក់ទងនឹង BTS។ សំបុត្រមួយក្នុងចំណោមសំបុត្រគឺមកពី ARMY ដែលមានឈ្មោះហៅក្រៅថា "Simba Noona" បានឲ្យដឹងថានាងទទួលបានភាពកក់ក្ដៅខ្លាំងពីក្នុងបទចម្រៀងរបស់ BTS បន្ទាប់ពីអតីតមិត្តប្រុសរបស់នាងបានចាកចោលនាងដោយគ្មានការពន្យល់បកស្រាយ។
នាងបានសរសេរថា ដំបូងឡើយ ទោះបីជានាងស្គាល់ក្រុមនេះត្រឹមតែតាមឈ្មោះក៏ដោយ ក៏នាងមិនមែនជាអ្នកគាំទ្រដែរ។ ប៉ុន្តែបន្ទាប់ពីមិត្តប្រុសរបស់នាង ផ្ញើសារសុំបែកពីនាងភ្លាមៗ នាងពិតជាចង់ទៅកន្លែងណាឆ្ងាយៗ ហើយក៏បានទិញសំបុត្រចូលទស្សនាការប្រគុំតន្ត្រី Wembley Concert របស់ BTS ក្នុងឆ្នាំ ២០១៩។
អ្នកគាំទ្ររូបនេះ ពិតជាសម្ដែងការដឹងគុណ និងគ្រប់យ៉ាងដែល BTS បានជួយនាងតាមរយៈចម្រៀង និងធ្វើឲ្យនាងប្រែជាមានភាពរឹងមាំ មានក្ដីសង្ឃឹមថ្មីក្នុងជីវិត និងគិតអ្វីក្នុងន័យវិជ្ជមាន។ អ្វីដែលធ្វើឲ្យ RM និងអ្នកគាំទ្រផ្សេងទៀត រំភើបកាន់តែខ្លាំងនោះគឺ នាងបញ្ជាក់ថា ពេលនេះនាងបានរកឃើញមនុស្សសំខាន់ម្នាក់ទៀត ហើយក៏ជិតរៀបការដែរ។
អានចប់ RM ទះដៃអបអរភ្លាម ប៊ិះនឹងធ្លាក់មេក្រូចេញពីតុទៀត ព្រោះតែចង់សម្ដែងការសាទរ។ វាជាសាច់រឿងដែលរីករាយ ហើយឲ្យ ARMY ផ្សេងទៀតស្ដាប់ហើយមានក្ដីសុខ ហើយចង់រៀបការភ្លាមៗដូចគ្នានៅពេលណាមួយបានជួបនឹងមនុស្សពិសេស។ មេក្រុម BTS បាននិយាយថា "ប្រសិនបើអ្នកផ្ញើព័ត៌មានលម្អិតពីគណនីរបស់អ្នកមកខ្ញុំ ខ្ញុំនឹងផ្ញើប្រាក់ ដើម្បីសម្ដែងអបអរសាទរដល់អ្នកហ្មង"។ មួយឃ្លានេះធ្វើឲ្យអ្នកដែលកំពុងទស្សនាផ្ទាល់ទាំងអស់ផ្ទុះការសាទរ និងហ៊ោរយ៉ាងខ្លាំង៕