យុវជនខ្មែរ​២រូប ជាប់​អាហារូបករណ៍ Fullbright ទៅសិក្សា​នៅ​អាមេរិក ខណៈ២រូប​បញ្ចប់ការសិក្សា

  • 2023-07-17 07:33:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃនេះ​បាន​ប្រកាស​ពី​បេក្ខភាពយុវជន​កម្ពុជា ២រូប បាន​ជាប់​អារម្មណ៍​រូបករណ៍ ក្នុងកម្មវិធី Fullbright ដែល​ជា​កម្មវិធី​អាហារូបករណ៍​ផ្ដល់​ជូន​ដល់​និស្សិត​បរទេស​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក។

យុវជន​កម្ពុជា​ដែល​មាន​សមត្ថភាព ស្ថិត​ក្នុង​ជម្រើស​មាន​កញ្ញា ជ័យ សុជាតា ដែលត្រូវបានជាប់ជាបេក្ខជនមួយក្នុងកម្មវិធីអាហារូបករណ៍ Fulbright​ Foreign Student Program។ សុជាតាគឺជាអ្នកគូរប្លង់ស្ថាបត្យកម្មដែលមានការខិតខំយ៉ាងខ្លាំង និង យកចិត្តទុកដាក់ខ្ពស់ក្នុងការកែលម្អស្ថាបត្យកម្មមនុស្សធម៌ អភិវឌ្ឍសហគមន៍រស់​នៅដែលធានានិរន្តភាព ហើយជម្រុញនគរូបនីយកម្មប្រកបដោយបរិយាបន្ន។ តាមរយៈកម្មវិធី​ Fulbright នេះ សុជាតានឹងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកប្លង់ និងបរិស្ថានអេកូឡូស៊ី ក្នុងនៅ Parsons School of Design ក្នុងទីក្រុង New York ។

ទី២ គឺ​លោក មាស​ អាទិទេព ដែលត្រូវបានជាប់ជាបេក្ខជនមួយក្នុងកម្មវិធីអាហារូបករណ៍ Fulbright​ Foreign Student Program​ដូចគ្នាដែរ។ អាទិទេព គឺជាទីប្រឹក្សាពិគ្រោះយោបល់ផ្នែកច្បាប់ ដោយផ្តោតលើច្បាប់មនុស្សធម៌ ច្បាប់ព្រហ្មទណ្ឌ និងច្បាប់ស្តីពីសិទ្ធិមនុស្ស។

តាម​ស្ថានទូតអាមេរិក​នៅ​កម្ពុជា អាទិទេព បានខិតខំជួយអ្នកដែលត្រូវបានគេបំបាត់សម្លេង ហើយដែលត្រូវបានគេដកសិទ្ធិដោយអយុត្តិធម៌។ លោកទទួលបានអាហារូបករណ៍ Fulbright សម្រាប់សិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់អន្តរជាតិ និងច្បាប់ស្តីពីសិទ្ធិម​នុស្ស នៅ University of Colorado។

ទន្ទឹម​នឹង យុវជន​ខ្មែរ​ ២រូប ត្រូវ​បាន​ប្រកាស​ជាប់​អាហារូបករណ៍​ក្នុងកម្មវិធី​ខាង​លើ ក៏​មាន​យុវជន​ខ្មែរ​២​រូប​ទៀត​ដែរ បាន​បញ្ចប់​អាហារូបករណ៍​ក្នុង​កម្មវិធី​មួយ​ទៀត​របស់អាមេរិកដូចគ្នា ហៅ​ថា YSEALI Professional Fellowship។

អ្នកទាំង​ពីរ គឺ ហុក ស្រីមុំ និង តី សារិន ដែលបានបញ្ចប់ប្រកបដោយជោគជ័យ នូវកម្មវិធីអាហារូបករណ៍ YSEALI Professional Fellowship នៅក្នុងសហរដ្ឋអាមេរិក! កម្មវិធី​នេះ​ផ្តល់ដល់ពួកគេ នូវឱកាសបានធ្វើការទំនាក់ទំនងការងារ និងរៀនសូត្រពីអ្នកជំនាញអាជីព និងបានចូលរួម​ក្នុងទស្សនកិច្ចសិក្សាក្រោមគម្រោង YSEALI នៅទីក្រុង Washington នៅរដ្ឋ California និងរដ្ឋ Michigan ។

ដោយឡែកកម្មវិធីនិស្សិតបរទេស Fulbright គឺ​ជាកម្មវិធី អនុញ្ញាតឱ្យនិស្សិតបញ្ចប់ការសិក្សា អ្នកជំនាញវ័យក្មេង និងសិល្បករមកពីបរទេសមកសិក្សា និងធ្វើការស្រាវជ្រាវនៅសហរដ្ឋអាមេរិក។ កម្មវិធីនេះដំណើរការនៅក្នុងប្រទេសជាង 160 នៅទូទាំងពិភពលោក។ ជាក់ស្ដែង​និស្សិតបរទេសប្រមាណ 4,000 នាក់ទទួលបានអាហារូបករណ៍ Fulbright ជារៀងរាល់ឆ្នាំ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី