ឃើញ​ជាក់ស្តែង​ស្រាប់ហើយ! បើកម៉ូតូកាត់ទឹក ស្រាប់តែរលត់ម៉ាស៊ីនហើយខូចធ្ងន់ធ្ងរ ព្រោះ​តែមិនបាន​ធ្វើតាមវិធី​ទាំងនេះ

  • 2023-06-30 07:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលចុងក្រោយនេះ បញ្ហាខូចម៉ូតូ ឬរលត់ម៉ាស៊ីនក្នុងពេល​បើកកាត់ទឹក អំឡុងមានភ្លៀងធ្លាក់​ខ្លាំង​នៅរាជធានីភ្នំពេញ​ បានកើតឡើងច្រើនករណីហើយ។ ការពិត​ទៅ ពេល​មានទឹក​ជន់លិច​ផ្លូវ​បែបនេះ គឺមិនអាចមើល​ស្រាល​ស្ថានភាព​ហើយ​បើកបរទាំងប្រថុយនោះទេ គឺ​អ្នកប្រើប្រាស់​ម៉ូតូគួរអនុវត្ត​តាមវិធីខាងក្រោមនេះ៖

បើកបរយឺតៗ ហើយមិនត្រូវឈប់ដាច់ខាត

ប្រសិនបើ​អ្នកសម្រេច​ចិត្តថា បើកលើផ្លូវលិចទឹកនោះហើយ គឺ​អ្នកត្រូវព្យាយាមរកផ្លូវទួលដែលខ្ពស់ជាងគេ ពោលគឺ​អាចបើកចំកណ្តាល​ទ្រូងផ្លូវតែម្តង ដោយបើកយឺតៗ ហើយមិនត្រូវឈប់ដាច់ខាត។

ពេលរលត់ម៉ាស៊ីន

ពេល​បើកលើផ្លូវលិចទឹក ហើយស្រាប់​តែទឹក​លិចចូល​ដល់ម៉ាស៊ីនម៉ូតូទៀតនោះ វា​នឹងអាច​ធ្វើឱ្យរលត់តែម្តង។ ដូច្នេះបើ​វារលត់ម៉ាស៊ីនទៅហើយ ដាច់ខាតមិនត្រូវបញ្ឆេះ​វិញភ្លាមៗ​ឡើយ បើមិន​ដូច្នោះទេ នឹងបង្កការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់គ្រឿងបង្គំក្នុងម៉ាស៊ីនជាមិនខាន។

ព្យាយាម​បណ្តើរម៉ូតូស្វែងរកទីទួលសមរម្យមួយ និង​កន្លែង​ជួសជុល

បន្ទាប់ពី​រលត់ម៉ាស៊ីនហើយ អ្នកត្រូវចុះបណ្តើរម៉ូតូស្វែងរកទីទួលណាមួយដែលមិនលិចទឹក ដើម្បីឈប់​នៅមួយកន្លែងសិន។ ក្នុងករណីនេះ អ្នក​ត្រូវបន្តស្វែងរកកន្លែងជួសជុលម៉ូតូដែលនៅក្បែរបំផុត។ តែបើរកមិនបានទេ ក៏ត្រូវស្វែងរកជំនួយតាមមធ្យោបាយផ្សេងៗហើយ ព្រោះយ៉ាងណាក្តី មិនអាច​បញ្ឆេះម៉ូតូឡើយ ដោយសារតែទឹកបានចូលលាយប្រេងម៉ាស៊ីនបាត់​ទៅហើយ។

ក្រៅពីប្រេងម៉ាស៊ីន ក៏ត្រូវប្រាកដពីផ្នែកផ្សេងៗរបស់ម៉ូតូដែរ

ប្រសិនបើអ្នកអាចរកបាន​កន្លែងជួសជុល ឬបង្ហូរ និង​ប្តូរប្រេងម៉ាស៊ីនបានហើយ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ​ពោលគឺត្រូវ​ឆែក​មើល​ចំណុចផ្សេងៗទៀតដែរ ដូចជា សំបុកអ៊ែរ ប៊ូស្ស៊ី ខ្សែភ្លើង ព្រោះថាបើវានៅសើមទឹក គឺវាអាចឆ្លងប្រព័ន្ធភ្លើងបាន ព្រមទាំង​ហ្វ្រាំងផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម