Lukaku នឹង​ត្រលប់​មក​ហាត់​ជាមួយ Chelsea វិញ​ឆាប់ៗ

  • 2023-07-11 11:58:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Romelu Lukaku នឹង​ត្រលប់​មក​ហាត់​ជាមួយ Chelsea វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ពោល​គឺ​នៅ​សប្ដាហ៍​ក្រោយ។

យោង​តាម​ Fabrizio Romano ខ្សែ​ប្រយុទ្ធ Lukaku នឹង​ត្រលប់​ទៅ​ហ្វឹកហាត់​ជាមួយ​តោ​ខៀវ​នៅ​ថ្ងៃ​ទី ១៧ កក្កដា​ដើម្បី​ត្រៀម​រដូវ​កាល​ថ្មី ២០២៣/២០២៤។ នេះ​បើ​ក្នុង​ករណី​មិន​មាន​ក្លឹប​ណា​មួយ​ហ៊ាន​ដេញ​ថ្លៃ ហើយ​សម្រេច​ផ្ទេរ​យក​កីឡាករ​បែលហ្សិក​រូប​នេះ។

បើ​តាម​ប្រភព​ដដែល​ ក្លឹប​អ៊ីតាលី Inter Milan នឹង​ដាក់​សំណើ​ទៅ​ Chelsea នា​ពេល​ឆាប់ៗ ដើម្បី​ចរចា​ផ្ទេរ​យក​ខ្សែ​ប្រយុទ្ធ​វ័យ ៣០ ឆ្នាំ Lukaku។ បើ​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ចុង​ក្រោយ Chelsea ចង់​បាន​ពី Inter តម្លៃផ្ទេរប្រមាណ ៤០ លាន​ផោន។

Lukaku បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ពេល​លេង​ឲ្យ​ Inter កាល​ពី​ឆ្នាំ ២០១៩-២០២១។ កីឡាករ​ស៊ុត​ចូល​ ៤៧ គ្រាប់​ក្នុង​ចំណោម ៧២ ប្រកួត។ ទម្រង់​ល្អ​នេះ​ ធ្វើ​ឲ្យ​តោ​ខៀវ Chelsea ចាប់​អារម្មណ៍ ហើយ​ផ្ទេរ Lukaku ពី Inter ក្នុង​តម្លៃ​ជាង ១០០ លាន​ផោន កាល​ពី​ទី​ផ្សារ​រដូវ​ក្ដៅ​ឆ្នាំ ២០២១។

ពេល​ទៅ​លេង​នៅ​ Chelsea កីឡាករ​បែលហ្សិក​ធ្លាក់​ទម្រង់​លេង ហើយ​ស៊ុត​បាន​តែ ៨ គ្រាប់​ក្នុង​ចំណោម​ ២៦ ប្រកួត។ កាល​ពី​ចុង​ខែ​មិថុនា ២០២២ បាន​ត្រលប់​មក​ចូល​រួម​ Inter ក្នុង​នាម​ជា​កីឡាករ​ខ្ចី​ជើង។

ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ​ហាក់​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ទម្រង់​លេង​កំពូល​របស់​ខ្លួន ដោយ​មួយ​ផ្នែក​ធំ​គឺ​ដោយ​សារ​បញ្ហា​របួស។ Lukaku លេង​បាន​តែ ៣៧ ប្រកួត​ ហើយ​ស៊ុត​ចូល​បាន ១៤ គ្រាប់ ប៉ុណ្ណោះ​ក្នុងរ​ដូវកាល​ ២០២២/២០២៣៕

ប្រភព៖ Twitter   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី